កូរ៉េខាងត្បូង៖ សហរដ្ឋអាម៉េរិកគ្រោងនឹងរៀបចំផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនដល់បណ្តាប្រទេសដែលត្រូវការវ៉ាក់សាំង ដែលមានទាំងកូរ៉េខាងត្បូងផងដែរ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ម៉ោងនៅសហរដ្ឋអាមេ៉រិក។
លោកចូ បៃឌិន បាននិយាយថា ស្របពេលដែលសហរដ្ឋអាម៉េរិកកំពុងបន្តកម្មវិធីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្លួន និងប្រយុទ្ធជំងឺកូវីដ-១៩ នៅនឹងផ្ទះខ្លួនឯង អាម៉េរិកក៏ទទួលស្គាល់ថាការប្រយុទ្ធប្រឆាំងឈានដល់ការបញ្ចប់ជំងឺឆ្លងនេះ គឺត្រូវបញ្ចប់ឱ្យបានគ្រប់កន្លែងទាំងអស់ទូទាំងពិភពលោក។
តាមការបញ្ជាក់របស់លោកប្រធានាធិបតី យ៉ាងហោចណាស់ វ៉ាក់សាំង២៥លានដូស នឹងត្រូវចែកចាយក្នុងជុំដំបូងឆាប់ៗនេះ។ ក្នុងនោះ វ៉ាក់សាំងកូវីដ ចំនួន១៩លានដូស នឹងត្រូវចែកចាយតាមរយៈកម្មវិធីកូវ៉ាក់របស់អង្គការសុខភាពពិភពលោក ទៅកាន់បណ្តាប្រទេសនានាដែលត្រូវការ ខណៈដែលវ៉ាក់សាំងកូវីដ ៦លានដូសទៀត នឹងត្រូវចែកចាយទៅកាន់បណ្តាប្រទេសដែលមានករណីឆ្លងកើនឡើងខ្លាំងផ្ទាល់តែម្តង ដែលជាដៃគូជិតស្និទ្ធ និងអ្នកជិតខាងអាម៉េរិក ដូចជាកាណាដា ម៉ិចស៊ិចកូ ឥណ្ឌា និងកូរ៉េខាងត្បូង។ យ៉ាងណាមិញ ព័ត៌មានលម្អិតអំពីការចែកចាយនេះ កំពុងត្រូវបានអជ្ញាធរអាម៉េរិករៀបចំបន្តសិន។
ចុះផ្សាយក្នុងសារព័ត៌មាន Korea Times សហរដ្ឋអាម៉េរិកគ្រោងនឹងចែកចាយវ៉ាក់សាំងកូវីដ-១៩ ដល់៨០លានដូស ដែលក្នុងនោះ២០លានដូសត្រូវបានអជ្ញាធរសុខាភិបាលអាម៉េរិកផ្តល់ភ្លើងខៀវក្នុងការនាំចេញហើយ ខណៈវ៉ាក់សាំងកូវីដ AstraZeneca ៦០លានដូសទៀត កំពុងរង់ចាំការផ្តល់ភ្លើងខៀវដូចគ្នានេះពីក្រសួងចំណីអាហារ និងឱសថអាម៉េរិក ដែលអាចនឹងរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះហើយ។
សម្រាប់ប្រទេសកូរ៉េខាងត្បូង អាម៉េរិកកន្លងមកក៏បានប្រគល់វ៉ាក់សាំងកូវីដ Johnson & Johnson ១លានដូសដោយឡែករួចហើយផងដែរ ជាលទ្ធផលនៃកិច្ចប្រជុំកំពូលនៃទស្សនកិច្ចរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង ទៅកាន់ប្រទេសអាម៉េរិកកាលពីសប្តាហ៍មុន។ វ៉ាក់សាំងដែលត្រូវផ្តល់ជូនឱ្យមកកូរ៉េខាងត្បូង ត្រូវបានអជ្ញាធរបញ្ជាក់ឱ្យដឹងថាបានរៀបចំដាក់ចូលទៅក្នុងយន្តហោះសម្រាប់ដឹកមកប្រទេសកូរ៉េខាងត្បូងវិញហើយ ដែលអាចនឹងមកដល់ក្នុងពេលឆាប់ៗនេះ អាចជាល្ងាចថ្ងៃសុក្រនេះតែម្តង។
ក្នុងនោះដែរ បើតាមការបញ្ជាក់កន្លងមក វ៉ាក់សាំង Johnson & Johnson ១លានដូសដែលអាម៉េរិកឧបត្ថម្ភនេះ ត្រូវបានអ្នកស្ម័គ្រចិត្តចុះឈ្មោះទទួលចាក់អស់ភ្លាមៗ ត្រឹមតែរយៈពេលខ្លីក្រោយពីអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបើកឱ្យមានការចុះឈ្មោះទទួលវ៉ាក់សាំងដោយការស្ម័គ្រចិត្តប៉ុន្មានថ្ងៃមុននោះ។