ព្យុងយ៉ាង៖ យោធាកូរ៉េខាងជើង បានព្រលយសំដីជាថ្មីថានឹងគ្រោងនឹងលើកទ័ពចូលតំបន់ព្រំដែនគ្មានកងទ័ពឡើងវិញ ដែលនឹងបំពានដល់កិច្ចព្រមព្រៀងរវាងកូរ៉េទាំងពីរ។
សេនាប្រមុខយោធាកូរ៉េខាងជើង និយាយថ្លែងក្នុងកាសែតកូរ៉េខាងជើងថា «យើងកំពុងពិនិត្យស្ថានការណ៍វិវត្តន៍នៃទំនាក់ទំនងកូរ៉េទាំងពីរ ដែលកំពុងធ្លាក់ចុះដុនដាប ហើយក៏កំពុងរៀបចំខ្លួនឱ្យកងទ័ពយោធាឱ្យបានរួចរាល់ផងដែរ ក្នុងករណីដែលបក្ស និងរដ្ឋាភិបាលខ្លួនដាក់ចេញនូវវិធានការណាមួយ។ យើងក៏នឹងរៀបចំផែនការសកម្មភាពយោធា ដើម្បីអនុវត្តនូវផែនការចូលកាន់កាប់តំបន់ព្រំដែនផងដែរ ដើម្បីដាក់ឱ្យគណៈកម្មការយោធាបក្សអនុម័តយល់ព្រម»។
ការកើនឡើងកម្តៅចុងក្រោយនេះ បណ្តាលមកពីការចោទប្រកាន់របស់កូរ៉េខាងជើង ថារដ្ឋាភិបាលកូរ៉េខាងត្បូងអនុញ្ញាតឱ្យមានការបង្ហោះសារប្រឆាំងកូរ៉េខាងជើង ចូលក្នុងទឹកដីខ្លួន ដែលកូរ៉េខាងជើងលើកឡើងថាជាទង្វើទទួលយកមិនបានដាច់ខាត។