តោះថ្ងៃនេះភ្ជុំធំហើយ! មកស្គាល់ព្រះវិហារបុរាណ និងប្រណីតរបស់ខ្មែរយើង បង្កប់មកជាមួយប្រវត្តិសាស្រ្តដ៏យូរលង់

កម្ពុជា៖ ស្អែកនេះជាថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរហើយ ដែលប្រជាជនខ្មែរទូទាំងប្រទេសបានឈប់សម្រាក និងទៅវត្តអារាមជិតឆ្ងាយរៀងៗខ្លួន ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅតាមវត្តអារាមនានា។

ក្នងុនោះដែរ វត្តអារាមទូទាំងប្រទេសក៏រំពឹងថានឹងមានពុទ្ធបរិស័ទយកម្ហូបអាហារ ចង្ហាន់ទៅប្រគេន និងធ្វើបុណ្យយ៉ាងច្រើនផងដែរ។ ប៉ុន្តែថ្ងៃនេះ យើងសូមលើកយកនូវខ្លឹមសារ និងរូបភាពពីទំព័រហ្វេសប៊ុក Kampucheers ដែលបង្ហាញអំពីព្រះវិហារខ្មែរបុរាណមួយចំនួន ដែលមានភាពប្រណីត និងភាពចំណាស់ បង្កប់មកជាមួយនូវប្រវត្តិសាស្រ្តដ៏យូរលង់មកជាមួយដែរ៖

១. វត្តនគរបាជ័យ – ខេត្តកំពង់ចាម

“ ជ័យពីរសក្តិនគរ ” គឺជាឈ្មោះដើមនៃ “ វត្តនគរបាជ័យ ” បច្ចុប្បន្នស្ថិតនៅក្នុងខេត្តកំពង់ចាម។ នាសតវត្សរ៍ទី ១២ ព្រះបាទជ័យវរ្ម័នទី ៧ បានចាត់ឱ្យកសាងប្រាសាទនេះឡើងនៅត្រង់ទីប្រាសាទចាស់នៃសម័យបុរេអង្គរ។ ក្រោយមកទៀត ដើម្បីបានជាព្រះនគរមួយដ៏ពេញលេញ ព្រះអង្គក៏បានឱ្យគេលើកបារាយណ៍នៅចំពីខាងកើត ( សព្វថ្ងៃ គេហៅថាជា “ បន្ទាយព្រៃនគរ ” – វាលប្រណាំងសេះចាស់ ) ឱ្យត្រួតនៅលើអ័ក្សនៃព្រះប្រាង្គប្រធាននៃប្រាសាទ។ លុះកន្លងទៅបានប្រមាណកន្លះសហស្សវត្សរ៍ក្រោយមក ក្នុងថ្ងៃចន្ទ ១៤ រោច ខែអាសាឍ ឆ្នាំខាល មហាសករាជ ១៤៨៨ ត្រូវនឹងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ១៥៦៦ វេលាម៉ោងខ្ទង់ ៨ ព្រឹក សម្ដេចឧកញ៉ាយស ស្រីសៅគន្ធបទ អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះស្រីសុគន្ធបទ បានកសាងជាសម្រចនូវព្រះចេតិយដែលកម្លាយកំពូលព្រះប្រាង្គចាស់ ដើម្បីតម្កល់ព្រះមហាសារីរិកធាតុ។ ព្រះវិហារកសាងអំពីឈើក៏ចេះតែពុកផុយ ក៏ត្រូវកសាងជាច្រើនលើកច្រើនសា រហូតមកទល់នឹងព្រះវិហារបុរាណដែលយើងបានឃើញសព្វថ្ងៃនេះ ដែលជាស្ថាបត្យកម្មនៃទសវត្សរ៍ឆ្នាំ ១៩៣០ ដែលនៅសេសសល់គំនូរនៅតាមពិដាន ក៏ត្រូវបានគេគូរពីលើឱ្យថ្មីនាសម័យនេះបន្ថែមទៀត។

ប្រាសាទបុរាណនេះ ត្រូវបានជាប់ឈ្មោះក្នុងបញ្ជីស្នើរសុំទៅកាន់អង្គការ UNESCO ដើម្បីដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកតាំងតែពីឆ្នាំ ១៩៩២ រួមគ្នាជាមួយ ក្រុមប្រាសាទកោះកេរ្តិ៍ ឧទ្យានជាតិភ្នំគូលេន អង្គរបូរី និងភ្នំដា ភ្នំព្រះរាជទ្រព្យ ប្រាសាទបឹងមាលា ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ និងក្រុមប្រាសាទបន្ទាយឆ្មារ

២. ព្រះវិហារវត្តមហាលាភ (អារាមហ្លួង) – ស្រុកកោះសូទិន ខេត្តកំពង់ចាម

អារាមហ្លួង ព្រះវិហារវត្តមហាលាភ ស្ថិតនៅភូមិមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ប្រាសាទនេះសាងសង់ឡើងក្នុងចុងសតវត្សរ៍ទី១៩ (ឯកសារខ្លះថាកសាងក្នុងកំឡុងឆ្នាំ ១៨៨០ ចំណែកឯកសារខ្លះថាក្នុងឆ្នាំ ១៨៩៣) ដែលចំណាយពេលកសាងរយៈមួយទសវត្សរ៍ (១០ឆ្នាំ) ក្នុងរជ្ជកាល ព្រះសុវណ្ណកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម (១៨៦០-១៩០៤)។

ព្រះវិហារវត្តមហាលាភ កសាងអំពីឈើប្រក់ក្បឿង បច្ចុប្បន្នលាបពណ៌លឿងទុំ ចាំងដូចមាស ស្ថិតនៅលើឃឿនខ្ពស់។ ផ្ទៃខាងក្នុងនៃព្រះវិហារ មានសសរ ផ្ទោង ធ្នឹម ហប់ ពិដានជាដើម ត្រូវបានលម្អរដោយគំនូរបុរាណយ៉ាងវិចិត្រ ជាពិសេសនៅពេលថ្ងៃរៀបលិច អ្វីដែលទាក់ទាញបំផុតគឺសសរដែលមានគំនូរទឹបមាស ដែលចាំងរំលេចដោយពន្លៃព្រះអាទិត្យគួរឲ្យគយគន់មិនដាក់ភ្នែក។ ក្រៅពីព្រះវិហារដ៏ប្រណិត ក៏សង្កេតឃើញថាក្នុងបរិវេណវត្តមានសំណង់អគារបែបពុទ្ធសាសនាចាស់ថ្មីពាសពេញ ហើយអ្វីដែលពិសេសគឺ សាលាឆាន់បុរាណ ក្លោងទ្វារដែលមានចម្លាក់លៀនបង្ហាញពីសំលៀកបំពាក់ស្បៃកភ្លោះ និងកុដិបុរាណ សេសសល់តាំងពីរជ្ជកាលព្រះសុវណ្ណកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម ដែលជាកុដិ សម្តេចព្រះសង្ឃរាជ និល ទៀង ជាសម្ដេចព្រះសង្ឃរាជអង្គទី១ ដែលទ្រង់កាន់តំណែងពី ព.ស.២៤០១ ដល់ ព.ស.២៤៥៧ ក្នុងរជ្ជសម័យព្រះមហាក្សត្រ ៣ព្រះអង្គគឺ ព្រះបរមកោដ្ឋ (ព្រះបាទអង្គឌួង) ព្រះសុវណ្ណកោដ្ឋ (ព្រះបាទសម្តេចព្រះនរោត្តម) និង ព្រះបរមរាជានុកោដ្ឋ (ព្រះបាទស៊ីសុវត្ថិ)។

