៦ឆ្នាំចុងក្រោយនេះ គ្រូពេទ្យកូរ៉េខាងត្បូង 20 នាក់ ត្រូវគេលុបអជ្ញាប័ណ្ណវេជ្ជសាស្រ្តចោល ដោយសារជាប់ពាក់ព័ន្ធក្នុងករណី “គ្រូពេទ្យស្រមោល”

កូរ៉េខាងត្បូង៖ វេជ្ជបណ្ឌិតកូរ៉េខាងត្បូងសុរប ២០នាក់ហើយ ដែលត្រូវបានគេដកអជ្ញាប័ណ្ណចោលក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ ដោយសារបំពានឱ្យអ្នកដទៃយកឈ្មោះរបស់ខ្លួនទៅប្រើជំនួសក្នុងការអនុវត្តសកម្មភាពវេជ្ជសាស្រ្តនានាដោយមិនត្រឹមត្រូវ ដែលគេហៅថាករណី “គ្រូពេទ្យស្រមោល” នេះបើតាមរបាយការណ៍ចងក្រងដោយក្រសួងសុខាភិបាលកូរ៉េខាងត្បូង ដែលបានផ្ញើជូនទៅរដ្ឋសភាជាតិកាលពីថ្ងៃអាទិត្យម្សិលមិញ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News​ របាយការណ៍នោះបានបង្ហាញថាក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះពីឆ្នាំ២០១៥ ដល់២០២០ មានគ្រូពេទ្យទាំងអស់២០នាក់ ដែលក្នុងនោះមានមានទន្តបណ្ឌិត (ពេទ្យធ្មេញ) ២រូប វេជ្ជបណ្ឌិតថ្នាំពេទ្យកូរ៉េ ២រូប និងគិលានុបដ្ឋាក ១រូប ផងដែរ ត្រូវបានអជ្ញាធរសុខាភិបាលកូរ៉េដកអជ្ញាប័ណ្ណវេជ្ជសាស្រ្តចោល ដោយសារបានពាក់ព័ន្ធក្នុងសកម្មភាពវេជ្ជសាស្រ្តខុសច្បាប់ផ្សេងៗ រួមមានទាំងការវះកាត់កែសម្ភស្សខុសច្បាប់ទៀតផង ដែលក្នុងទិដ្ឋភាពជារួមគឺអ្នកទាំងនោះ បានឱ្យអ្នកដទៃដែលមិនមានអជ្ញាប័ណ្ណពេទ្យត្រឹមត្រូវ ព្យាបាល និងអនុវត្តប្រតិបត្តិការវេជ្ជសាស្រ្តដទៃទៀតដោយប្រើប្រាស់ឈ្មោះ និងអជ្ញាប័ណ្ណរបស់ខ្លួន។

តែក្នុងចំណោមគ្រូពេទ្យទាំង២០នាក់ ដែលត្រូវគេដកអជ្ញាប័ណ្ណចោលនេះ មាន ៦នាក់បានតវ៉ានឹងការដកអជ្ញាប័ណ្ណនេះ ហើយក្នុងនោះមាន៣នាក់ទទួលបានជោគជ័យវិញផងដែរ។

សូមបញ្ចាក់ថា សាធារណជនកូរ៉េខាងត្បូងបានចាប់ផ្តើមស្នើកាន់តែទទូចឱ្យមានការដាក់ពិន័យឱ្យបានតឹងរ៉ឹងលើការអនុវត្តខុសច្បាប់បែបនេះក្នុងវិស័យវេជ្ជសាស្រ្ត ខណៈដែលក្នុងសង្គមជាក់ស្តែង ករណី “គ្រូពេទ្យស្រមោល” បែបនេះបានកើតឡើងមានជាបន្តបន្ទាប់។

ក្រុមស៊ីវិលក៏បានទាមទាររដ្ឋាភិបាលឱ្យកែតម្រូវច្បាប់ពាក់ព័ន្ធ ដើម្បីឱ្យមានការបំពាក់កាំម៉េរាពិនិត្យក្នុងបន្ទប់វះកាត់ផងដែរ តែយ៉ាងណាការទាមទារបែបនេះត្រូវបានបដិសេធដោយក្រុមគ្រូពេទ្យ ដោយបានលើកឡើងថាការដាក់កាំមេរ៉ាបែបនេះ អាចនឹងប៉ះពាល់ដល់ប្រតិបត្តិការវេជ្ជសាស្រ្តរបស់គ្រូពេទ្យជំនាញ។

Leave a Reply

Your email address will not be published. Required fields are marked *