ភ្នំពេញ៖ កិច្ចចរចាសម្រាប់ឈានទៅសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េខាងត្បូង នឹងចាប់ផ្តើមក្នុងខែកក្កដា ខាងមុខនេះហើយ។
ដំណើរការចាប់ផ្តើមរៀបចំកិច្ចចរចានេះកើតឡើងបន្ទាប់ពី ថ្នាក់ដឹកនាំ និងក្រុមការងារជំនាញនៃប្រទេសទាំងពីរបានជួបពិភាក្សា និងសិក្សាពីផលប្រយោជន៍នៃកិច្ចពាណិជ្ជកម្មនេះ ដែលទទួលបានជាផ្លែផ្កាកន្លងមកផងដែរ។ ជាជំហានដំបូងបង្អស់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និងលោកស្រី យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមការសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។
បន្ទាប់មក ក្រុមការងារជំនាញនៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នាជាបន្តបន្ទាប់ ហើយបានមើលឃើញថា ការធ្វើពាណិជ្ជកម្មសេរីនាំឱ្យមានប្រយោជន៍ផ្នែកពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
លោក ស៊ាង ថៃ បានបញ្ជាក់ប្រាប់សារព័ត៌មាន Fresh News ថា «ការពិភាក្សាហ្នឹងបានវាយតម្លៃថា បើយើងធ្វើពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ យើងនឹងមានផលចំណេញទៅវិញទៅមក ព្រោះប្រទេសនីមួយៗមានសក្តានុពលរៀងៗខ្លួន ភាពខ្លាំងរៀងខ្លួន។ បើយើងធ្វើពាណិជ្ជកម្មសេរីជាមួយគ្នាភាពខ្លាំងរៀងខ្លួនហ្នឹងអាចបំពេញឱ្យគ្នាទៅវិញទៅមក។ អ៊ីចឹងហើយភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី»។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬ FTA ជាកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមក ដែលនឹងសម្រួលជាមួយរបាំងពន្ធអាករ ការកំណត់ចំនួនទំនិញ ដែលគេអាចយល់បានថា ជាការធ្វើសេដ្ឋកិច្ចបែបផែនទីផ្សារសេរី ឬ ក្នុងអត្ថន័យរួមបញ្ចូលសេដ្ឋកិច្ចតែមួយ។ កិច្ចព្រមព្រៀងនេះជាទូទៅគ្របដណ្តប់លើវិស័យច្រើនដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានកើនឡើងជាលំដាប់ជាពិសេសនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង មានជិត ៩លានដុល្លារអាមេរិក កើនឡើងជាង ១៤ភាគរយបើធៀបនឹងឆ្នាំ២០១៨។ ជាមួយនឹងការសម្រេចនូវកិច្ចព្រមព្រៀងថ្មីនេះនាពេលអនាគតដ៏ខ្លីខាងមុខ កម្ពុជារំពឹងថានឹងអាចពង្រឹងទំនាក់ទំនង និងពង្រីកទំហំពាណិជ្ជកម្មប្រទេសទាំងពីរបន្ថែមទៀត ព្រមទាំងបង្កើតឱកាសការងារក្នុងស្រុក ការនាំចេញសេវា និងពង្រីកវិនិយោគបន្ថែម ដែលនឹងចូលរួមសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា គិតមកដល់ត្រឹមឆ្នាំ ២០២០ នេះ កម្ពុជាមិនទាន់មានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងក្របខ័ណ្ឌទ្វេភាគី ជាមួយប្រទេសណាមួយនោះទេ ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខ័ណ្ឌជាសមាជិកអាស៊ានប៉ុណ្ណោះ។ កិច្ចព្រមព្រៀងរវាងកម្ពុជា និងកូរ៉េខាងត្បូងនេះ រំពឹងថានឹងក្លាយជាសមិទ្ធផលថ្មីទី២ បន្ទាប់ពីកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន បានបិទបញ្ចប់ ហើយរំពឹងថានឹងអាចនឹងឈានទៅដល់ការចុះហត្ថលេខានៅចុងឆ្នាំ២០២០៕
ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារចំនួន៨ ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ចិន ចក្រភពអង់គ្លេស សាធារណរដ្ឋកូរ៉េ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ា (EAEU) អាមេរិក ជប៉ុន ម៉ុងហ្គោលី និងឥណ្ឌា។