៣. អារាម រាជបូណ៌ – ក្រុងសៀមរាប

អារាម រាជបូណ៌ ស្ថិតនៅក្នុងក្រុងតាមដងស្ទឹងសៀមរាប ពោលគឺស្ថិតក្នុងភូមិសាស្ត្រភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ វត្តរាជបូណ៌ ឬវត្តបូណ៌ ជាបូជនីយដ្ឋាននិងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប កសាងឡើងក្នុងរវាងឆ្នាំ១៦៥០ ហើយព្រះវិហារកសាងនាសម័យកាលក្រោយក្នុងរជ្ជកាលសម្តេច ព្រះបាទនរោត្តម។

អ្វីដែលជាទីគួរឲ្យចង់គយគន់ និងផ្តិតយករូបភាព សម្រាប់អ្នកទេសចរ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិគឺ តួព្រះវិហារបុរាណ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្ក សសរ រូបគំនូរ ពណ៌ គឺសុទ្ធតែប្រណិត ដែលឆ្លុះបញ្ចាំងអំពីភាពផ្ចិតផ្ចង់ នៃសិល្បករ ស្ថាបត្យករ និងសិល្បៈបុរាណខ្មែរសម្រាប់សាសនា។ តែជាអភ័ព្វ ភាពអស្ចារ្យនៃក្បូរក្បាច់រចនាដ៏ល្អវិចិត្រនៃព្រះវិហារបុរាណអាយុកាលប្រមាណជិត៤០០ឆ្នាំនេះ ទាំងសំណង់ ចម្លាក់ គំនូរទាំងនោះ ត្រូវបានខូចខាតនិងបាត់បង់សោភ័ណដើមដោយអន្លើនៅកន្លែងខ្លះដោយសារអាកាសធាតុ អាយុកាល ការធ្វើថ្មី ការប្រេះស្រាំ ធូលី និងផ្សែងធូបទៀនរុំ ការលាបពណ៌ថ្មី និងការជួសជុលផ្សេងៗពីមួយជំនាន់ទៅមួយជំនាន់ជាដើម។

ការជួសជុលព្រះវិហារវត្តបូណ៌ ត្រូវបានចាប់ផ្តើមតាំងតែពីឆ្នាំ២០១៤ មានបុគ្គលិក១៩នាក់។ បច្ចុប្បន្ននេះ ព្រះវិហារបុរាណ វត្តរាជបូណ៌ ត្រូវបានបញ្ចប់ការជួសជុល និងបើកឲ្យចូលទស្សនាបានជាធម្មតា សម្រាប់ទិដ្ឋភាពខាងក្នុង ទស្សនាចរគួរតែទៅក្នុងកំឡុងម៉ោង ៤រសៀល ទៅ៦ល្ងាច ដែលជាវេលាមួយដែលព្រះសង្ឃ បើកទ្វារព្រះវិហារ ដើម្បីចម្រើននមស្ការព្រះសម្មាសម្ពុទ្ធ។

៤. វត្តកំពង់ត្រឡាចលើ (វត្តពោធិរុក្ខារាម) – កំពង់ឆ្នាំង

វត្តកំពង់ត្រឡាចលើ (វត្តពោធិរុក្ខារាម) ជាវត្តដែលមានអាយុកាលចំណាស់ជាងគេក្នុងដែនដីខេត្តកំពង់ឆ្នាំង ប្រមាណជាង ៣០០ឆ្នាំមកហើយដែលដូនតាខ្មែរបានចាប់ផ្តើមកសាងនា គ.ស ១៦៧២ ហើយដែលព្រះវិហារដែលនៅសេសសល់ដល់បច្ចុប្បន្នត្រូវបានកសាងតាំងតែពី គ.ស ១៨៤៧ ដំណាលគ្នានិង សាលធម្មសភា នៅខាងក្រោយព្រះវិហារ។

