ចែករំលែក! ដឹងចំណុចគួរធ្វើ និងមិនគួរធ្វើនៅព្រលានយន្តហោះ ៥ យ៉ាងនេះហើយ គឺធានាថាអាចធ្វើដំណើរតាមយន្តហោះ មិនបារម្ភ និងងាយស្រួលបំផុត

ការធ្វើដំណើរតាមយន្តហោះជារឿងធម្មតាទូទៅ កាលពីមុនជំងឺរាតត្បាតកូវីដបានចាប់ផ្តើមវាយលុកលើពិភពលោកទាំងមូល។ តែយ៉ាងណាមិញ ស្របពេលដែលជំងឺរាតត្បាតនេះចាប់ផ្តើមថមថយ ហើយវ៉ាក់សាំងកូវីដកំពុងត្រូវបានដំណើរការចាក់កាន់តែច្រើន និងរលូននៅសឹងគ្រប់ប្រទេសជុំវិញពិភពលោកទៀតនោះ ការធ្វើដំណើរជាអន្តរជាតិក៏កំពុងសំលឹងឃើញពន្លឺនៅពេលខាងមុខវិញផងដែរ តែគ្រាន់តែគេមិនទាន់ដឹងថាជាពេលខាងមុខដ៏ខ្លី ឬនៅអាចយូរដល់ប៉ុណ្ណាទៀត។

យ៉ាងណាមិញ សម្រាប់ការធ្វើដំណើរតាមយន្តហោះជាការធ្វើដំណើរមួយមានលក្ខណៈពិសេស ហើយតម្រូវឱ្យមានការត្រៀមខ្លួនឱ្យបានរួចរាល់ និងត្រឹមត្រូវ ដើម្បីចៀសវាងនូវបញ្ហាកំហុសឆ្គងនានាដែលអាចកើតមានឡើង នាំឱ្យអាក់ខានដល់ការធ្វើដំណើរតាមយន្តហោះជាដើម ហើយកំហុសឆ្គងនោះទៀតសោត ភាគច្រើនគឺតែងជួបប្រទះសម្រាប់អ្នកដែលទើបនឹងជិះយន្តហោះលើកដំបូង ឬថ្មីថ្មោង។ សម្រាប់បងប្អូនខ្មែរយើង ដែលត្រូវធ្វើដំណើរតាមយន្តហោះ គួរយល់ដឹងឱ្យបានច្បាស់អំពីវិធីសាស្រ្តងាយៗទាំងនេះ ក្នុងការជិះយន្តហោះ៖

១. មកព្រលានយន្តហោះឱ្យបានយ៉ាងតិចមុន ២ម៉ោង៖ ជាទូទៅ អ្នកធ្វើដំណើរគួរមកដល់ព្រលានយន្តហោះឱ្យបានយ៉ាងតិច ២ម៉ោង មុនធ្វើដំណើរ ដើម្បីអាចរង់ចាំជើងហោះហើររបស់ខ្លួន និងមានពេលពិនិត្យមើលកន្លែងដកសំបុត្រ ដាក់ឥវ៉ាន់ចូល និងរកមើលច្រកចូល Check-in ជាដើម។ ចៀសវាងមកដល់កៀកពេលពេក គ្រាន់មកដល់ភ្លាម រត់ត្រហេបត្រហបរកមើលកន្លែងចុះឈ្មោះ ឆែកសំបុត្រ ទាំងភ័យស្លន់ស្លោ ជាពិសេសចំពោះព្រលានអន្តរជាតិធំៗ ដែលយ៉ាងហោចណាស់ត្រូវដើរឆ្ងាយដើម្បីទំរាំដល់កន្លែង Check In។ ក្នុងនោះដែរ បើអ្នកមកបានលឿន អ្នកអាចមានពេលនៅជួបជុំគ្រួសារ និងជូនដំណើរគ្នាតាមសម្រួលបានទៀតផង។ ហើយកុំភ្លេចផង ថាព្រលានយន្តហោះនៅប្រទេសណាក៏ដូចគ្នាដែរ គឺត្រូវធ្វើដំណើរយ៉ាងតិច ៣០ នាទី ទៅ ៤០នាទី ចេញពីក្រុងដែរ ហើយអាចនឹងប្រឈមការស្ទះចរាចរណ៍ខ្លាំងទៀតផង។

