កូរ៉េខាងត្បូង៖ ទាហានកូរ៉េខាងត្បូងអាយុក្រោម ៣០ឆ្នាំ ត្រូវបានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ របស់ Pfizer ហើយនៅព្រឹកថ្ងៃចន្ទនេះ បើតាមការបញ្ជាក់របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
ក្នុងចំណោមកងទ័ពអាយុក្រោម៣០ឆ្នាំ ដល់ទៅជាង ៤១៤,០០០នាក់នៅកូរ៉េខាងត្បូងដែលត្រូវបានផ្តល់អាទិភាពទទួលវ៉ាក់សាំងកូវីដនេះ មានត្រឹម ៨៦.៥% បានយល់ព្រមចុះឈ្មោះទទួលវ៉ាក់សាំងកូវីដនេះ ហើយការចាក់វ៉ាក់សាំងសម្រាប់កងទ័ពនេះនឹងធ្វើឡើងនៅតាមគ្លីនិកយោធាចំនួន ៩១ ទីតាំងទូទាំងប្រទេសកូរ៉េខាងត្បូង ពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃទី១៦ កក្កដា ខាងមុខ បើតាមការបញ្ជាក់របស់ក្រសួងការពារជាតិ។
កន្លងមក កងទ័ពកូរ៉េខាងត្បូងអាយុលើសពី៣០ឆ្នាំឡើងទៅបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ហើយ គឺចាក់វ៉ាក់សាំង AstraZeneca ដែលមានដល់ទៅ ៨៨% នៃកងទ័ពទាំងអស់ដែលមានអាយុលើសពី ៣០ឆ្នាំឡើងទៅ បានឯកភាពចុះឈ្មោះចាក់វ៉ាក់សាំងកូវីដនេះ។ ក្នុងនោះដែរ វ៉ាក់សាំងកូវីដរបស់ Johnson & Johnson’s Janssen ដែលទទួលបានជាជំនួយពីសហរដ្ឋអាម៉េរិកថ្មីៗនេះ ហើយបានដឹកមកដល់កូរ៉េខាងត្បូងកាលពីថ្ងៃសៅរ៍នេះ ចំនួនជាង១លានដូស ក៏នឹងត្រូវប្រើសម្រាប់ចាក់ជូនកងទ័ពបម្រុង និងមន្ត្រីយោធាស៊ិវិលដែលធ្វើការនៅក្រសួងការងារជាតិ និងក្រសួងការបរទេសផងដែរ។
តែយ៉ាងណា វ៉ាក់សាំង Johnson & Johnson’s Janssen ដែលដឹកមកដល់នេះ នឹងត្រូវចាក់ជូនអ្នកដែលមានអាយុពី៣០ឆ្នាំឡើងទៅប៉ុណ្ណោះ ដោយសារបារម្ភពីបញ្ហាសុវត្ថិភាពនៃបញ្ហាកកដុំឈាមសម្រាប់អ្នកចាក់ដែលមានអាយុក្មេង។
រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបញ្ជាក់ថា ក្រោយពីយុទ្ធនាការចាក់វ៉ាក់សាំងទាំងប៉ុន្មាននេះរួចរាល់ កងទ័ពកូរ៉េខាងត្បូងដល់ទៅ ៨៧% នៃកងទ័ពទាំងអស់ជាង ៥៥ម៉ឺននាក់ នឹងត្រូវបានទទួលវ៉ាក់សាំងកូវីដរួចរាល់ ដែលនឹងអាចសម្រេចផែនការរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ក្នុងការចាក់វ៉ាក់សាំងកូវីជឱ្យកងទ័ពយ៉ាងហោចដល់ ៨០% នៃកងទ័ពទាំងអស់។
គិតត្រឹមថ្ងៃអាទិត្យទី៦ មិថុនា ២០២១ម្សិលមិញនេះ ក្នុងចំណោមកងទ័ពកូរ៉េខាងត្បូងមានករណីឆ្លងកូវីដដល់ ៩៨២ករណីផងដែរ។