ព្រះវិហារបុរាណនេះមានទំហំ ១២ម៉ែត្រ x ២០ម៉ែត្រ ជាមួយហ្នឹងសសរចំនួន ៦២ដើម ហើយត្រូវបានសាងសង់នៅលើខឿនថ្មបាយក្រៀម ប្រៀបបានទៅហ្នឹងទីខឿនប្រាសាទបុរាណដែលជាទីស្ថានសក្ការៈខ្ពង់ខ្ពស់នៃជំនឿជនជាតិខ្មែរ។ ព្រះវិហារមានគូទឹកព័ទ្ធជុំវិញ ហើយនៅក្រោយព្រះវិហារមានស្រះទឹកតាំងពីបុរាណកាលធំៗចំនួន២។ រីឯសាលាធម្មសភាចាស់មានទំហំ ១៤ម៉ែត្រ x ១៦ម៉ែត្រ ដោយជញ្ជាំងសាលាធម្មសភានេះធ្វើអំពីស៊ីម៉ង់មាន ឆ្អឹងជារនាបប្ញស្សី ដែលបច្ចុប្បន្នស្ថិតក្នុងស្ថានភាពទ្រុឌទ្រោមជាខ្លាំង។

អ្វីដែលជាភាពវិចិត្រនៃវត្តកំពង់ត្រឡាចលើនេះគឺ សិល្បៈគំនូរបុរាណលើជញ្ជាំង ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ដែលយោងតាម ព្រះចៅអធិការព្រះនាម តុដ្ឋធម្មោ ម៉ែន តុដ្ឋ បានមានសង្ឃដីកាថា នា គ.ស ១៨៥០ មានជាងគំនូរ២នាក់ ម្នាក់ឈ្មោះប៉ាល់ និង ម្នាក់ទៀតឈ្មោះ ជា បានគូររូបគំនូរនៅលើជញ្ជាំងព្រះវិហារ ហើយបានបន្សល់នូវស្នាដៃផាត់ពណ៌ដ៏ល្អវិចិត្រនេះរហូតមកដល់សព្វថ្ងៃ។

៥. វត្តស៊ីធរ – វាំងចាស់ ទួលបាសាន

វត្តស៊ីធរ ស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល (កាលដើមឡើយវត្តនេះស្ថិតនៅក្នុងខេត្តកំពង់ចាម) “ព្រះរាជពង្សាវតារខ្មែរ” ផ្អែកតាមសៀវភៅ “ឯកសារមហាបុរសខ្មែរ” បានឲ្យដឹងថា នៅ គ. ស. ១៣៨៧ ៖ ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះបរមយ៉ាត រាជាធិរាជ (ព្រះបាទពញាយ៉ាត) ព្រះអង្គបានសម្រេចព្រះទ័យចាកចោល ព្រះមហានគរស្រីយសោធរ ទៅតាំងទីឯកោះបាសាន ហើយឲ្យខ្ញុំព្រះរាជការតាំងកសាងព្រះរាជនិវេសន៍ (ព្រះរាជដំណាក់) ព្រះរាជរោង ព្រះរាជមន្ទីរ រោងព្រះរាជរថ។ល។

ព្រះបរមរាជវាំងថ្មីនេះបែរមុខទៅខាងកើត យកទន្លេធំជាមុខព្រះបរមរាជវាំង ទុកជាកំពង់មួយ ហើយទ្រង់បានតាំងព្រះនាមហៅថា “ព្រះបរមរាជវាំងថ្ម” ឯព្រះនាមរបស់ព្រះនគរ (សព្ទបុរាណ លោកសំដៅចម្បងដល់ព្រះរាជធានី) ទ្រង់បានរក្សាដដែលថា “ព្រះនគរស្រីយសោធរ” ដែលក្លាយក្រោយមកក៏ក្លាយសល់ត្រឹមតែ “ស៊ីធរ” រហូតមកទល់នឹងសព្វថ្ងៃ។ ដោយហេតុថា គ្រាដែលទ្រង់គង់នៅឯព្រះរាជវាំងនេះ ទឹកជំនន់លិចជ្រៅក្រៃលែង នឹងសាងជាព្រះនគរពុំបាន ក៏ព្រះបរមបពិត្រ ព្រះអង្គនាំរាជសេវកាមាត្យមកសាងព្រះបរមវាំងមួយទៀត នៅឯកោះឫស្សីកែវម្ដង (រាជធានីចតុមុខ – ភ្នំពេញសព្វថ្ងៃ) រួចទ្រង់ក៏តាំងព្រះនគរនៅទីនេះរហូតទៅ។

