របៀបបង្កើតទំនុកចិត្តជាមួយដៃគូពាណិជ្ជកម្មជាជនជាតិចិន

ពាណិជ្ជករពីជុំវិញពិភពលោក កំពុង​តែ​សម្លឹងមើល​ទីផ្សារ​ដ៏ធំ​របស់​ចិន។ ប៉ុន្តែ​រាល់កិច្ចព្រម​ព្រៀង​ទាំងអស់ អាច​នឹង​ជួប​បញ្ហា​រាំងស្ទះ​បើ​លោកអ្នក មិន​ស្គាល់​របៀប​របប​ខុសទំនង​មួយ​ចំនួន ដូចជា​ការគ្រាន់​តែ​ស្លៀកពាក់​ពណ៌​ស ទៅចចារ​គ្នា​ជាដើម។ រឿង​សំខាន់​បំផុត​ ដែល​លោក​អ្នកត្រូវ​យល់​ នៅ​ពេល​​កំពុងតែ​ចចារ​កិច្ចការ​ ពាណិជ្ជកម្ម​អ្វី​មួយជន​ជាតិ​ចិន គឺលោក​អ្នក​ត្រូវការគេ ប៉ុន្តែគេ​មិនត្រូវ​ការលោក​អ្នក​ទេ ហើយ​សូមចង​ចាំគន្លឹះ​ទាំងនេះ៖

១/ ស្គាល់បរិបទនយោបាយ
នៅក្នុងប្រទេស​ចិន គេអាច​ឃើញក្រុម​មន្រ្តីបក្សសកម្ម នៅស្ទើរ​តែគ្រប់​ក្រុមហ៊ុន ទាំង​ធំ​ទាំងតូច ជាពិសេស​ក្រុមហ៊ុន​ធំៗ។ លើស​ពីនេះ​ទៅ​ទៀត គ្រប់​ក្រុមហ៊ុន​ ដែល​ពាក់ព័ន្ធនឹង​បរទេស​ការចូល​រួម ពីមន្រ្តី​បក្សក្នុង​កិច្ចការ​ រដ្ឋបាល​ជា​តម្រូវ​ការ​ស្របច្បាប់។ គ្រប់​ការសម្រេច​ចិត្តទាំង​អស់​ពីដៃ​គូចិន ផ្អែក​លើ​មូលដ្ឋាន​នយោ​បាយ ហើយ​យកល្អ​លោក​អ្នកមិនត្រូវ​បង្ខំគេ ឱ្យងាក​ចេញ​ពី​បន្ទាត់ នយោបាយទេ។ បើលោក​អ្នក​បង្ហាញ​ការយល់​ដឹង បរិបទ​នយោ​បាយ​ក្នុង​ប្រទេស​ចិន ដៃគូ​ចចារ​របស់​លោក​អ្នក នឹង​ចាត់​ទុក​លោកអ្នក​ថា​ ជា​មនុស្ស​មាន​ពិសោធន៍ច្រើន និងជាបុគ្គល​គួរឱ្យទុក​ចិត្តបាន។ បរិបទ​នយោបាយ​សំខាន់ៗ ដែល​ត្រូវតែ​ដឹង​មាន​ដូចជា ផែន​ការប្រាំ​ឆ្នាំ កម្មវិធីរយៈ​ពេល​យូរ​អង្វែង ដែលគ្រប់គ្រង​ដោយ​រដ្ឋ​ ដូចជា​កម្មវិធី​ក្រវ៉ាត់​និង​វិថី​ជាដើម។

២/ សម្រេចចិត្តនិង​បត់បែនឱ្យរហ័ស
គេប៉ាន់ប្រមាណថាមានក្រុមហ៊ុនថ្មីៗ ប្រហែល ​១២ ០០០ កើត​រាល់ថ្ងៃ​ក្នុង​ប្រទេស​ចិន ដែល​បង្កើត​បាន​ជា​បរិស្ថាន ប្រកួត​ប្រជែង​ឥត​ឈប់​ឈរ។ គ្រប់​ពេល​ដែល​មាន​ឱកាស គេតែង​តែ​ឃើញ ក្រុមហ៊ុន​រាប់​សិប​ សម្រុក​ទៅដណ្តើម​យក។ ក្រុមហ៊ុន​ណា​ដែល​អាច​ចាប់​យក​ឱកាសថ្មីបាន នឹងឈរជើង​ជា​អ្នកឈ្នះ ក្នុងទី​ផ្សារចិន​ដ៏ធំ ដែល​មាន​អ្នក​ប្រើប្រាស់​១,៥​ពាន់​លាន​នាក់។ ហេតុផល​នេះហើយ ​បានជា​ក្រុមហ៊ុន​ចិន រីកចម្រើន​យ៉ាង​រហ័ស។

ការប្រកួតប្រជែង​ខ្លាំង​បែបនេះ​ជៀស​មិនផុត ពីការ​លួច​ចម្លង​ស្នាដៃ​គ្នាទេ ដូច្នេះ​សូម​ត្រៀម​ចិត្តទុក ជាស្រេច​ថា​ផលិត​ផល ​របស់​លោកអ្នក​នឹង​មាន​គេ​ ផលិតនៅ​ក្រៅ​ក្រុមហ៊ុនលោក​អ្នក​ដែរ។ ក្រុមហ៊ុន​ចិន ដែលធំ​ៗ​និង​ជោគជ័យ ធ្វើ​ពាណិជ្ជកម្មផ្សេង​ៗ​ជាច្រើន ដែល​មិន​ទាក់ទ​ង​គ្នា ក្នុង​ពេល​តែមួយ។ ជនជាតិ​ចិន​បត់បែន​តាម​ស្ថានភាព ផ្លាស់ប្តូររបស់​ទីផ្សារ​រហ័ស​ណាស់ ដូច្នេះ​គេក៏រំពឹង​ចង់​បាន​ដៃគូ​ដែល​គិត​ និងធ្វើ​រហ័ស​ដែរ។

៣/ ស្គាល់បរិបទវប្បធម៌
ប្រទេសចិនតែងតែ​មាន​ទំហំធំ ជា​និច្ចខាង​ភូមិ​សាស្រ្ត។ ដើម្បីរក្សា​សណ្តាប់​ធ្នាប់ នៅទូ​ទាំង​ប្រទេស គេបាន​បង្កើត​ឱ្យមាន​ទំនៀម​ទម្លាប់ រួម​និង​សកម្មការ​គ្រប់គ្រង ដោយ​រួមទាំង​សកម្មភាព ពាណិជ្ជកម្ម​ផង​ តាំង​ពីរាប់​ពាន់​ឆ្នាំ​មក​ហើយ។ ជារឿងចាំ​បាច់ ដែល​អ្នក​ជំនួញ​ទាំងអស់ ត្រូវគោរព​និង​ អនុវត្ត​តាម​ប្រពៃណី ​យូរអង្វែង​ទាំង​អស់​នេះ ដោយ​សារដៃគូ​ពាណិជ្ជកម្ម​ចិន នឹង​វាយ​តម្លៃ​លោក​អ្នក ចំពោះ​កម្រិត​យល់​ដឹង ​រឿង​វប្បធម៌​ទាំង​អស់​នេះ។ ភាព​ស្មុគ​ស្មាញ​មួយ ​ខាងវប្បធម៌​ដែល​ដៃ​គូ ពាណិជ្ជកម្ម​ចិន​ ចូល​ចិត្ត​អនុវត្ត​គឺគេ​ប្រើប្រាស់​ជំនួប​ប្រជុំ លើក​ទីមួយ​ដែល​ច្រើន តែ​មាន​រយៈ​ពេល​យូរ ដើម្បី​យល់​ដឹង ​និង​វាយ​តម្លៃលោក​អ្នក ហើយ​ជាទូ​ទៅ​កិច្ចប្រជុំ​ផ្លូវ​ការ មិន​មាន​ការ​និយាយ​រឿង ពាណិជ្ជកម្មអ្វីទេ។

