តាមការព្យាករណ៍ថ្មី កូរ៉េខាងត្បូងនឹងអាចប្រមូលពន្ធលើសបន្ថែម ដល់រាប់ពាន់លានដុល្លារ ហើយរដ្ឋគ្រោងប្រើលុយនេះ ជួយប្រជាជនរងគ្រោះពីកូវីដ តាមវិធីមួយនេះ

កូរ៉េខាងត្បូង៖ តាមការព្យាករណ៍ថ្មី រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងអាចបង្កើនចំណូលពីការប្រមូលពន្ធបានដល់ ៣២ទ្រីលានវ៉ុន (ប្រមាណ២៨.៦ ប៊ីលានដុល្លារ) បន្ថែមលើសពីការព្យាករណ៍ចាស់ដែលបានធ្វើឡើងកាលពីដើមឆ្នាំ នេះបើតាមការបញ្ជាក់ពីប្រភពនៃក្រសួងជំនាញ និងរដ្ឋសភាជាតិកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

តាមប្រភពដែលសារព័ត៌មាន Yonhap News របស់កូរ៉េខាងត្បូងយកមកចុះផ្សាយនេះ គឺប្រទេសកូរ៉េខាងត្បូងគ្រោងនឹងអាចប្រមូលប្រាក់ពីចំណូលពន្ធដល់ទៅ ៣១៥ទ្រីលានវ៉ុន ក្នុងឆ្នាំ២០២១នេះ គឺកើនឡើងពីការព្យាករណ៍លើកមុនកាលពីដើមឆ្នាំ ដល់ទៅ៣២ទ្រីលានវ៉ុនបន្ថែម ដែលកាលនោះគេព្យាករណ៍ថាចំណូលពន្ធនឹងអាចប្រមូលបានត្រឹម ២៨៣ ទ្រីលានវ៉ុនប៉ុណ្ណោះ។

សម្រាប់ត្រីមាសទី១ ដើមឆ្នាំ២០២១នេះ កូរ៉េខាងត្បូងប្រមូលចំណូលពន្ធបានដល់ ៨៨.៥ ទ្រីលានវ៉ុន ដែលបានកើនឡើងចំនួន ១៩ទ្រីលានវ៉ុនប្រៀបទៅនឹងចំណូលពន្ធក្នុងពេលដូចគ្នាកាលពីឆ្នាំ២០២០។ ចំណូលពន្ធកាន់តែច្រើនជាងមុនដែលគេរំពឹងទុកនេះ គឺបានមកពីការកើនឡើងនៃចំណូលពន្ធលើការវិនិយោគ ដែលបានមកពីការទិញដូរអចលនទ្រព្យ និងចំណូលពីការជួញដូរក្នុងទីផ្សារភាគហ៊ុន។ ចំណែកឯពន្ធលើចំណូលក្រុមហ៊ុនក៏រំពឹងថានឹងកើនឡើងផងដែរ អាស្រ័យទៅតាមការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងឆ្នាំ២០២១នេះ។

ជាមួយនឹងការព្យាករណ៍ទុកមុនថ្មី ដែលឃើញថាចំណូលពន្ធនឹងអាចកើនឡើងបន្ថែមដូចនេះ លោកប្រធានាធិបតី មូន ជេអ៊ីន ក៏ធ្លាប់បានលើកឡើងថ្មីៗនេះ ក្នុងការពិនិត្យលទ្ធភាពដាក់ចេញនូវកញ្ចប់ថវិកាណាមួយថ្មីសម្រាប់គាំពារដល់សេដ្ឋកិច្ច និងប្រជាជន។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង ក៏បានបញ្ជាក់ប្រហាក់ប្រហែលគ្នាកាលពីថ្ងៃសុក្រនេះថា រដ្ឋាភិបាលគ្រោងនឹងបង្កើតកញ្ចប់ថវិកាជំនួយលើកទី២ ដែលអាចនឹងដកប្រាក់មួយចំនួនពីចំណូលពន្ធដែលគេរកឃើញថានឹងកើនឡើងថ្មីនេះ ដើម្បីយកទៅជួយដល់ប្រជាជន ក្នុងសកម្មភាពនានាស្រោចស្រង់សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ ដែលអាចមានទំហំទឹកប្រាក់ចន្លោះពី ២០ទ្រីលានវ៉ុន ទៅ៣២ទ្រីលានវ៉ុននេះ។

ក្នុងឆ្នាំ២០២១នេះ កាលពីខែមីនាកន្លងទៅ រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញកញ្ចប់ថវិការជំនួយដល់ទៅ ១៤.៩ទ្រីលានវ៉ុនម្តងរួចហើយ ដើម្បីជួយដល់បណ្តាអ្នករកស៊ីតូចតាច និងជនងាយរងគ្រោះដែលប៉ះពាល់ដោយសារវិបត្តិកូវីដ។ ហើយកាលពីឆ្នាំ២០២០កន្លងទៅ រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញកញ្ចប់ថវិកាជំនួយដល់ទៅ ៤ ដង មានទំហំទឹកប្រាក់សរុបដល់ ៦៧ ទ្រីលានវ៉ុន ដើម្បីដោះស្រាយវិបត្តិកូវីដនេះ។

 

Leave a Reply

Your email address will not be published. Required fields are marked *