កូរ៉េខាងត្បូងផ្លាស់ប្តូរ 180 ដឺក្រេ លុបចោលមិនផ្តល់វ៉ាក់សាំងកូវីដដែលនៅសល់ក្នុងស្តុក ឱ្យអ្នកក្រោមអាយុ ៦០ឆ្នាំនោះទេ ដោយសារហេតុផលសំខាន់មួយ

កូរ៉េខាងត្បូង៖ អ្នកដែលមានអាយុក្រោម ៦០ឆ្នាំ មិនទាន់ជាអ្នកមានអាទិភាព ហើយដែលបានចុះឈ្មោះអនឡាញស្នើសូមចាក់វ៉ាក់សាំងកូវីដ ដែលនៅសល់ក្នុងស្តុកតាមការប្រកាសរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងនោះ ឥឡូវនេះត្រូវរដ្ឋាភិបាលសម្រេចលុបចោលវិញហើយ ជាការផ្លាស់ប្តូរការអនុវត្តសឹង ១៨០ ដឹក្រេ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Heralds របស់កូរ៉េនៅថ្ងៃសុក្រម្សិលមិញ។

ការសម្រេចផ្លាស់ប្តូរវិធានការពិសេសនេះ ត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសកាលពីថ្ងៃព្រហស្បត្តិ៍នេះ ដែលបញ្ជាក់ថាអ្នកដែលមានវ័យក្រោម៦០ឆ្នាំ ដែលមិនទាន់ជាអ្នកមានអាទិភាពចាក់វ៉ាក់សាំង មិនអាចចុះឈ្មោះទទួលវ៉ាក់សាំងកូវីដដែលនៅសល់ក្នុងស្តុក ជាវ៉ាក់សាំងដែលនៅសល់ពីអ្នកមិនបានមកចាក់លើកមុនទៀតនោះទេ។ ការផ្លាស់ប្តូរនេះ ប្រកាសឡើងត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយពីការវិធានការចុះឈ្មោះអនឡាញ នេះត្រូវបានដាក់ចេញពីសប្តាហ៍មុន ដែលអនុញ្ញាតឱ្យអ្នកណាក៏ដោយ បើទោះជាមិនមានអាទិភាពចាក់វ៉ាក់សាំង អាចស្នើសុំចុះឈ្មោះតាមអនឡាញទទួលយកវ៉ាក់សាំងកូវីដដែលនៅសល់ នៅតាមទីតាំងមណ្ឌលចាក់វ៉ាក់សាំងនានាទូទាំងប្រទេស។

ការផ្លាស់ប្តូរនេះ ធ្វើឡើងដោយរដ្ឋាភិបាលងាកមកផ្តល់អាទិភាពពិសេសនេះដល់អ្នកដែលមានអាយុ ៦០ឆ្នាំឡើងវិញ ដែលជាក្រុមអាយុងាយរងគ្រោះដោយសារតែកូវីដ។ បើតាមការបញ្ជាក់ នៅកាលពីថ្ងៃពុធនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានដាក់ចេញបញ្ជាឱ្យគ្រប់មណ្ឌលចាក់វ៉ាក់សាំងដែលទទួលបានការចុះឈ្មោះទទួលវ៉ាក់សាំងដែលនៅសល់ក្នុងស្តុកនេះ ទម្លាក់កាត់ចោលអ្នកចុះឈ្មោះទាំងអស់ដែលមានអាយុតិចជាង ៦០ឆ្នាំតែម្តង ដើម្បីផ្តល់អាទិភាពឱ្យក្រុមអាយុ ៦០ឡើងវិញ ដែលមិនអាចចុះឈ្មោះទទួលវ៉ាក់សាំងតាមប្រព័ន្ធអនឡាញនេះបានទាន់ពេល។

សម្រាប់នៅប្រទេសកូរ៉េខាងត្បូង អជ្ញាធរសុខាភិបាលកំណត់អាទិភាពទៅតាមក្រុមអាយុជាពិសេសសម្រាប់អ្នកដែលមានអាយុ ៦០ឆ្នាំឡើងទៅ អ្នកធ្វើការងារនៅតាមទីតាំងដែលមានហានិភ័យដូចជាមន្ទីរពេទ្យ មន្ទីរចាស់ជរា និងកងកម្លាំងយោធាជាដើម ដូចនេះជារួមអ្នកដែលមានអាយុវ័យក្មេងក្រោម ៦០ឆ្នាំ មិនទាន់ត្រូវបានផ្តល់អាទិភាពនោះទេ ហើយការលុបចោលកម្មវិធីចុះឈ្មោះអនឡាញ ទទួលវ៉ាក់សាំងកូវីដដែលនៅសល់ក្នុងស្តុកសម្រាប់អ្នកមានវ័យក្រោម ៦០ឆ្នាំនេះទៀត មានន័យថាអ្នកវ័យក្មេងត្រូវបន្តរង់ចាំទៀតសិន ទំរាំដល់វេនអាទិភាពរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំងកូវីដ។

ក្នុងនោះដែរ ការប្រកាសមួយដោយឡែករបស់អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា កម្មវិធីចាក់វ៉ាក់សាំងសម្រាប់អ្នកវ័យ ៥០ឆ្នាំ ចុះក្រោមនឹងអាចត្រូវប្រកាសក្នុងអំឡុងសប្តាហ៍ទី៣នៃខែមិថុនានេះដែរ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ កូរ៉េខាងត្បូងចាក់វ៉ាក់សាំងកូវីដជូនប្រជាជនខ្លួនបានដល់ ៧.៤៥លាននាក់ហើយ ខណៈដែលគោលដៅបន្ទាប់គឺសម្រេចឱ្យបានដល់ ១៣លាននាក់ត្រឹមចុងខែមិថុនានេះ។

Leave a Reply

Your email address will not be published. Required fields are marked *