ជាជោគជ័យថ្មីសម្រាប់កម្ពុជាយើង សម្រេចស្ទើរទាំងស្រុង សឹងតែខ្ពស់ដាច់គេលើពិភពលោក ចំពោះការចាក់វ៉ាក់សាំងកូវីដ-19 ជូនដល់លោកគ្រូ អ្នកគ្រូ

កម្ពុជា៖ ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេក្នុងពិភពលោក ក្នុងការសម្រេចបានការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនលោកគ្រូ អ្នកគ្រូ នេះបើតាមអត្ថបទចុះផ្សាយដោយអង្គការ UNICEF មូលដ្ឋានប្រចាំនៅកម្ពុជា ដែលជាស្ថាប័នរបស់អង្គការសហប្រជាជាតិទទួលបន្ទុកលើកិច្ចការទាក់ទងសុខុមាលភាពកុមារ កាលពីខែឧសភា ២០២១ កន្លងទៅថ្មីៗនេះ។

តាមរយៈអត្ថបទចុះផ្សាយរបស់អង្គការ UNICEF ដែលជាផ្នែកមួយនៃអង្គការសហប្រជាជាតិ (UN) នេះបានបញ្ជាក់ថា បើទោះបីជាកម្ពុជាកំពុងប្រឈមនឹងពេលវេលា រួមជាមួយនឹងស្ថានការណ៍ដ៏លំបាកដូចសព្វថ្ងៃនេះក្តី ដែលបណ្តាលពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តែរាជរដ្ឋាភិបាលកម្ពុជា សហការជាមួយនឹងដៃគូអន្តរជាតិនានា រួមទាំងអង្គការ UNICEF ផងបានសស្រាក់សស្រាំក្នុងការត្រៀមខ្លួនសម្រាប់កម្ពុជាអាចងើបឡើងមកវិញក្រោយពីស្ថានការណ៍កូវីដ ដែលក្នុងនោះកិច្ចការចម្បងចំពោះមុខ គឺកម្មវិធីចាក់វ៉ាក់សាំងកូវីដ។

អ្នកគ្រូ ១ រូបនៅខេត្តកំពង់ស្ពឺ កំពុងចាក់វ៉ាក់សាំងកូវីដ រូបថតដោយ UNICEF Cambodia

សម្រាប់កម្មវិធីចាក់វ៉ាក់សាំងកូវីដ ប្រទេសកម្ពុជាត្រូវបានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសត្រឹម១៧ ប៉ុណ្ណោះលើពិភពលោកដែលផ្តល់អាទិភាពចម្បងដល់លោកគ្រូ អ្នកគ្រូ ក្នុងការទទួលវ៉ាក់សាំងមុនគេ។ គិតត្រឹមពាក់កណ្តាលខែមេសាកន្លងទៅ លោកគ្រូ អ្នកគ្រូនៅកម្ពុជា ដល់ទៅជាង ៧១% ហើយបានទទួលវ៉ាក់សាំងកូវីដយ៉ាងហោចណាស់ ១ ដូស ហើយបើតាមការបញ្ជាក់របស់អង្គការ UNICEF ដដែលបានឱ្យដឹងថាកម្ពុជាគ្រោងនឹងសម្រេចចាក់វ៉ាក់សាំងជូនលោកគ្រូ អ្នកគ្រូ ឱ្យបានដល់ ១០០% ពេញទាំងស្រុងត្រឹមចុងខែមេសា។

កម្មវិធីចាក់វ៉ាក់សាំងជូនលោកគ្រូ អ្នកគ្រូ ជាផ្នែកមួយនៃអាទិភាពចម្បងរបស់អង្គការ UNICEF កម្ពុជា ក្នុងការផ្តល់ការការពារដល់វិស័យអប់រំ ជាពិសេសគឺការទទួលយកការអប់រំសម្រាប់កុមារ។ ក្រៅពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ អង្គការ UNICEF ក៏បានរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្នុងការសម្រួលផ្តល់នូវឧបករណ៍ សម្ភារៈជាតម្រូវការចាំបាច់នានា ចែកចាយសម្រាប់គ្រូបង្រៀន និងសិស្សតូចៗជាកុមារដល់ទៅ ១៣,០០០ សាលារៀនជាងទូទាំងប្រទេស ដើម្បីអាចធ្វើការសិក្សា ស្វែងយល់ឱ្យបានទូលំទូលាយអំពីវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ នេះផងដែរ។

រូបថតដោយ UNICEF Cambodia

គិតមកដល់ត្រឹមថ្ងៃទី ៤ ខែមិថុនា ២០២១នេះ កម្ពុជាយើងសម្រេចកម្មវិធីចាក់វ៉ាកសាំងកូវីដដូសទី១ ជូនប្រជាជនបាន ២,៧១០,៣៥៩នាក់ និងចាក់ទាំងពីរដូសរួចរាល់ជូនប្រជាជនបានចំនួន ២,១២៨,៩០១ ដូសហើយ។

យោងតាមតួលេខពីគេហទំព័រ Our World in Data បើប្រៀបទៅនឹងប្រទេសក្នុងតំបន់អាស៊ានទាំងអស់ កម្ពុជាជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេទី ២ សម្រេចបានការចាក់វ៉ាក់សាំងដល់ទៅ ១៦.០៨% ក្នុងចំណោមប្រជាជនសរុប គិតត្រឹមថ្ងៃទី ០៣ មិថុនា ២០២១ ខណៈប្រទេសសឹង្ហបុរី សម្រេចបានតួលេខខ្ពស់ជាងគេដល់ទៅ ៣៨.៩៩% ក្នុងចំណោមប្រជាជនសរុប គិតត្រឹមថ្ងៃទី ៣១ ឧសភា ២០២១។

Leave a Reply

Your email address will not be published. Required fields are marked *