ខណៈជម្ងឺកូវីដនៅបន្តកើនឡើង ក្រុមគ្រូពេទ្យកូរ៉េ រាប់ពាន់នាក់ បែរជាចេញមកធ្វើកូដកម្មប្រឆាំងនឹងកំណែទម្រង់ថ្មីវិស័យសុខាភិបាលកូរ៉េ

សេអ៊ូល៖ ព្រឹកថ្ងៃពុធនេះ គ្រូពេទ្យរាប់ពាន់នាក់នៅទូទាំងប្រទេសកូរ៉េ បានចាប់ផ្តើមធ្វើកូដកម្មទំហំធំរយៈពេល ៣ ថ្ងៃ តវ៉ានឹងកំណែទម្រង់វិស័យសុខាភិបាលដែលរដ្ឋាភិបាលកូរ៉េបានដាក់ចេញ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩ នេះ។

ការចេញមុខមកធ្វើកូដកម្មទ្រង់ទ្រាយធំនេះ មានការដឹកនាំដោយសមាគមវេជ្ជសាស្រ្តកូរ៉េ (Korean Medical Association) និងមានការចូលរួមពីគ្រូពេទ្យ វេជ្ជបណ្ឌិត កម្មសិក្សា គ្រប់ជំនាញ និងកម្រិតទាំងអស់ ដែលសមាគមនេះមានសមាជិកដល់ជាង ១៣ម៉ឺននាក់ទូទាំងប្រទេស។ ការតវ៉ាបានចាប់ផ្តើមអស់រយៈពេលប៉ុន្មានសប្តាហ៍មកហើយ តែការធ្វើកូដកម្មនេះ ជាកូដកម្មទ្រង់ទ្រាយធំលើកដំបូង ដែលប៉ះពាល់ដល់វិស័យសុខាភិបាលផងដែរ។

ក្រុមគ្រូពេទ្យបិទបដាតវ៉ា នៅមុខមន្ទីរពេទ្យរដ្ឋមួយនៅក្នុងទីក្រុងសេអ៊ូល

ក្រុមគ្រូពេទ្យដែលចេញមកតវ៉ា បានសម្តែងការប្រឆាំងទៅនឹងវិធានការថ្មីរបស់រដ្ឋាភិបាល ដែលមានបំណងចង់បង្កើនចំនួនសិស្សពេទ្យសម្រាប់ចូលរៀនក្នុងសាលាវេជ្ជសាស្រ្ត រហូតដល់ ៤០០០ កន្លែង សម្រាប់រយៈពេល១០ឆ្នាំខាងមុខ ដែលនឹងចាប់ផ្តើមពីឆ្នាំ ២០២២ ទៅ រួមនឹងការបង្កើតសាលាវេជ្ជសាស្រ្តរដ្ឋថ្មីមួយ ដើម្បីឱ្យមានភាពសមស្របទៅនឹងតម្រូវការក្នុងវិស័យសុខាភិបាល។ បើតាមផែនការថ្មីនេះ ចំនួនសិស្សពេទ្យដែលនឹងចូលរៀន នឹងកើនដល់ ៣៤៥៨ នាក់ក្នុងមួយឆ្នាំ គឺកើនចំនួន ៤០០នាក់ ក្នុងចន្លោះពីឆ្នាំ ២០២២ ដល់ ២០៣១ ខាងមុខ។

វិធានការកំណែទម្រង់ថ្មីនេះត្រូវបានរិះគន់ថា ធ្វើឡើងដោយមានលក្ខណៈលឿនពេក និងមិនមានការពិភាក្សា ពិគ្រោះយោបល់ឱ្យបានម៉ត់ចត់។

ស្របពេលដែលកូរ៉េខាងត្បូងកំពុងរងផលប៉ះពាល់ពីការកើនឡើងនៃករណីកូវីដ-១៩ ការចេញមកធ្វើកូដកម្មនេះ អាចនឹងដាក់សម្ពាធកាន់តែខ្លាំងលើរដ្ឋាភិបាលកូរ៉េ ក្នុងការទប់ស្កាត់កូវីដ-១៩។ គេឃើញថាមន្ទីរពេទ្យធំៗមួយចំនួន បានបន្ថយម៉ោងធ្វើការ និងបានផ្អាកប្រតិបត្តិការវេជ្ជសាស្រ្តមួយចំនួនផងដែរ ដោយសារឥទ្ធិពលនៃការធ្វើកូដកម្មនេះ។

យ៉ាងណាមិញ រដ្ឋាភិបាលបានស្នើឱ្យក្រុមគ្រូពេទ្យបន្តពិភាក្សាគ្នា និងត្រឡប់ចូលមន្ទីរពេទ្យដើម្បីបំពេញភារកិច្ចខ្លួនវិញ ស្របពេលដែលតម្រូវការផ្នែកវេជ្ជសាស្រ្តកំពុងកើនឡើងគំហុកលើសពេលណាៗទាំងអស់។

សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារមិ្សលមិញ ភាគីរដ្ឋាភិបាល និងគ្រូពេទ្យបានជួបពិគ្រោះយោបល់គ្នា តែមិនទាន់ទទួលបានជាលទ្ធផលផ្លែផ្កានោះទេ ដែលជាហេតុនាំឱ្យមានកូដកម្មទ្រង់ទ្រាយធំនេះកើតឡើង។

គ្រូពេទ្យធ្វើការតវ៉ានៅមន្ទីពេទ្យក្រុងសេអ៊ូល
ផ្លាកនៅក្នុងមន្ទីរពេទ្យឯកជនមួយកន្លែង បញ្ជាក់ថានឹងបិទទ្វាររយៈពេល ៣ថ្ងៃ ពីថ្ងៃទី ២៦ សីហានេះ

 

 

One thought on “ខណៈជម្ងឺកូវីដនៅបន្តកើនឡើង ក្រុមគ្រូពេទ្យកូរ៉េ រាប់ពាន់នាក់ បែរជាចេញមកធ្វើកូដកម្មប្រឆាំងនឹងកំណែទម្រង់ថ្មីវិស័យសុខាភិបាលកូរ៉េ

Leave a Reply

Your email address will not be published. Required fields are marked *