២.កុំព្យាយាមយកឥវ៉ាន់មកលើសទម្ងន់ ដែលខ្លួនបានទិញក្នុងសំបុត្រយន្តហោះ៖ ជាទូទៅអ្នកធ្វើដំណើរ តែងចង់យកឥវ៉ាន់នេះ ឥវ៉ាន់នោះ មិនថាខោអាវ គ្រឿងសម្ភារៈប្រើប្រាស់ផ្សេងៗ ឬម្ហូបអាហារសម្រាប់ការស្នាក់នៅរយៈពេលវែង ដាក់ទៅជាមួយក្នុងវ៉ាលីស ពេលធ្វើដំណើរទៅ ឬមកពីស្រុកគេវិញ។ តែសូមកុំភ្លេចខ្លួន ដាក់ឥវ៉ាន់ច្រើនជ្រុលខ្លាំង លើសទម្ងន់ដែលគេកំណត់ ហើយជាពិសេសគឺអ្នកដែលមានយួរឥវ៉ាន់សំពីងសំពោងទៀត គឺអាចនឹងមានបញ្ហាត្រូវបុគ្គលិកបម្រើការនៅព្រលានយន្តហោះ តម្រូវឱ្យថ្លឹងគីឡូ និងយកចេញឥវ៉ាន់ដែលើសគីឡូ។ ប្រសិនបើគេតម្រូវឱ្យបង់លុយ លើឥវ៉ាន់ដែលបានដាក់លើសគីឡូនោះ គឺក៏ធ្ងន់កដែរ ដោយសារការបង់ផាកពិន័យឥវ៉ាន់លើសទម្ងន់នេះ មានតម្លៃថ្លៃណាស់។ ជាទូទៅ បងប្អូនខ្មែរយើង អាចសង្កេតឃើញថាបុគ្គលិកព្រលានយន្តហោះនៅស្រុកខ្មែរយើង ភាគច្រើនមានការយោគយល់ លើសតិចតួចមិនសូវរករឿងជាបញ្ហាចោទអ្វីនោះទេ តែសូមកុំភ្លេចខ្លួនពេលធ្វើដំណើរនៅព្រលានយន្តហោះស្រុកគេវិញ គឺគេអនុវត្តតឹងរ៉ឹងជាងស្រុកយើងឆ្ងាយណាស់។

៣. ម៉ោងលើសំបុត្រយន្តហោះ៖ ជាទូទៅ ម៉ោងធ្វើដំណើរដែលគេដាក់លើសំបុត្រយន្តហោះ និងប្រើប្រាស់ជារួមក្នុងការធ្វើដំណើរគឺប្រើប្រាស់ទម្រង់ពេលវេលាសាកល ២៤ម៉ោង គឺ (០០ម៉ោង – ២៤ម៉ោង)។ ដូចនេះអាចមានអ្នកខ្លះមើលច្រឡំឃើញជើងហោះហើរពេលយប់ម៉ោង ០០:៤៥ ថ្ងៃទី ០៨ ខែមិថុនា ២០២១ បែរជាច្រឡំទៅព្រលានយន្តហោះព្រឹកថ្ងៃទី ៨ មិថុនា ២០២១ វិញគឺខុសហើយ។ ម៉ោង ០០:៤៥ នេះ គឺម៉ោង ១២:៤៥ យប់កណ្តាលអាធ្រាត្រឆ្លងចូលថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២១ ដែលមានន័យថាអ្នកធ្វើដំណើរ ត្រូវទៅដល់ព្រលានយន្តហោះតាំងពីល្ងាចថ្ងៃទី ៧ ខែមិថុនា ២០២១ឯណោះ។ សម្រាប់នៅកម្ពុជាយើង ម៉ោងហោះហើរទៅប្រទេសកូរ៉េខាងត្បូង ភាគច្រើនគឺពេលយប់ដូចគ្នានេះដែរ ដូចនេះបងប្អូនគួរប្រុងប្រយ័ត្ន មើលឱ្យបានច្បាស់លាស់ នូវព័ត៌មានទាក់ទងម៉ោងធ្វើដំណើរនេះ។

