គោលដៅច្បាស់! ប្រធានាធិបតីកូរ៉េខាងត្បូងបញ្ជាក់ថា យ៉ាងហោចប្រជាជន​កូរ៉េ ៣៦លាននាក់ នឹងត្រូវចាក់វ៉ាក់សាំងកូវីដដូសទី១ រួចត្រឹមរយៈពេលកំណត់នេះ

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃចន្ទនេះបានថ្លែងបញ្ជាក់តួលេខជាផ្លូវការថា ត្រឹមចុងខែកញ្ញា ២០២១នេះ នឹងមានប្រជាជនកូរ៉េខាងត្បូងដល់ទៅ ៣៦លាននាក់ បានទទួលវ៉ាក់សាំងកូវីដ-១៩ យ៉ាងហោច១ដូសរួចរាល់ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ចំនួនតួលេខ ៣៦លាននាក់ដែលនឹងបានទទួលវ៉ាក់សាំងកូវីដ-១៩ យ៉ាងហោច១ដូសនេះ គឺតំណាងឱ្យដល់ទៅ៧០% នៃប្រជាជនសរុបក្នុងប្រទេសកូរ៉េខាងត្បូង។ ហើយមិនត្រឹមតែប៉ុណ្ណោះទេ ក្នុងកិច្ចប្រជុំជាមួយបណ្តាថ្នាក់ដឹកនាំពាក់ព័ន្ធ ដែលទទួលបន្ទុកលើកិច្ចការប្រយុទ្ធប្រឆាំងជំងឺកូវីដ លោកប្រធានាធិបតីក៏បានបញ្ជាក់ពីលទ្ធភាពអាចសម្រេចចាក់វ៉ាក់សាំងកូវីដជូនប្រជាជនបានដល់លើស ១៤លាននាក់ឯណោះ ត្រឹមចុងខែមិថុនានេះ ដែលគម្រោងពីដំបូង គឺត្រឹមសម្រេចឱ្យបាន ១២លាននាក់ប៉ុណ្ណោះ ត្រឹមចុងខែមិថុនា ហើយក្រោយមកលោក មូន ជេអ៊ីន ធ្លាប់បង្កើនតួលេខនេះឱ្យដល់១៣លាននាក់ ត្រឹមចុងខែមិថុនា ហើយថ្ងៃនេះបង្កើនបន្ថែមទៀតដល់ ១៤លាននាក់តែម្តង។

លោកប្រធានាធិបតីបញ្ជាក់ថា ប្រសិនសម្រេចបានតាមគោលដៅកំណត់នេះ ចំនួនករណីបាត់បង់ជីវិត និងចំនួនករណីឆ្លងថ្មីនឹងថយចុះ ហើយក៏នឹងជួយសម្រាលបន្ទុកធំធេងសម្រាប់ការទប់ស្កាត់ផលប៉ះពាល់ពីវីរុសនេះផងដែរ។

សម្រាប់ជាផែនការនៅខែកក្កដាខាងមុខនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងចាប់ផ្តើមផ្តល់វ៉ាក់សាំងកូវីដ តាមលំដាប់លំដោយក្រុមអាយុ ដោយនឹងចាប់ផ្តើមពីក្រុមអ្នកមានអាយុខ្ទង់៥០ឆ្នាំ ដំបូងគេ ហើយនឹងក្រុមអាយុក្មេងចុះក្រោមជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា សម្រាប់គោលការណ៍អាទិភាពបច្ចុប្បន្ន អ្នកដែលអជ្ញាធរសុខាភិបាលផ្តល់អាទិភាពចាក់វ៉ាក់សាំងដំបូងគេគឺប្រជាជនទូទៅមានអាយុពី៦០ឆ្នាំឡើងទៅ ឬអ្នកសម្រាកព្យាបាលនៅមណ្ឌលចាស់ជរា អ្នកជំងឺ គ្រូពេទ្យ មន្ត្រីសុខាភិបាលដែលនៅជួរមុខគ្រប់កម្រិតអាយុ និងទាហានគ្រប់កម្រិតអាយុ។

ជាមួយនឹងផែនការខាងមុខបន្តទៀត កូរ៉េខាងត្បូងគ្រោងនឹងសម្រេចបានការបង្កើតជាប្រព័ន្ធភាពស៊ាំសហគមន៍ (Herd Immunity) ត្រឹមខែវិច្ឆិកាខាងមុខនេះ ដែលថ្នាក់ដឹកនាំ និងអជ្ញាធរជឿជាក់នឹងអាចសម្រេចបាន ប្រសិនបើអាចអនុវត្តបានតាមផែនការដែលគ្រោងទុកសម្រេចបានចាក់វ៉ាក់សាំងជូនប្រជាជនឱ្យដល់ ៣៦លាននាក់ត្រឹមខែកញ្ញានេះ។

ក្នុងនោះដែរ លោកប្រធានាធិបតីក៏បានបញ្ជាក់ថា កូរ៉េខាងត្បូងអាចនឹងផ្តល់កុងត្រាអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដនេះ សម្រាក់ចាក់ជាវ៉ាក់សាំងការពារតាមរដូវ ដូចវ៉ាក់សាំងដទៃទៀតដែរ ចាប់ពីឆ្នាំ២០២២ទៅ ដោយសារតែគេរំពឹងថាមេរោគកូរ៉ូណាទំនងជានឹងមិនអាចបញ្ចប់បានទាំងស្រុងនោះទេ ហើយខណៈដែលប្រភេទមេរោគបម្លែងខ្លួនកំពុងតែបន្តកើនឡើងផងនោះ។

Leave a Reply

Your email address will not be published. Required fields are marked *