៦. វត្តព្រះធាតុបាស្រី – អូររាំងឪ ខេត្តត្បូងឃ្មុំ

ស្ថិតនៅ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មិនឆ្ងាយប៉ុន្មានពីកោះសូទិន (ខេត្តកំពង់ចាម) ប្របជាមួយបារាយណ៍ទឹកមួយ នោះគឺ “វត្តព្រះធាតុបាស្រី”។ វត្តនេះសាងសង់ឡើងដោយយកលំនាំតាមប្រាសាទបុរាណខ្មែរ ដែលមានវិហារនៅពីមុខ ជាប់ជាមួយនឹងព្រះមណ្ឌបនៅពីក្រោយ ដែលទីកន្លែងទាំងពីរនេះសុទ្ធតែមានតម្កល់ព្រះពុទ្ធរូប។ វិហារត្រូវបានកសាងជាទម្រង់ព្រះវិហារបុរាណខ្មែរក្នុងកំឡុង ឆ្នាំ១៩៣០ ចំណែកឯព្រះមណ្ឌបត្រូវបានកសាងតាមលំនាំព្រះប្រាង្គរបស់ប្រាសាទបុរាណខ្មែរនា ឆ្នាំ១៩៥៣ បើយោងតាមសិលាចារឹកនៅខាងក្នុងព្រះមណ្ឌបនោះ។

អ្វីដែលគួរឲ្យកត់សម្គាល់គឺមាន ចម្លាក់ព្រះភ័ក្រ្តទេវរូប នៅលើលម្អកំពូល ដែលបង្ហាញពីវិចិត្រភាព និងក្បាច់ក្បូររចនានៃសំណង់ដ៏ពិសិដ្ឋនេះ។ ក្រៅពីសម្លាក់ព្រះភ័ក្រ្ត គេក៏បានដឹងផងដែរថាអារាមនេះជាព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រ ដោយហេតុថាមានចម្លាក់ត្រាព្រះចៅផែនដី ឬព្រះចៅក្រុងកម្ពុជា នៅលើហោជាងនៃព្រះវិហារ និងក្លោងទ្វារចូល ដែលមានលម្អរផងដែរនូវចម្លាក់សត្វពស់មួយគូ ដែលអ្នកស្រុកតំណាលតៗគ្នាអំពីជំនឿដែលគេជឿថាមានវត្ថុបុរាណ ដែលត្រូវបានគេយកទៅកប់នៅខាងក្រោមព្រះមណ្ឌប ដោយមានបារមីចាំមើលថែរក្សា។

គួរឲ្យចាប់អារម្មណ៍ផងដែរ ដែលព្រះមណ្ឌបដ៏ប្រណីតមួយនេះ ត្រូវបានគេសង់នៅលើទីតាំងប្រាសាទបុរាណមួយ ដែលត្រូវបានបាត់បង់ទៅហើយ ដែលសេសសល់នូវស្លាកស្នាមមួយចំនួនដែលគេរក្សារទុកក្នុងវត្ថុ។ ចំណែកនៅខាងក្រៅបរិវេណវត្ត ក៏មានគ្រឹះប្រាសាទបុរាណចំនួនពីរផ្សេងទៀត ដែលស្ថិតនៅចំពីមុខវត្តតែម្តង ដែលខាងស្តាំជា ប្រាសាទវិហារគុក និងខាងឆ្វេងជា ប្រាសាទវិហារព្រះនិពាន្វ។ គួរឲ្យស្តាយដែលប្រាសាទទាំងនោះបានខូតខាតស្ទើរបាត់បង់រូបរាងទាំងស្រុងទៅហើយ។

ខ្លឹមសារទាំងស្រុងពី៖ Kampucheers

Leave a Reply

Your email address will not be published. Required fields are marked *