កូរ៉េខាងត្បូងនឹងធ្វើសមយុទ្ធយោធាប្រចាំឆ្នាំនៅសប្តាហ៍ក្រោយ ទៅតាមផែនការ ទោះបីកូរ៉េខាងជើងបន្តគម្រាមពីអាវុធនុយក្លេអ៊ែរខ្លួនក៏ដោយ

សេអ៊ូល៖ ប្រមុខកងទ័ពកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងចាប់ផ្តើមរៀបចំសមយុទ្ធយោធាប្រចាំឆ្នាំ ចាប់ពីអាទិត្យក្រោយទៅ បើទោះជាមានការបន្តគំរាមកំហែងពីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងជាបន្តបន្ទាប់ក៏ដោយ។

សមយុទ្ធយោធាប្រចាំឆ្នាំនេះ មានឈ្មោះថា «ហូគុក» ដែលនឹងចាប់ផ្តើមពីថ្ងៃចន្ទសប្តាហ៍ក្រោយ ហើយបន្តរហូតដល់ថ្ងៃទី ៣០ ខែតុលាខាងមុខ ហើយនឹងមានការរៀបចំធ្វើទូទាំងប្រទេស និងមានការចូលរួមពីកងទ័ពរបស់កូរ៉េខាងត្បូង គ្រប់ប្រភេទ មានទាំងកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពជើងអាកាស។ ក្នុងនោះដែរ សមយុទ្ធយោធានេះនឹងមានកម្មវិធីសមយុទ្ធជាច្រើនប្រភេទចូលគ្នា ទាំងផ្លូវគោក និងសមយុទ្ធលើដែនសមុទ្រលឿងផងដែរ។

ទិដ្ឋភាពនៃការធ្វើសមយុទ្ធយោធារបស់កូរ៉េខាងត្បូងកន្លងមក

បើតាមសេចក្តីថ្លែងការណ៍របស់សេនាធិការរួមនៃកងទ័ពកូរ៉េខាងត្បូង សមយុទ្ធយោធាប្រចាំឆ្នាំមានទម្រង់ជាសមយុទ្ធបែបការពារ និងផ្តោតទៅលើការត្រៀមលក្ខណៈឱ្យរួចរាល់ក្នុងប្រតិបត្តិការនានា និងដើម្បីពង្រឹងសមត្ថភាពយោធាខ្លួនផងដែរ។ ក្នុងនោះដែរ បើទោះជាស្ថិតក្នុងបរិកាណ៍នៃវិបត្តិកូវីដ-១៩ និងការផ្ទុះឡើងវិញនៃជំងឺផ្តាសាយជ្រូកនៅតំបន់មួយចំនួនក៏ដោយ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា សមយុទ្ធឆ្នាំនេះនឹងរៀបចំឡើងក្នុងទម្រង់ដូចគ្នាទៅនឹងសមយុទ្ធនាឆ្នាមុនផងដែរ។

កន្លងមក កូរ៉េខាងជើងតែងតែប្រកាសជាមួយការបដិសេធខ្លាំងៗលើការរៀបចំសមយុទ្ធយោធារបស់កូរ៉េខាងត្បូង ដោយលើកឡើងថាសមយុទ្ធនេះជាការគម្រាមកំហែងដល់របបកូរ៉េខាងជើង។ យ៉ាងណាមិញ គេបានឃើញថា បើទោះបីជាមានការបន្តចរចាលើការរំសាយអាវុធនុយក្លេអ៊ែរកន្លងមក រវាងកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិក ក៏កូរ៉េខាងជើងហាក់នៅតែបន្តសកម្មភាព និងថ្មីៗនេះបានបង្ហាញពីប្រភេទអាវុធក្បាលគ្រាប់មីស៊ីលបាលីស្ទីករអន្តរទ្វីប និងគ្រាប់មីស៊ីលបាញ់ចេញពីកប៉ាល់ជ្រមុជទឹករបស់ខ្លួនផងដែរ ដែលអ្នកវិភាគជាច្រើនបានវាយតម្លៃថាជាការបង្ហាញសាច់ដុំថ្មីចំពោះកូរ៉េខាងត្បូង ក៏ដូចជាសហរដ្ឋអាម៉េរិកផងដែរ។

សូមបញ្ជាក់ថា សមយុទ្ធយោធាប្រចាំឆ្នាំរបស់កូរ៉េខាងត្បូង នេះ ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ១៩៩៦ និងបានរៀបចំឡើងជាប្រចាំនៅពេលចុងឆ្នាំ។

 

Leave a Reply

Your email address will not be published. Required fields are marked *