កូរ៉េខាងត្បូង៖ សាលារៀននៅក្នុងខេត្តចូឡាខាងត្បូង បានបើកទ្វារទទួលសិស្សមករៀនវិញទាំងអស់ហើយនៅថ្ងៃចន្ទនេះ ជាការបើកបង្រៀនក្នុងថ្នាក់ផ្ទាល់ដោយមានសិស្សមកពេញលើកដំបូងបង្អស់ ចាប់តាំងពីជំងឺរាតត្បាតកូវីដចាប់ផ្តើមវាយលុកពីឆ្នាំមុនមក នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
សាលារៀនទាំងអស់ ៨៨២ សាលារៀន មានទាំងសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលមានសិស្សសរុបជាង ២០៣,០០០នាក់ នៅក្នុងខេត្តចូឡាខាងត្បូងបានសម្រេចលុបចោលទាំងស្រុងការបង្រៀនតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃចន្ទសប្តាហ៍នេះទៅ។ ការសម្រេចបិទបញ្ចប់ការបង្រៀនតាមអនឡាញទាំងស្រុងនេះ ជាករណីដំបូងបង្អស់ក្នុងចំណោមខេត្ត និងទីក្រុងដទៃទៀតនៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈដែលក្រសួងអប់រំកូរ៉េខាងត្បូង បានបន្តជំរុញសាលារៀនទាំងអស់ទូទាំងប្រទេសកូរ៉េខាងត្បូង ឱ្យបើកបង្រៀនផ្ទាល់វិញទាំងស្រុង សម្រាប់ការចូលបវេសនកាលថ្មីនៅខែកញ្ញាខាងមុខនេះផងដែរ។
ប្រធានការិយាល័យអប់រំនៅក្នុងតំបន់ខេត្តចូឡាខាងត្បូងបានប្រកាសកាលពីសប្តាហ៍មុនថា បើទោះជាបើកបង្រៀនផ្ទាល់ទាំងស្រុងក៏ដោយ គ្រប់ៗគ្នាត្រូវបន្តប្រកាន់ខ្ជាប់វិធានការនានាចាំបាច់ ដើម្បីទប់ស្កាត់ការចម្លងមេរោគ តែយ៉ាងណាអជ្ញាធរអប់រំនៃខេត្តចូឡាខាងត្បូង បង្ហាញជំនឿជាក់ថាខ្លួនអាចគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់ការចម្លងមេរោគកូវីដបាន បើទោះបីជាដំណើរការថ្នាក់រៀនពេញលេញជាធម្មតាក៏ដោយ។
ខេត្តចូឡាខាងត្បូង ជាខេត្តមួយក្នុងចំណោមខេត្តដទៃទៀតដែលមានអត្រាឆ្លងជំងឺកូវីដទាបជាងគេ ដោយមានករណីឆ្លងកូវីដត្រឹមតែ ០.០៦៤ ករណីប៉ុណ្ណោះក្នុងចំណោមមនុស្ស ១០ម៉ឺននាក់ ហើយចាប់តាំងពីខែមីនាមក មានត្រឹមតែសិស្ស គ្រូបង្រៀន និងមន្ត្រីពាក់ព័ន្ធវិស័យត្រឹមតែ ៦១នាក់ប៉ុណ្ណោះដែលបានឆ្លងជំងឺកូវីដ-១៩ ដែលមានអត្រាទាបមែនទែនធៀបទៅនឹងចំនួនសិស្ស គ្រូ និងមន្ត្រីអប់រំដែលមានក្នុងខេត្តទាំងអស់។
ក្នុងនោះដែរ អត្រានៃប្រជាជនក្នុងខេត្តចូឡាខាងត្បូង ដែលបានទទួលវ៉ាក់សាំងកូវីដក៏មានខ្ពស់ជាងគេបង្អស់ក្នុងប្រទេសកូរ៉េខាងត្បូង ដោយមានដល់ទៅ ២២% នៃប្រជាជនសរុបក្នុងខេត្តទាំងអស់ចំនួន ១.៨៥លាននាក់ បានទទួលវ៉ាក់សាំងកូវីដយ៉ាងហោចណាស់ ១ ដូសរួចរាល់។ ទូទាំងប្រទេសសរុប តួលេខអ្នកដែលបានចាក់វ៉ាក់សាំង ធៀបទៅនឹងប្រជាជនសរុបមានត្រឹមតែ ១៤.៨% ប៉ុណ្ណោះ។
ជាមួយនឹងការសម្រេចចិត្តបើកនេះ គេក៏បានសាកសួរទឹកចិត្តសិស្ស និងឪពុកម្តាយសិស្សនៅនឹងសាលារៀនមួយក្នុងខេត្តផងដែរអំពីការបើកបង្រៀនផ្ទាល់ទាំងស្រុងក្នុងសាលារៀនវិញនេះ ដោយចម្លើយដែលឆ្លើយពេញចិត្តនឹងការសម្រេចចិត្តបើកបង្រៀនផ្ទាល់ទាំងស្រុងក្នុងសាលារៀនវិញនេះ មានដល់ទៅ ៩០% ឯណោះ។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្រសួងអប់រំកូរ៉េខាងត្បូងបានប្រកាសបង្កើនចំនួននៃការបង្រៀនផ្ទាល់ក្នុងថ្នាក់រៀន ដោយបន្ធូរបន្ថយការកម្រិតសិស្សមករៀនផ្ទាល់ ចាប់ផ្តើមអនុវត្តពីកម្រិតអនុវិទ្យាល័យនៅក្នុងតំបន់សេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់។ សម្រាប់តំបន់ទីប្រជុំជនធំៗទាំង៣នេះ ដែលស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត២ ចំនួនសិស្សដែលមករៀនផ្ទាល់មានត្រឹម ១/៣ នៃចំនួនសិស្សសរុបក្នុងសាលារៀនទាំងមូលប៉ុណ្ណោះ។ ចាប់ផ្តើមពីថ្ងៃទី ១៤ ខែមិថុនាទៅដែរ កម្រិតសិស្សដែលអនុញ្ញាតឱ្យមករៀនផ្ទាល់នៅក្នុងថ្នាក់នឹងមានដល់កម្រិត ២/៣ នៃចំនួនសិស្សសរុបវិញហើយ។
ជំហាននៃការបើកបង្រៀនផ្ទាល់ក្នុងថ្នាក់រៀនពេញលេញវិញនេះ ត្រូវបានគេមើលឃើញជាទំនោរវិជ្ជមានខិតទៅរកភាពប្រក្រតីមុនពេលមានជំងឺរាតត្បាតវិញហើយ ដែលជាលទ្ធផលនៃការបង្កើនកម្មវិធីចាក់វ៉ាក់សាំងនេះផងដែរ។