៤. ហាមយករបស់ដែលហាមឃាត់ ដាក់ជាមួយកាបូប ឬវ៉ាលីសយួរដៃឡើងយន្តហោះ៖ ជាទូទៅ យើងមិនចាំបាច់និយាយអំពីវត្ថុគ្រោះថ្នាក់នានាដែលគេហាមឃាត់ទាក់ទងនឹងរឿងសន្តិសុខ ដូចជាអាវុធអីនោះទេ។ តែសម្រាប់វត្ថុមួយចំនួនទៀត ដែលជាវត្ថុប្រើប្រាស់សាមញ្ញ តែជាទូទៅគេហាមមិនឱ្យយកដាក់តាមកាបូបស្ពាយ ឬវ៉ាលីសយួរដៃឡើងយន្តហោះនោះ មានដូចជាវត្ថុរាវលើសពីចំណុះ ១០០មីលីលីត្រ ឬវត្ថុមានមុខស្រួចជាដើម។ ជាក់ស្តែង វត្ថុរាវដែលមានចំណុះលើសពី ១០០មីលីលីត្រ ដូចជាទឹកអប់ ថ្នាំដុសធ្មេញ ទឹកសុទ្ធ សាប៊ូជាដើម ប្រសិនបើពេលឆ្លងកាត់ស្គេន គេឃើញមាននៅកាបូបស្ពាយរបស់យើង គឺសន្តិសុខនឹងតម្រូវឱ្យយកចេញ ឬចាក់ចោលឱ្យនៅសល់ត្រឹមចំណុះ ១០០មីលីលីត្រ បើទោះជាឥវ៉ាន់ទាំងនោះ ជាឥវ៉ាន់ថ្មីមិនទាន់ហែកប្រើក៏ដោយ។ បទពិសោធន៍ជាច្រើនមក គឺអ្នកដែលមានដាក់តាមខ្លួនវត្ថុរាវ ហើយសន្តិសុខចាប់បាន គឺច្រើនតែបោះចោលនៅមុនព្រលានយន្តហោះតែម្តង។ ដូចនេះ សុវត្ថិភាពគឺដាក់រាល់វត្ថុរាវមិនចាំបាច់ តាមវ៉ាលីសធំដែល Check-In តាមយន្តហោះទៅមុនឱ្យហើយអស់ទៅ។

៥. ហាមទុកឥវ៉ាន់ចោល៖ មានបញ្ហាធំ២​ សម្រាប់ឥវ៉ាន់ដែលយើងទុកចោលនៅនឹងព្រលានយន្តហោះ។ បញ្ហាទី១ គឺនឹងអាចប្រឈមហានិភ័យដែលនរណាម្នាក់លួចយកឥវ៉ាន់របស់យើងទៅបាត់ ដែលអាចមានទាំងសម្ភារៈមានតម្លៃផ្សេងៗក្នុងនោះផង។ ទី២ គឺឥវ៉ាន់ ឬវ៉ាលីសដែលទុកចោល មិនមានម្ចាស់នៅនឹងព្រលានយន្តហោះ អាចជាហានិភ័យផ្នែកសន្តិសុខ ជាពិសេសគឺសម័យកាលដែលមានសកម្មភាពភេរវកម្មតាមព្រលានយន្តហោះធំៗជាច្រើនកើតឡើង ជាហូរហែលមកនោះ។ ដូចនេះ ឥវ៉ាន់ដែលត្រូវរកឃើញមិនមានម្ចាស់ អាចនឹងប្រឈមការត្រួតពិនិត្យតឹងតែងបំផុត ហើយប្រសិនបើគេដឹងថាជាឥវ៉ាន់របស់យើងទៀត អាចនឹងនាំបញ្ហា ជាប់ពាក់ព័ន្ធដល់ការស៊ើបអង្កេតវែងឆ្ងាយបន្តទៀត។

 

Leave a Reply

Your email address will not be published. Required fields are marked *