ឃើញតែភ្ញៀវយកលុយចេញចូលធនាគារ ដែលដឹងអត់ថា ធនាគាររកប្រាក់ចំណូលបានពីអ្វីខ្លះ?

ដូចយេីងដឹងហេីយថា​ ធនាគារគឺជាស្ថាប័នហិរញ្ញវត្ថុមួយដែលទទួលធ្វើប្រតិបត្តិការច្រើនយ៉ាង ដូចជាទទួលប្រាក់បញ្ញើ និងអាចដករឺដាក់ប្រាក់តាមតម្រូវការ ហើយក៏ជាកន្លែងមានសុវត្ថិភាពក្នុងការរក្សាទុកសាច់ប្រាក់ឬស្នើរសុំឥណទានបន្ថែមផងដែរ។ រាល់ពេលយេីងយកលុយទៅផ្ញេីនៅធនាគារ យេីងនឹងទទួលបានការប្រាក់តាមអត្រាតិចតួចនៃប្រាក់បញ្ញើនោះ។

តែអ្នកមានដែលឆ្ងល់ទេថា ធនាគារបានប្រាក់ចំណូលពីណាខ្លះ?

១. ការផ្តល់សេវាប្រាក់កម្ចី

ពេលដែលយេីងយកលុយទៅដាក់នៅធនាគារ​ នោះយេីងនឹងទទួលបានការប្រាក់ពីធនាគារច្រើនបំផុត1%ប៉ុណ្ណោះ។ តែប្រសិនបេីយេីងស្នេីរសំុប្រាក់កម្ចីពីធនាគារវិញ ការប្រាក់ដែលយេីងត្រូវបង់គឺមានអត្រាខ្ពស់។ ឧទាហរណ៍ដូចជា សេវាផ្តល់ប្រាក់កម្ចីសំរាប់ទិញផ្ទះ អាចមានអត្រាការប្រាក់ចាប់ពី៥% ទៅ៨%ឯណោះ។ អញ្ជឹងអាចនិយាយថា ធនាគារផ្តល់អោយយេីងតិច តែយកពីយេីងច្រេីន។​

២. ការវិនិយោគ

ចំពោះប្រាក់បញ្ញេីរបស់អតិថិជន​ ធនាគារអាចយកលុយទាំងនោះទៅបង្វិលដើម្បីផ្ដល់ជាកម្ចីអោយអតិថិជនផ្សេងទៀត ឬយកទៅធ្វើការវិនិយោគដូចជាលេីអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ ឬអាជីវកម្មតូចធំនានា ដែលគេគិតថាមានសក្តានុពលក្នុងការផ្តល់ប្រាក់ចំណេញមកអោយគេវិញ។ ម្យ៉ាងទៀត ការវិនិយោគទាំងនេះ ក៏ផ្អែកទៅតាមចក្ខុវិស័យនៃធនាគារនីមួយៗផងដែរ។ ការវិយោគទាំងនោះ ខ្លះមានសភាពធម្មតានិងមានសុវត្ថិភាព តែខ្លះទៀតមានសភាពស្មុគស្មាញនិងហានិភ័យខ្ពស់។

៣. ថ្លៃសេវាពីម្ចាស់គណនី

ដូចដែលអ្នកដឹងហេីយថា ធនាគារគិតប្រាក់ពីអតិថិជន នៅពេលពួកគេបេីកគណនីសន្សំ រឺគណនីផ្សេងៗ។ ថ្លៃសេវាទាំងនោះអាចជាការគិតថ្លៃសេវាពេលបេីកគណនី ថ្លៃថែទាំគណនីប្រចាំខែ រឺប្រចាំឆ្នាំ (maintenance fees) ថ្លៃបាត់បង់រឺផ្លាស់ប្តូរកាត និងថ្លៃការផាកពិន័យផ្សេងៗដូចជា ការបង់ការប្រាក់យឺត រឺការបង់ផ្តាច់ប្រាក់កម្ចីជាដើម។

៤. ប្រតិបត្តិការប្តូររូបិយប័ណ្ណបរទេស

ការប្តូររូបិយប័ណ្ណបរទេស គឺជាទីផ្សារហិរញ្ញវត្ថុធំជាងគេនៅក្នុងពិភពលោក ដែលប្រតិបត្តិការនេះ ជាប្រភពចំណូលធំមួយរបស់ធនាគារ។ ការប្តូររូបិយប័ណ្ណបរទេស គឺជាប្រតិបត្តិការផ្លាស់ប្តូរ រូបិយប័ណ្ណមួយ និងរូបិយប័ណ្ណមួយទៀត (ឧទាហរណ៍ ការផ្លាស់ប្តូរពីលុយរៀល ទៅលុយបាត រឺ លុយបាត ទៅលុយដុល្លារ) ដែលផ្អែកទៅតាមអត្រាប្តូរប្រាក់ (Exchange Rate)។

៥.ថ្លៃសេវាកម្មរបស់ធនាគារ

ក្រៅពីផ្តល់ប្រាក់កម្ចី និងវិនិយោគ ធនាគារក៏មានសេវាកម្មផ្សេងទៀតដែលជាផ្នែកនៃប្រភពចំណូលដែរ ដូចជាសេវាលេីCredit Card សេវាបញ្ចាំអចលនទ្រព្យ ថ្លៃសេវាប្រាក់កម្ចី និងសេវាគ្រប់គ្រងទ្រព្យសម្បត្តិជាដេីម៕

ខ្លឹមសារទាំងស្រុងពី៖ កាក់សេន KAKCENT 

 

 

Leave a Reply

Your email address will not be published. Required fields are marked *