ចក្រភពអង់គ្លស អនុញ្ញាតឱ្យចាក់វ៉ាក់សាំងកូវីដរបស់ Pfizer សម្រាប់ក្រុមវ័យអាយុជំទង់ ពី12 ដល់15ឆ្នាំហើយ

ចក្រភពអង់គ្លេស៖ វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ត្រូវបានផ្តល់ការអនុញ្ញាតឱ្យចាក់ជូនយុវជនជំទង់មានអាយុពី១២ ដល់១៥ហើយនៅក្នុងចក្រភពអង់គ្លេស តាមរយៈការប្រកាសនៅថ្ងៃសុក្រនេះរបស់អជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស។

ចុះផ្សាយក្នុងសារព័ត៌មាន BBC របស់ចក្រភពអង់គ្លេស ស្ថាប័ននិយ័តករផលិតផលឱសថ និងផលិតផលសុខាភិបាលចក្រភពអង់គ្លេសបានផ្តល់ភ្លើងខៀវក្នុងការប្រើប្រាស់វ៉ាក់សាំងកូវីដ Pfizer ចាក់ជូនប្រជាជនវ័យក្មេងអាយុពី ១២ ដល់១៥ឆ្នាំហើយ ក្រោយពីស្ថាប័នជំនាញនេះបានធ្វើការពិនិត្យយកចិត្តទុកដាក់លើប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំង Pfizer ប្រើប្រាស់លើក្រុមយុវជនវ័យជំទង់ទាំងនេះ។

ស្ថាប័នជំនាញដដែលនេះបញ្ជាក់ថា វ៉ាក់សាំង Pfizer នេះមានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់ក្រុមអាយុ ១២ ដល់១៥ឆ្នាំនេះ ហើយផលប្រយោជន៍នៃការផ្តល់វ៉ាក់សាំងជូន មានច្រើនលើសលប់ពីហានិភ័យសុខភាពនានាដែលអាចនឹងកើតមាននោះ។

ក្នុងនោះដែរ ប្រធាននៃស្ថាប័ននិយ័តករជំនាញផ្នែកសុខាភិបាល ក៏បញ្ជាក់ថាអជ្ញាធរជំនាញនឹងបន្តតាមដានលើសុវត្ថិភាពនៃការប្រើប្រាស់វ៉ាក់សាំងសម្រាប់យុវជនជំទង់ជាក់ស្តែងផងដែរ ហើយការផ្តល់អជ្ញាប័ណ្ណសម្រាប់ក្រុមអាយុដទៃទៀត ដូចជាក្រុមអាយុសម្រាប់កុមារតូចៗជាដើមនោះ មិនទាន់ត្រូវបានផ្តល់ជូននោះទេ លុះណាតែស្តង់ដារនៃសុវត្ថិភាព ប្រសិទ្ធភាពសម្រាប់ក្រុមអាយុដទៃទៀតនោះ ត្រូវបានពិនិត្យ និងឯកភាពដោយអជ្ញាធរជំនាញផងដែរ។

សម្រាប់បច្ចុប្បន្ននៅក្នុងចក្រភពអង់គ្លេសផ្ទាល់ វ៉ាក់សាំងកូវីដ Pfizer ត្រូវបានអនុញ្ញាតឱ្យប្រើសម្រាប់ក្រុមអាយុ ១៦ឆ្នាំឡើងទៅ តែសម្រាប់អ្នកដែលមានអាយុពី ១៦ ដល់ ១៨ឆ្នាំ មិនមានការកំណត់ជាអាទិភាពជាក់លាក់សម្រាប់ការចាក់វ៉ាក់សាំងនោះទេ ដោយគេអនុវត្តសម្រាប់តាមករណីនីមួយៗជាក់ស្តែងប៉ុណ្ណោះ ដូចជាអ្នកវ័យ ១៦ ដល់ ១៨ឆ្នាំ ដែលស្ថិតនៅក្នុងផ្ទះជាមួយអ្នកវ័យចំណាស់ ដែលងាយនឹងរងហានិភ័យពីកូវីដជាដើមប៉ុណ្ណោះ។

ថ្មីៗនេះ សហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក និងកាណាដា ក៏បានផ្តល់អជ្ញាប័ណ្ណសម្រាប់ការចាក់វ៉ាក់សាំងកូវីដ Pfizer សម្រាប់ក្រុមអាយុ ១២ ដល់១៥ឆ្នាំនេះដូចគ្នា។

Leave a Reply

Your email address will not be published.