តោះមកស្គាល់ពីប្រាសាទបន្ទាយស្រី ដែលល្បីល្បាញខ្ទរខ្ទារពីចម្លាក់ដ៏ល្អស្អាតវិចិត្រ!

ប្រាសាទបន្ទាយស្រី ប្រាសាទតូចដ៏ល្បីល្បាញខាងចម្លាក់

ប្រាសាទបន្ទាយស្រីមានទីតាំងស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ៣២គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត។ ប្រាសាទនេះសាងឡើងអំពីថ្មភក់ពណ៌ ផ្កាឈូកដ៏តូចច្រឡឹងប្រកបដោយក្បាច់រចនាសម្បូរបែប មានភាពរស់រវើក និងល្អឯក។

តាមផ្ទាំងសិលាចារឹកមូលស្ថាបនានៃប្រាសាទនេះសាងនៅឆ្នាំ ៩៦៧ គ.ស. នៅចុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២ និងដើមរាជ្យព្រះបាទជ័យវរ្ម័នទី៥ ដោយព្រាហ្មណ៍ម្នាក់ឈ្មោះ «យជ្ញវរាហ» ជាព្រះរាជគ្រូព្រះបាទជ័យវរ្ម័នទី៥ នៅក្នុងក្រុងបុរាណឈ្មោះ ឥស្វរបុរ (ក្រុងឥសូរ)។

ថ្វីដ្បិតឈ្មោះរបស់ព្រាហ្មណ៍នេះ មានន័យទាក់ទងនឹងអវតារមួយរបស់ព្រះនារាយណ៍ លោកឧទ្ទិសប្រាសាទថ្វាយព្រះឥសូរ ក្នុងទម្រង់ជាលិង្គព្រះនាមថា «ស្រីត្រិភុវនមហេស្វរ» (ពោលគឺ «ស្រីត្រីភូវនមហេសូរ» មានន័យថា «ម្ចាស់នៃលោកទាំងបី»)។

ប្រាសាទនេះមានក្បាច់លម្អដូចទេពនិម្មិតដែលឆ្លាក់ទាក់ទងនឹងព្រះឥសូរ ព្រះនារាយណ៍ រឿងរាមកេរ្តិ៍ រឿងមហាភារត។ល។ ចំពោះប្រាង្គកណ្តាលទាំងបីនៃប្រាសាទ បានសង់បែរមុខទៅកើត ដែលប្រាង្គ កណ្តាលមានតម្កល់លិង្គព្រះឥសូរ ខាងត្បូងថ្វាយដល់ព្រះឥសូរក្នុងទម្រង់មួយផ្សេងទៀត ឯខាងជើងឧទ្ទិសដល់ព្រះនារាយណ៍។

អ្វីគួរឲ្យកោតសរសើរអំពីប្រាសាទបន្ទាយស្រីនិងព្រះរាជគ្រូគឺថា សម័យកាលនោះគ្មានការប្រកាន់ជំនឿ សាសនាណាតែមួយរឹងត្អឹងទេ ពោលគឺគោរពបូជាសាសនាផ្សេងៗគ្នាដោយសុខដុម ហើយបែបផែនឬវប្បធម៌នៃការប្រតិបត្តិនេះ គឺមានមកដល់សព្វថ្ងៃ។

ក្រៅពីប្រាង្គប្រាសាទនិងចម្លាក់ដ៏ល្អឯក នៅក្នុងបរិវេណប្រាសាទនេះក៏មានកន្លែងតាំងពិព័រណ៍ បង្ហាញអំពីការស្រាវជ្រាវឃើញប្រាសាទ ការធ្វើកំណាយ កន្លែងមើលសត្វ ជិះទូកកម្សាន្ត ស្ទូចត្រី ទស្សនាធម្មជាតិដែរ។

Leave a Reply

Your email address will not be published. Required fields are marked *