ចែករំលែក! រដ្ឋសភាកូរ៉េខាងត្បូង គ្រោងអនុម័តច្បាប់ថ្មី បង្កើនចំនួ​នថ្ងៃឈប់សង សម្រាប់ថ្ងៃបុណ្យជាតិកូរ៉េណា ដែលត្រូវចំថ្ងៃអាទិត្យ និងចុងសប្តាហ៍

កូរ៉េខាងត្បូង៖ សេចក្តីស្នើច្បាប់ថ្មីមួយ ដែលស្នើឱ្យអនុញ្ញាបង្កើនពង្រីកចំនួនការឈប់សងចំពោះថ្ងៃឈប់សំរាកជាតិកូរ៉េខាងត្បូងណា ដែលត្រូវចំថ្ងៃអាទិត្យនោះ កំពុងត្រូវបានពន្លឿននីតិវិធីអនុម័តឱ្យបានឆាប់រហ័សក្នុងរដ្ឋសភាជាតិកូរ៉េខាងត្បូង នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times ជាភាសាអង់គ្លេស។

សេចក្តីស្នើច្បាប់ថ្មីនេះ គឺគ្រោងនឹងពង្រីកវិសាលភាពនៃការអនុញ្ញាតឱ្យមានការឈប់សងបន្ថែម១ថ្ងៃ សម្រាប់ថ្ងៃឈប់សំរាកជាតិណាដែលត្រូវចំថ្ងៃអាទិត្យ។ សម្រាប់ការអនុវត្តបច្ចុប្បន្ននេះ គោលការណ៍ដែលអនុញ្ញាតឈប់សងបន្ថែម សម្រាប់ថ្ងៃបុណ្យជាតិដែលចំថ្ងៃអាទិត្យនៅកូរ៉េខាងត្បូង មានតែករណីថ្ងៃបុណ្យជាតិធំៗពីរប៉ុណ្ណោះ គឺករណីបុណ្យចូលឆ្នាំកូរ៉េ (Seollal ឬ Lunar New Year ) ឬបុណ្យឈូសុក (Chuseok) ដែលត្រូវឈប់សំរាកចំថ្ងៃអាទិត្យ និងករណីបុណ្យសិទ្ធិកុមារដែលឈប់ចំថ្ងៃសៅរ៍ ឬអាទិត្យប៉ុណ្ណោះ។ ក្រៅពីពិធីបុណ្យជាតិ២ធំៗនេះ និងថ្ងៃបុណ្យសិទ្ធិកុមារ មិនមានការអនុញ្ញាតឈប់សងសម្រាប់ថ្ងៃបុណ្យជាតិដទៃទៀតដែលត្រូវចំថ្ងៃអាទិត្យនោះទេ។

សម្រាប់សំណើសេចក្តីស្នើច្បាប់ថ្មីនេះ មន្ត្រីនៃរដ្ឋសភាជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថាអាចនឹងសម្រេចអនុម័តបាននៅរដ្ឋសភាត្រឹមចុងខែមិថុនានេះ ដោយសារតែតំណាងគណបក្សនយោបាយទាំងអស់ក្នុងសភាបានឯកភាពគ្នាជាគោលការណ៍ទៅហើយលើខ្លឹមសារនៃសេចក្តីស្នើច្បាប់ថ្មីនេះ។

ការស្នើពង្រីកវិសាលភាពនៃការឈប់សងសម្រាប់ថ្ងៃឈប់សម្រាកបុណ្យជាតិដែលចំថ្ងៃអាទិត្យស្រាប់នេះ អាចជាវិធានការមួយថ្មីដែលដាក់ចេញចំពេលនេះដែលសេដ្ឋកិច្ចទាំងមូលត្រូវការឱ្យមានភាពសកម្មជាងមុនកាន់តែខ្លាំង ក្នុងការងើបឡើងវិញពីបរិបទដែលប៉ះពាល់ខ្លាំងដោយកូវីដកន្លងមកនោះ ហើយការកែសម្រួលនេះក៏ឆ្លើយតបទៅនឹងការទាមទាររបស់ក្រុមអ្នកធ្វើការ និងកម្មករជាដើម ដោយសារថ្ងៃឈប់សម្រាកបុណ្យជាតិក្នុងអំឡុងចុងឆ្នាំ២០២១នេះ ដូចជាថ្ងៃរំលឹកខួបចងចាំ Memorial Day ចំថ្ងៃ៦ មិថុនា ថ្ងៃឯករាជ្យជាតិ ចំថ្ងៃ១៥ សីហា ថ្ងៃបុណ្យ National Foundation Day ចំថ្ងៃទី៣ តុលា និងថ្ងៃបុណ្យគ្រីស្តម៉ាស់ ចំថ្ងៃទី២៥ ខែធ្នូខាងមុខ សុទ្ធតែត្រូវចំថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យទាំងអស់ ដែលនាំឱ្យអ្នកធ្វើការមិនបានពេលវេលាឈប់សម្រាកទាល់តែសោះ។

ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ រាប់បញ្ចូលទាំងថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិនៅកូរ៉េខាងត្បូងមានដល់ ៦៩ថ្ងៃ សម្រាប់ឆ្នាំ២០១៨ តែសម្រាប់ឆ្នាំ២០២១ នេះមានត្រឹមតែ ៦៤ថ្ងៃប៉ុណ្ណោះ ហើយសម្រាប់ឆ្នាំខាងមុខក៏ប្រហាក់ប្រហែលគ្នាដែរ ដោយសារថ្ងៃបុណ្យជាតិចំនួន ៦ ក្នុងចំណោម ១៥ ត្រូវចំថ្ងៃចុងសប្តាហ៍។

សមាជិកសភាកូរ៉េខាងត្បូងពីគណបក្សប្រជាធិបតយ្យ លោក Seo Young-kyo បានបញ្ជាក់ថាការពិនិត្យលទ្ធភាពក្នុងការកែសម្រួលច្បាប់ ដើម្បីអនុញ្ញាតបង្កើនថ្ងៃឈប់សងនេះ គឺនឹងចូលរួមក្នុងការបង្កើនសកម្មភាពសេដ្ឋកិច្ចឡើងវិញ ក្នុងបរិការណ៍នៃជំងឺរាតត្បាតសាកលកូវីដនេះផងដែរ។

យ៉ាងណាមិញ ការពិភាក្សាលើសំណើផ្លាស់ប្តូរ និងបង្កើនការឈប់សងនេះ មិនមែនជាករណីថ្មីនោះទេ ដោយកន្លងមកជាច្រើនឆ្នាំមកហើយ តែងតែមានការពិភាក្សាលើបញ្ហានេះ ដោយសារតែអ្នកធ្វើការនៅប្រទេសកូរ៉េខាងត្បូង ជាទូទៅតែងតែមានម៉ោងធ្វើការងារច្រើនជាងគេ ប្រៀបធៀបទៅនឹងអ្នកធ្វើការ និងកម្មករនៅក្នុងប្រទេសអភិវឌ្ឍជឿនលឿនដទៃៗទៀត នៃប្រទេស OECD។

បើតាមទិន្នន័យរបស់អង្គការ OECD កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេទី២ នៅក្រោយតែប្រទេសម៉ិចស៊ិចកូប៉ុណ្ណោះ ចំពោះម៉ោងធ្វើការងារប្រចាំឆ្នាំសម្រាប់បុគ្គលិកនីមួយៗ។ ជាក់ស្តែងក្នុងឆ្នាំ ២០១៩ អ្នកធ្វើការនៅកូរ៉េខាងត្បូង ជាមធ្យមធ្វើការរយៈពេល ១,៩៦៧ ម៉ោងក្នុងមួយឆ្នាំ ដែលច្រើនជាងដល់ទៅ ២៤១ ម៉ោង បើប្រៀបទៅនឹងចំនួនម៉ោងធ្វើការជាមធ្យមនៅក្នុងប្រទេសអភិវឌ្ឍន៍ដទៃទៀតដែលមានត្រឹមតែ ១,៧២៦ម៉ោងប៉ុណ្ណោះ។

តែយ៉ាងណា បណ្តាក្រុមហ៊ុនធំៗក៏បារម្ភពីការបង្កើនថ្ងៃឈប់សម្រាកនេះផងដែរ ដែលអាចនឹងប៉ះពាល់ដល់ផលិតកម្មការងារក្នុងក្រុមហ៊ុន និងរោងចក្រផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *