កូរ៉េខាងត្បូង៖ មនុស្សពេញវ័យយ៉ាងហោចណាស់ក្បែរ២នាក់ ក្នុងចំណោម ៣នាក់ ដែលមានអាយុចន្លោះពី ២០ ទៅ ៣០ឆ្នាំ រស់នៅក្នុងទីក្រុងសេអ៊ូល គិតថាប្រទេសកូរ៉េខាងត្បូងពិបាករស់នៅសម្រាប់ពួកគេ បើប្រៀបទៅនឹងប្រទេសដទៃទៀត នេះបើតាមលទ្ធផលសម្រង់មតិមួយ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
សម្រង់មតិនេះរៀបចំធ្វើឡើងដោយវិទ្យសា្ថនសេអ៊ូល (The Seoul Institute) ដែលជាវិទ្យាស្ថានរបស់សាលាក្រុងសេអ៊ូល ដោយបានសាកសួរលើអ្នករស់នៅសេអ៊ូលអាយុចន្លោះពី ២០ ដល់ ៣៩ឆ្នាំ ចំនួន១០០០នាក់ កាលពីចន្លោះខែកក្កដា ឆ្នាំ២០២០កន្លងទៅ។ សម្រង់មតិនេះបានរកឃើញថាយ៉ាងហោចណាស់មានដល់ ៦៥.៥% នៃអ្នកដែលបានបំពេញសម្រង់មតិ ដែលតំណាងឱ្យអ្នករស់នៅសេអ៊ូលទាំងអស់នោះ បានឆ្លើយបដិសេធលើការលើកឡើងថា បើប្រៀបធៀបទៅនឹងប្រទេសដទៃ ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសដែលងាយស្រួលរស់នៅសម្រាប់ប្រជាជនវ័យក្មេង។
ការបដិសេធបែបនេះបង្ហាញថាប្រជាជនអ្នករស់នៅសេអ៊ូល គិតថាប្រទេសកូរ៉េខាងត្បូងពិបាករស់នៅសម្រាប់ពួកគេ បើប្រៀបទៅនឹងប្រទេសដទៃទៀត។ ហើយក្នុងចំណោមអ្នកដល់ទៅ ៦៥.៥% ដែលបានឆ្លើយបដិសេធនោះ មានដល់ទៅ ៣២.១% បានឆ្លើយបដិសេធទាំងស្រុងតែម្តងលើការលើកឡើងនេះ ខណៈដែល ៣៣.៤% បានឆ្លើយបដិសេធក្នុងកម្រិតធម្មតា។
ក្នុងនោះដែរ លទ្ធផលបង្ហាញថាមានត្រឹម ១០%នៃអ្នកបំពេញសម្រង់មតិប៉ុណ្ណោះ យល់ឃើញថាពួកគេអាចរស់នៅបានស្រួលនៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈដែលអ្នកធ្វើសម្រង់មតិ ២៤.៥% ទៀតមានមតិកណ្តាលចំពោះការលើកឡើងបែបនេះ។
ក្នុងនោះដែរ ៦៣.៣% នៃអ្នកបំពេញសម្រង់មតិបដិសេធផងដែរលើសំនួរមួយទៀតដែលលើកឡើងថា នៅក្នុងប្រទេសកូរ៉េខាងត្បូង ជាទូទៅអ្នកដែលមានអាយុពី២០ ទៅ៣០ឆ្នាំ មានឱកាសចូលក្នុងសង្គម និងឱកាសសេដ្ឋកិច្ចច្រើនជាងអ្នកដែលមានអាយុ ៤០ ទៅ៥០ឆ្នាំ ខណៈដែលមានត្រឹមតែ ១៨.១% ប៉ុណ្ណោះដែលឆ្លើយតបវិជ្ជមានទៅនឹងសំនួរលើកឡើងនេះ។
អ្នកសេអ៊ូលដល់ទៅ ៦០.៤% ក៏បានបដិសេធលើការលើកឡើងថានៅសង្គមប្រទេសកូរ៉េខាងត្បូង នឹងអាចរកចំណូលបានស្មើភាពគ្នា ទៅនឹងការខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ ខណៈមានត្រឹម ១៤.៣% ប៉ុណ្ណោះឆ្លើយតបវិជ្ជមានទៅនឹងការលើកឡើងនេះ។
ហើយមានត្រឹមតែ ២៤.៨% ប៉ុណ្ណោះជឿជាក់ថា ពួកគេនឹងអាចឡើងកាំជណ្តើរក្នុងសង្គមបាន គឺសំដៅការផ្លាស់ប្តូរជីវភាពរបស់ខ្លួននៅក្នុងសង្គម ដូចជាពីភាពក្រីក្រ មកកម្រិតមធ្យម ទៅជាកម្រិតអភិជនជាដើមនោះ។ តួលេខនេះធ្លាក់ចុះខ្លាំងគួរសម បើប្រៀបទៅនឹងតួលេខនៃការលើកឡើងដូចគ្នានេះ ក្នុងសម្រង់មតិដែលបានធ្វើឡើងកាលពីឆ្នាំ ២០០៩កន្លងមក។
ចុងក្រោយ ចំពោះសំនួរពាក់ព័ន្ធនឹងកម្រិតនៃការពេញចិត្តជារួមលើជីវិតរបស់ខ្លួន ពីកម្រិត ១ ដល់ ១០ដែល ១០សម្តៅដល់ការពេញចិត្តខ្លាំងបំផុតនោះ តួលេខដែលឆ្លើយជាមធ្យមគឺបានត្រឹមកម្រិត ៤.៦៣ ប៉ុណ្ណោះ គឺមិនបានពាក់កណ្តាលនៃកម្រិតពី១ ដល់ ១០ផង ដែលលទ្ធផលនេះហាក់បង្ហាញថា ពលរដ្ឋពេញវ័យកូរ៉េខាងត្បូងពី ២០ ទៅ៣០ឆ្នាំ ហាក់មិនមានការពេញចិត្តខ្លាំងចំពោះសង្គមដែលខ្លួនរស់នៅនោះឡើយ។