ត្រឹមឆ្នាំ ២០៣០ អ្នកជំនាញព្យាករណ៍ថាកូរ៉េខាងត្បូងនឹងមានមនុស្សចាស់ដល់ ៣០% នៃប្រជាជនសរុប ជាបន្ទុកគួរឱ្យបារម្ភសម្រាប់សេដ្ឋកិច្ចកូរ៉េ

សេអ៊ូល៖ ចំនួនប្រជាជនកូរ៉េដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅនៅក្នុងប្រទេសកូរ៉េ រំពឹងថានឹងកើនឡើងដល់ ៣០ភាគរយ នៃចំនួនប្រជាជនសរុបនៅក្នុងឆ្នាំ២០៣៥ នេះបើតាមរបាយការណ៍ប្រជាសាស្រ្តដែលបានបង្ហាញនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ។

ស្ថិតិនេះបានបង្ហាញអំពីការព្រួយបារម្ភចំពោះកំណើតប្រជាសាស្រ្តមនុស្សចាស់ ដែលនឹងអាចជាកត្តាប៉ះពាល់ទៅដល់សកម្មភាពសេដ្ឋកិច្ចជារួមរបស់កូរ៉េខាងត្បូង។ បើតាមស្ថិតិដែលចេញដោយស្ថាប័នគ្រប់គ្រងស្ថិតិរបស់កូរ៉េ ចំនួនប្រជាសាស្រ្តដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ មានចំនួន ៨.០៣លាននាក់ ដែលមានប្រមាណ ១៦.‌១ភាគរយនៃចំនួនប្រជាជនសរុបក្នុងឆ្នាំ ២០២០នេះ។

ខ្សែកោងប្រជាសាស្រ្តនៃកំណើនប្រជាជននៅកូរ៉េខាងត្បូងរំពឹងថានឹងកើនដល់ចំណុចខ្ពស់បំផុតត្រឹមឆ្នាំ ២០២៨ ហើយបន្ទាប់មកនឹងចាប់ផ្តើមធ្លាក់ចុះវិញ ហើយក្នុងនោះដែរប្រជាសាស្រ្តនៃមនុស្សចាស់ក៏នឹងកើនដល់ ១០ លាននាក់ត្រឹមឆ្នាំ ២០២៥  ហើយ១៥លាននាក់ ត្រឹមឆ្នាំ ២០៣៦ និងរំពឹងថានឹងកើនដល់ ១៧លាននាក់ ក្នុងឆ្នាំ ២០៤០។ ក្នុងនោះដែរ ត្រឹមឆ្នាំ២០៤០ ការព្យាករណ៍បង្ហាញថាចំនួនប្រជាជនសកម្មរបស់កូរ៉េនឹងធ្លាក់ចុះបន្ថែមទៀតអស់ជាង ៨.៧១ លាននាក។

កំណើនប្រជាសាស្រ្តនៃមនុស្សចាស់ រួមនឹងអត្រាថយចុះនៃកំណើតរបស់ប្រជាជនកូរ៉េផងនោះ អាចនឹងក្លាយជាបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កូរ៉េ ជាពិសេសបន្ទុកចំណាយលើការថែទាំសុខភាព និងសេវាសុខមាលភាពសង្គមផ្សេងៗទៀតសម្រាប់គាំពារដល់មនុស្សចាស់ផងដែរ។

ទំនោរនៃការវិវត្តន៍នេះគឺជាលទ្ធផលនៃផ្នត់គំនិតថ្មីរបស់ប្រជាជនកូរ៉េ ដែលព្យាយាមគេចចេញពីជីវិតអាពាហ៍ពិពាហ៍ និងកសាងគ្រួសារ ដោយសារប្រជាជនវ័យក្មេងមានការពិបាកក្នុងការស្វែងរកមុខរបរសមស្រប ជាពិសេសក្នុងស្ថានការណ៍មិនអំណោយផលនៃបរិបទសេដ្ឋកិច្ចរបស់ខ្លួន និងសាកលលោកផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *