ចែករំលែកផង!! អ្នកនៅសេអ៊ូលនឹងត្រូវពាក់ម៉ាស់ជាប់ជានិច្ច ពេលនៅទីសាធារណៈ ចាប់អនុវត្តពីថ្ងៃចន្ទស្អែកនេះទៅហើយ

សេអ៊ូល៖ ចាប់ពីថ្ងៃចន្ទស្អែកទៅ អ្នកនៅសេអ៊ូលនឹងត្រូវតម្រូវឱ្យពាក់ម៉ាស់ជាប្រចាំ នៅតាមទីសាធារណៈ បើតាមការលើកឡើងរបស់អភិបាលក្រុងស្តីទីនាព្រឹកថ្ងៃអាទិត្យនេះ។

ការដាក់ចេញវិធានការថ្មីនេះ ត្រូវបានធ្វើឡើងក្រោយទីក្រុងសេអ៊ូល ក៏ដូចជាទីប្រជុំជនមួយចំនួនទៀតមានការរកឃើញការឆ្លងថ្មីនៃជម្ងឺកូវីដ-១៩ កាន់តែច្រើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ដែលជាសញ្ញាគួរឱ្យព្រួយបារម្ភបំផុត ដែលមានដល់ទៅជាង ២៦០០ ករណីក្នុងរយៈពេល ១០ថ្ងៃចុងក្រោយ។

ក្រោមវិធានការថ្មីនេះ អ្នកដែលនៅទីក្រុងសេអ៊ូលទាំងអស់ ត្រូវពាក់ម៉ាស់ជានិច្ចនៅតាមទីសាធារណៈ លើកលែងតែពេលញ៉ាំ និងផឹកប៉ុណ្ណោះ។ វិធានការនេះ ជាការពង្រីកវិសាលភាពពីវិធានការចាស់ ដែលតម្រូវឱ្យអ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ដូចជារថភ្លើង តាក់ស៊ី និងឡានក្រុង ត្រូវពាក់ម៉ាស់គ្រប់ៗគ្នា ដែលដាក់អនុវត្តតាំងពីថ្ងៃទី ១៣ ឧសភាកន្លងមក។

ក្រៅពីវិធានការពាក់ម៉ាស់ជាតម្រូវការចាំបាច់នេះ អភិបាលក្រុងសេអ៊ូលស្តីទី លោក Seo Jeong-hyup ក៏បានដាក់ចេញវិធានការតឹងរ៉ឹងមួយផ្សេងទៀតចំពោះទីតាំងអាជីវកម្មផ្សេងៗ​ដែលល្មើសនឹងវិធានការសម្រាប់ប្រឆាំងការរាតត្បាតកូវីដ-១៩ផងដែរ។ ដាក់ឱ្យអនុវត្តចាប់ពីថ្ងៃចន្ទស្អែកដូចគ្នា ចំពោះភោជនីយដ្ឋានដែលមានទំហំចាប់ពី ១៥០ មែ៉ត្រការ៉េឡើងទៅ សួនទឹក រោងភាពយន្ត សាលខនសឺតណា ដែលហ៊ានល្មើសនឹងវិធានការដែលអជ្ញាធរបានកំណត់ នឹងត្រូវបញ្ឈប់អាជីវកម្មបណ្តោះអាសន្នដល់ ២ សប្តាហ៍ភ្លាម ហើយអាចប្រឈមនឹងការផាកពិន័យដល់ ៣លានវ៉ុន និងការចោទប្រកាន់ដល់តុលាការផងដែរ។

លោក Seo Jeong-hyup អភិបាលក្រុងសេអ៊ូលស្តីទី

សូមបញ្ជាក់ថា ដោយសារការកើនឡើងគំហុកនៃករណីឆ្លងថ្មីនៃជម្ងឺកូវីដ-១៩ កូរ៉េខាងត្បូងបានប្រកាសដាក់ប្រទេសខ្លួនក្នុងវិធានការគម្លាតសង្គមកម្រិតទី ២ ហើយ ហើយប្រសិនបើបញ្ហាប្រឈមនៅតែកើនឡើងបន្តខ្លាំងទៀតនោះ រដ្ឋាភិបាលអាចនឹងពិចារណាដាក់ប្រទេសខ្លួនក្នុងវិធានការគម្លាតសង្គមកម្រិតទី ៣ ដែលជាកម្រិតចុងក្រោយ និងតឹងរ៉ឹងបំផុត។

 

 

 

 

One thought on “ចែករំលែកផង!! អ្នកនៅសេអ៊ូលនឹងត្រូវពាក់ម៉ាស់ជាប់ជានិច្ច ពេលនៅទីសាធារណៈ ចាប់អនុវត្តពីថ្ងៃចន្ទស្អែកនេះទៅហើយ

Leave a Reply

Your email address will not be published. Required fields are marked *