៤/ លើកសំណើយុទ្ធសាស្រ្តជាជាងកិច្ចព្រមព្រៀងជាក់លាក់
គំរូពាណិជ្ជកម្មចិន​តែងតែសម្លឹងមើល វែង​ឆ្ងាយ​ដោយ​សារ​ជនជាតិចិន មាន​ទម្លាប់​គិត​គូរ​ផ្តោត​លើ ភូមិសាស្រ្ត​ទូលំ​ទូលាយ។ ហេតុដូច្នេះ​ហើយ គេ​នឹង​មិន​ពេញ​ចិត្ត​នៅ​ពេល លោក​អ្នក​ផ្តល់​ជូន​ ត្រឹម​តែ​ជាការ​លក់​ផលិត​ផល របស់​លោក​អ្នក​នោះ​ទេ បើទោះ​ជា​ផលិត​ផល​នោះ មាន​ភាព​ទាក់​ទាញ និង​អស្ចារ្យ​យ៉ាង​ណា​ក៏ដោយ។ នៅ​ក្នុង​ប្រទេស​ចិន គេចូល​ចិត្ត​កិច្ច​សហការ​គ្នា រយៈ​ពេល​យូរ​អង្វែង។

ហេតុដូច្នេះហើយ​ដៃគូ​ពាណិជ្ជកម្ម ដែល​គួរឱ្យទុក​ចិត្ត​បាន គឺមនុស្ស​ដែល​បាន​បង្កើត​យុទ្ធ​សាស្រ្ត ដើម្បី​ឈរ​ជើង​នៅក្នុង​ទីផ្សារចិន យូរអង្វែង។ ភាពជា​ដៃគូរ​បៀប​នេះ​ ធ្វើ​ឱ្យគេទុក​ចិត្ត​ខ្លាំង​ណាស់។ សំណើច​ចារ​ដ៏ប្រសើរ​ គួរតែ​មាន​លក្ខណៈ​របៀប​នេះថា “នេះគ្រាន់​តែ​ជាផ្នែក​មួយ ឬជំហាន​ដំបូង នៃ​ចង្វាក់​ផលិត​ផល របស់​យើង​ប៉ុណ្ណោះ យើង​នឹង​បង្កើតបរិមាណ… ហើយ​នេះ​ជារៀប​ដែល​យើង មើល​ឃើញ​ពាណិជ្ជ​កម្ម​របស់​យើង នៅក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ។”

៥/ និយាយឱ្យចំសាច់រឿង
ដោយសារតែស្រឡាញ់​ផែនការ ពាណិជ្ជកម្ម​យុទ្ធ​សាស្រ្ត អ្នក​ជំនួញ​ចិន រំពឹង​ចង់​ឃើញ​ទិន្នន័យ និង​តួលេខ​ច្បាស់ៗ គឺមិន​មែន​គ្រាន់​តែ​ ពាក្យរៀប​រាប់​វែង​អន្លាយ​ទេ។ ជំនួស​ឱ្យគំនិត​នៃ​គម្រោង​ មិន​ជាក់​លាក់ លោក​អ្នកត្រូវ​បង្ហាញ​ផែន​ការ​ពាណិជ្ជកម្ម​ត្រង់ៗ​ ដែល​មាន​ការ​ប៉ាន់​ប្រម៉ាណ ច្បាស់​និង​កំណត់ រយៈ​ពេល​នៃ​ការ​ទទួល​បាន​ ផល​ចំណេញមក​វិញ។ អ្នក​ជំនួញចិន សព្វថ្ងៃ​មាន​ភាព​វៃឆ្លាត​និង​ដឹង​ច្រើន​ណាស់ ទាក់​ទង​​និងហិរញ្ញវត្ថុ ហើយ​ភាគច្រើន​ នៃអ្នក​ទាំង​នោះ​រៀន​នៅ​សាលា​ពាណិជ្ជ។ សូម​ចង​ចាំ​ចំណុច​មួយ​ទៀត ថាផែន​ការ​ពាណិជ្ជកម្ម ដែល​ល្អត្រូវ​សរសេរ ឬបក​ប្រែ​ទៅ​ជា​ភាសា​ចិន។

Leave a Reply

Your email address will not be published. Required fields are marked *