ក្រោយធ្វើកូដកម្មជាងពីរសប្តាហ៍ ក្រុមគ្រូពេទ្យតវ៉ា និងរដ្ឋាភិបាលឈានដល់ការសម្រេចបានកិច្ចព្រមព្រៀងលើ ៥ ចំណុចសំខាន់ៗ

សេអ៊ូល៖ ក្រុមគ្រូពេទ្យដែលបានធ្វើកូដកម្មអស់រយៈពេលជិតពីរសប្តាហ៍កន្លងមក បានឈានដល់ការសម្រេចបានចំណុចរួមជាមួយរដ្ឋាភិបាលកូរ៉េហើយ នៅព្រឹកថ្ងៃសុក្រទី ៤ កញ្ញា នេះ។

ចំណុចព្រមព្រៀងរួមនេះ ត្រូវបានយល់ព្រមក្នុងការចរចារវាងតំណាងក្រុមគ្រូពេទ្យនៃសមាគមនិស្សិតកម្មសិក្សារបស់កូរ៉េ (Korean Intern and Resident Association – KIRA) និងតំណាងរដ្ឋាភិបាល និងគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូង។

កិច្ចប្រជុំរវាងតំណាងរដ្ឋាភិបាល និងតំណាងក្រុមគ្រូពេទ្យដែលធ្វើកូដកម្មការងារ

ក្រោមស្មារតីនៃចំណុចព្រមព្រៀងដែលសម្រេចបាន គឺតម្រូវឱ្យក្រុមគ្រូពេទ្យ សិក្សកម្មសិក្សាពេទ្យទាំងអស់នៅទូទាំងប្រទេសដែលបានធ្វើកូដកម្មកន្លងមក បញ្ឈប់សកម្មភាពតវ៉ា និងចូលបំពេញការងារវិញនៅម៉ោង ៩:៣០នាទីព្រឹកថ្ងៃសុក្រនេះ។ ក្នុងកិច្ចព្រមព្រៀងនោះ មាន ៥ ចំណុចធំៗដែលត្រូវបានយល់ព្រម រួមមានការផ្អាកនូវផែនការបង្កើនចំនួនកូតាសម្រាប់និស្សិតពេទ្យនៅឆ្នាំខាងមុខ ដើម្បីលើកយកទៅពិភាក្សានៅពេលក្រោយចប់បញ្ហាកូវីដ និងបញ្ហាដទៃទៀតដូចជាបញ្ហាទាក់ទងនឹងធានារ៉ាប់រងសុខភាព​ និងការបង្កើតសាលាពេទ្យថ្មីផងដែរ។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី ២១ សីហាមក ក្រុមគ្រូពេទ្យ និងកម្មសិក្សាការីនៃសាលាពេទ្យ និងតាមមន្ទីរពេទ្យរដ្ឋជាច្រើនពាន់នាក់ បានចេញធ្វើកូដកម្មតវ៉ា ទៅនឹងការប្រកាសរបស់រដ្ឋាភិបាលក្នុងការបង្កើនកូតាសម្រាប់និស្សិតពេទ្យ សម្រាប់រយៈពេល ១០ឆ្នាំខាងមុខ រួមនឹងការបើកសាលាពេទ្យថ្មីផងដែរ ដោយក្រុមតវា៉ទាមទារឱ្យមានការពិគ្រោះយោបល់ និងពិភាក្សាគ្នាជាមុនសិនលើបញ្ហាដ៏ក្តៅគគុកនេះ។

ក្រុមគ្រូពេទ្យធ្វើកូដកម្មតវ៉ានៅក្នុងមន្ទីរពេទ្យមួយនៅកូរ៉េខាងត្បូង

សូមអាន៖ ខណៈជម្ងឺកូវីដនៅបន្តកើនឡើង ក្រុមគ្រូពេទ្យកូរ៉េ រាប់ពាន់នាក់ បែរជាចេញមកធ្វើកូដកម្មប្រឆាំងនឹងកំណែទម្រង់ថ្មីវិស័យសុខាភិបាលកូរ៉េ

Leave a Reply

Your email address will not be published. Required fields are marked *