ចង់មានតូបកាហ្វេតូចមួយ ត្រូវការដើមទុនប្រហែលប៉ុន្មាន? ហើយត្រូវមានមុខចំណាយលើអ្វីខ្លះ?

មុខរបរលក់កាហ្វេ​គឺជាប្រភេទមុខរបរថ្មីមួយ មិនថាយុវវ័យ ឬអ្នកមានគ្រួសារហើយទេ កំពុងជ្រើសយកជាអាជីព្វលក់ដូរ ដោយសារតែវាមិនសូវមានហានិភ័យច្រើន ហើយចំណូលក៏អាចរកបានសមរម្យផងដែរ។ នៅក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា របរលក់ការហ្វេនេះ កំពុងមានភាពរីកដុះដាលដូចផ្សិត ក៏ប៉ុន្តែឱកាសទីផ្សារ គឺនៅតែមានច្រើន ដែលអ្នកអាចគិតគូរពិរចាណាលើបាន ហើយចំណែកឯដើមទុនវិញគឺមិនសូវទាមទារច្រើនប៉ុន្មាននោះទេ។ ខាងក្រោមនេះគឺជាចំណាយធំៗទៅលើការបើកទូកាហ្វេមួយដែលអ្នកត្រូវដឹង៖

ថ្លៃលើទូរកាហ្វេ

បច្ចុប្បន្នទូរកាហ្វេនេះមានច្រើនទំហំ ច្រើនជម្រើស និង ច្រើនតម្លៃ អាស្រ័យទៅលើលទ្ធភាព ឬ ការរៀបចំរបស់អ្នក។ ប្រសិនបើអ្នកជួលដីមុខផ្ទះគេ អ្នកប្រាកដជាត្រូវការសណ្ឋានរបៀបតូបដែកបិទជិត សម្រាប់អ្នកទុកដាក់ឥវ៉ាន់ជាក់ជាមិនខាន ដែលនេះអាចមានតម្លៃចន្លោះពី 800$ ទៅ 3000$ អាស្រ័យទៅលើទំហំ ឬ ម៉ូត។ ចំណាយនេះអាចអស់កាន់តែទាបជាងនេះ ប្រសិនបើអ្នកត្រូវការត្រឹមតូបតូច ខ្លីមួយសម្រាប់ដាក់សម្ភារៈ និងតាំងប៉ុណ្ណោះ។ ដើម្បីបានតម្លៃធូរថ្លៃ អ្នកអាចរកមើលបាននៅតាមទំព័រក្នុង Facebook ដោយវាយពាក្យ “តូបកាហ្វេ” នោះអ្នកនឹងឃើញមានហាងលក់ជាច្រើន ជាមួយម៉ូដ និង តម្លៃផ្សេងៗគ្នា។

ម៉ាស៊ីនឆុងកាហ្វេ

ម៉ាស៊ីនឆុងកាហ្វេបច្ចុប្បន្នមានច្រើនជម្រើស ដែលមានចាប់ពីតម្លៃធូរថ្លៃត្រឹមខ្ទង់រយ រហូតដល់ខ្ទង់ម៉ឺនដុល្លារសហរដ្ឋអាមេរិច។ យ៉ាងណាមិញដើម្បីអាចឆុងកាហ្វេដែលមានគុណភាពល្អ អ្នកប្រហែលជាត្រូវចំណាយលើម៉ាស៊ីនដែលមានតម្លៃក្បែរ ៣០០០ ដុល្លារសហរដ្ឋអាមេរិចឯណោះ។ ក៏ប៉ុន្តែអ្នកអាចថែម ឬ ថយថវិការទៅទាមគម្រោងចំណាយរបស់អ្នកបាន ក៏ប៉ុន្តែអ្នកក៏ត្រូវចាំដែរថា ម៉ាស៊ីនកាហ្វេគឺជារបស់ដ៏ចំបាច់បំផុតមួយ ដែលទាមទារអោយអ្នកធ្វើការវិនិយោគអោយច្រើនបន្តិច។

គ្រឿងបរិក្ខារ

គ្រឿងបរិក្ខារផ្សេងៗទៀតនឹងមានដូចជា តុ កៅអី និងគ្រឿងលម្អរតុបតែងទូទៅជាដើម។ ចំណាយនេះវាអាចសម្រួលបានខ្លះ​ ព្រោះអ្នកលក់តូបកាហ្វេខ្លះនឹងមែនថែមជូន កៅអី និង តុស្រាប់ ក៏ប៉ុន្តែអ្នកប្រហែលជាត្រូវចំណាយបន្ថែមទៀត ហើយចន្លោះចំណាយវិញអាចប្រហែលខ្ទង់ 200 ទៅ 1000 ដុល្លារ។

