ភ័យមិនស្ទើរទេ! ទូកកូរ៉េខាងត្បូងមួយ បើកច្រឡំហួសចូលដល់ដែនទឹកកូរ៉េខាងជើង តែសំណាងអាចចេញមកវិញដោយសុវត្ថិភាពភ្លាមៗ

កូរ៉េខាងត្បូង៖ ទូកនេសាទកូរ៉េខាងត្បូងមួយ បានត្រឡប់មកវិញដោយសុវត្ថិភាព ក្រោយពីបានជ្រុលជិះចូលទៅក្នុងដែនទឹកកូរ៉េខាងជើងដោយចៃដន្យ បើតាមការលើកឡើងរបស់មន្ត្រីកូរ៉េខាងត្បូងនៅល្ងាចថ្ងៃសៅរ៍នេះ។

ទូកនេសាទដែលមានទម្ងន់ជិត ៥ តោននេះ​បានឈាងចូលទៅដល់ដែនទឹកកូរ៉េខាងជើង នៅតំបន់ព្រំដែនទឹកភាគខាងលិចរបស់កូរ៉េទាំងពីរ កាលពីម៉ោង ១រសៀល ថ្ងៃសៅរ៍ បើតាមការរាយការណ៍ពីកងឆ្មាំសមុទ្រដែលយាមកាមនៅតំបន់ដែនទឹកក្បែរព្រំដែនកូរ៉េទាំងពីរនេះ។

នៅក្នុងទូកនេសាទនោះ មានកម្មករជនជាតិចិនម្នាក់ និងវៀតណាមពីរនាក់ ដោយមិនមានម្ចាស់ទូកនេសាទនៅជាមួយនោះទេ។ ក្រុមកងឆ្មាំសមុទ្រកូរ៉េខាងត្បូងលើកឡើងថា ទូកខាងលើនេះប្រហែលជាចូលទៅក្នុងដែនទឹកកូរ៉េខាងជើងដោយការច្រឡំប៉ុណ្ណោះ ដោយសារគេអង្កេតឃើញទូកនេះបានឆ្លងចូលតែមួយសន្ទុះ ហើយក៏បានត្រឡប់មកវិញភា្លមៗផងដែរ។ ក្នុងនោះដែរ ម្ចាស់ទូកខាងលើក្នុងស្ថានការណ៍ខាងលើ ត្រូវបានគេរាយការណ៍ថា ក៏បានពិនិត្យមើលសកម្មភាពរបស់ទូកនោះតាមប្រព័ន្ធរ៉ាដាពីចម្ងាយផងដែរ និងបានផ្តល់ដំណឹងដល់កម្មករនៅលើទូកភ្លាមៗពីការច្រឡំទិស ឱ្យចេញមកវិញជាបន្ទាន់។

ការឈាងចូលទៅក្នុងដែនទឹកកូរ៉េខាងជើងនេះ ជាបញ្ហាក្តៅដែលសេនាធិការរួមនៃយោធាកូរ៉េខាងត្បូងបានតាមដាន និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ដោយសារតែបញ្ហាទំនាក់ទំនងដ៏ក្តៅគគុករវាងកូរ៉េទាំងពីរ ក៏ដូចជាប្រវត្តិនៃការចាប់ខ្លួន ឬបាញ់ពន្លិចជាច្រើនដងផងដែរពីសំណាក់កងទ័ពកូរ៉េខាងជើង មកលើទូកកូរ៉េខាងត្បូងដែលបានឈាងចូលដល់ដែនទឹកខ្លួនកន្លងមក។

 

Leave a Reply

Your email address will not be published. Required fields are marked *