យោធាកូរ៉េខាងជើង បំផ្ទុះការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ក្នុងការកើនកម្តៅកាន់តែខ្លាំងទាក់ទងនឹងបញ្ហាខិតប័ណ្ណប្រឆាំងកូរ៉េខាងជើង

សេអ៊ូល៖ យោធាកូរ៉េខាងជើងបានបំផ្ទុះការិយាល័យទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ដែលនៅជិតតំបន់ព្រំដែនកូរ៉េទាំងពីរ បើតាមការលើកឡើងភ្លាមៗរបស់មន្ត្រីកូរ៉េខាងត្បូង។

ការិយាល័យទំនាក់ទំនងអន្តរកូរ៉េនេះ ស្ថិតនៅក្នុងខេត្ត Kaesong ប្រទេសកូរ៉េខាងជើង ហើយត្រូវបានរាយការណ៍ថាបានផ្ទុះនៅម៉ោង ២:៤៩ ល្ងាច។ ការិយាល័យនេះត្រូវបានបើកឱ្យដំណើរការតាំងពីឆ្នាំ២០១៨ មក ដើម្បីជាទីតាំងឱ្យភាគីកូរ៉េទាំងសងខាងអាចទំនាក់ទំនងគ្នាបាន។

យ៉ាងណាមិញ ក្នុងការបំផ្ទុះនេះមិនមានការរាយការណ៍ពីការរងរបួស ឬស្លាប់នោះទេ ដោយសារការិយាល័យនេះមិនមានអ្នកប្រចាំការតាំងពីការចាប់ផ្ទុះជម្ងឺកូវីដ-១៩មក។

ជាការឆ្លើយតប វិមានប្រធានាធិបតី បានកោះហៅប្រជុំបន្ទាន់ថ្នាក់ដឹកនាំសន្តិសុខជាន់ខ្ពស់ ដើម្បីតាមដានស្ថានការណ៍ជាក់ស្តែង។

សូមបញ្ជាក់ ការផ្ទុះនេះកើតឡើង ក្រោយពីមានការព្រមានជាច្រើនលើក ច្រើនសារ និងធ្ងន់ៗពីសំណាក់របបទីក្រុងព្យុងយ៉ាង ទៅលើសកម្មភាពចែកឃោសនាខិតប័ណ្ណប្រឆាំងរបបកូរ៉េខាងជើងកន្លងមក។ ជាការកត់សម្គាល់ កូរ៉េខាងជើងក៏បានគម្រាមពីប្រើប្រាស់កម្លាំងយោធាផងដែរ និងធ្លាប់ព្រមានកូរ៉េខាងត្បូងផងដែរថា កូរ៉េខាងត្បូង នឹងត្រូវ «ឈឺចាប់ ហើយស្តាយក្រោយ»។

Leave a Reply

Your email address will not be published. Required fields are marked *