គ្រាប់កាហ្វេ និង គ្រឿងគ្រៅផ្សេងៗ

ជាទូទៅកន្លែងដែលអ្នកទិញម៉ាស៊ីនកាហ្វេ គេប្រាកដជាថែមជូននូវគ្រឿងគ្រៅជាច្រើនមកស្រាប់ ដែលអាចបន្ថយបន្ទុកបានខ្លះ។ យ៉ាងណាមិញ ទាក់ទងទៅនឹងគ្រាប់កាហ្វេ អ្នកគប្បីត្រូវជ្រើសរើសអោយយកចិត្តទុកដាក់បន្តិច។ អ្នកអាចដើរសាកភ្លក់រសជាតិកាហ្វេនៅហាងមួយចំនួន និង សួរនាំអំពីប្រភេទគ្រាប់កាហ្វេដែលគេប្រើប្រាស់បាន និង សិក្សាមើលថាតើមួយណាមានមនុស្សចូលចិត្តច្រើន។ វាក៏ចាំបាច់ផងដែរថា តើអ្នកមានគោលដៅលក់កាហ្វេអ្នកអោយនរណា? អោយសិស្ស-និស្សិត អ្នកធ្វើការ ឬ ចាស់ៗដែលចូលចិត្តកាហ្វេខ្មៅ ហើយក្រាស់? នៅពេលដែលយើងដឹងអំពីគោលដៅអតិថិជនយើងបានច្បាស់ នោះយើងអាចសម្រេចថាគួរប្រើប្រាស់គ្រឿងគ្រៅអ្វីខ្លះបាន។ ចំណាយនេះជាទូទៅគឺមិនច្រើននោះទេ ប្រហែលត្រឹម 200$ ទៅ 500$ ប៉ុណ្ណោះ និងអាចប្រើឆុងកាហ្វេបានរាប់រយកែវ។

ថ្លៃជួល និង បុគ្គលិក

នេះក៏ជាចំណាយមួយដែលច្រើន ហើយអ្នកត្រូវគិតគូរជាមុនផងដែរ។ តូបកាហ្វេអ្នកគប្បីស្ថិតនៅទីតាំងល្អ ដែលមានចរាចរណ៍ច្រើន ស្ថិតនៅលើផ្លូវកែង ឬ នៅជិតសាលារៀន ឬ បណ្តុំការិយាល័យធ្វើការ។ ចំណាយថ្លៃជួល អាចចន្លោះពី 150$ ឬ ច្រើនជាងនេះអាស្រ័យទៅលើតំបន់។ ចៀសវាងកុំយកកន្លែងដែលមានថ្លៃជួលថោកពេក ព្រោះប្រហែលអាចគ្មានមនុស្សច្រើន ហើយចៀសវាងកុំទៅបើកតំបន់ដែលមានតូបកាហ្វេច្រើនស្រាប់។ ចំពោះបុគ្គលិកវិញ អ្នកអាចលក់ខ្លួនឯង ឬ អាចស្វែងរកបុគ្គលិកអោយមកជួយសម្រួលបន្ទុកបាន ដែលចំណាយនេះប្រហែលជាអស់ខ្ទង់ 200$ ក្នុងមួយខែទៀត។

————————–—————-

សរុបសេចក្តីមក ដើម្បីបើកតូបកាហ្វេតូចមួយបាន អ្នកត្រូវការដើមទុនចាប់ពីប្រហែល 4000$ សហរដ្ឋអាមេរិចឡើងទៅ ហើយប្រាក់ចំណេញប្រចាំខែវិញ អាចសល់បានចន្លោះពី​ 500$ ទៅដល់ ខ្ទង់ពាន់ដុល្លារដែរ ប្រសិនបើអ្នកមួយថ្ងៃលក់បានត្រឹម 50 កែវ។

និយាយអញ្ចឹងប្រសិនបើអ្នកខ្វះដើមទុនក្នុងការចាប់ផ្តើមនោះ សូមកុំបារម្ភអី ពោលអ្នកអាចចាប់ផ្តើមសន្សំប្រាក់កាសខ្លួនឯងខ្លះ និងស្នើយកកម្ចីបើកអាជីវកម្មពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬ ធនាគារបាន អោយតែអ្នករៀបចំគម្រោងចំណាយ និង ចំណូលបានច្បាស់លាស់។

#រយរៀល

ខ្លឹមសារទាំងស្រុងពី៖ រយរៀល – Roy Riel

Leave a Reply

Your email address will not be published. Required fields are marked *