កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ ប្រភេទពិសេស ចំនួន ៥ករណីបន្ថែមទៀតហើយ នាំឱ្យចំនួនសរុបនៃករណីជំងឺកូវីដវិជ្ជមានប្រភេទពិសេសនេះកើនដល់ ៩ ករណីហើយ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឹឆ្លងកូរ៉េខាងត្បូង (KDCA) បានបញ្ជាក់ថាករណីឆ្លងពិសេសជំងឺកូវីដ-១៩ ក្នុងប្រទេសកូរ៉េខាងត្បូងកើនដល់ ៩ ករណីហើយ ក្រោយពីត្រឹមថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះរកឃើញករណីថ្មី ៥ករណីបន្ថែមទឿត។
ករណីដែលគេហៅថា ជាករណីឆ្លងកូវីដ ‘ពិសេស’ នេះ គឺគេសំដៅដល់អ្នកដែលរកឃើញវិជ្ជមានកូវីដ ក្នុងចន្លោះពេលដែលបានចាក់វ៉ាក់សាំងកូវីដលើកទី១ ហើយកំពុងរង់ចាំចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២ ឬអ្នកដែលរកឃើញវិជ្ជមានកូវីដ ២សប្តាហ៍ឡើងទៅក្រោយពីបានចាក់វ៉ាក់សាំងកូវីដរួចរាល់ទាំងពីរដូសអស់ហើយនោះ។
អជ្ញាធរសុខាភិបាលបញ្ជាក់ផងដែរថា អ្នកដែលឃើញថាវិជ្ជមានកូវីដ ករណីពិសេសទាំង៥នាក់ថ្មីនេះ ដែលវិជ្ជមានកូវីដក្រោយពីបានចាក់វ៉ាក់សាំងកូវីដរួចរាល់ គឺសុទ្ធសឹងជាអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ របស់ក្រុមហ៊ុន Pfizer ទាំងអស់។ អ្នកទាំង៥នាក់មានអាយុចន្លោះពី ៧០ ទៅ៨០ឆ្នាំ ក្នុងនោះ៣នាក់ជាស្រ្តី និង២នាក់ជាបុរស។
អជ្ញាធរសុខាភិបាលបញ្ជាក់ថាករណីប្រហាក់ប្រហែលគ្នាបែបនេះ នឹងបន្តកើនឡើងកាន់តែច្រើននៅពេលខាងមុខ ពេលដែលវ៉ាក់សាំងត្រូវបានចាក់ជូនប្រជាជនកូរ៉េខាងត្បូងកាន់តែច្រើនជាងមុនផងដែរ។ ក្នុងន័យនេះហើយ អ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ហើយក៏ដោយ ក៏គួរបន្តពាក់ម៉ាស់ និងការពារឱ្យបានខ្ជាប់ខ្ជួនបំផុតដដែល។
បើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាល ជាទូទៅអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ក៏នៅតែមានឱកាសអាចឆ្លងជំងឺនេះបានដែរ តែក្នុងករណីដែលរកឃើញថាវិជ្ជមានក្រោយពីបានចាក់វ៉ាក់សាំងកូវីដនេះ គឺអ្នកជំងឺសុទ្ធតែមានអាការៈតិចតួច និងស្រាល ឬសឹងតែគ្មានរោគសញ្ញាតែម្តង។
គិតត្រឹមថ្ងៃព្រហស្បត្តិ៍នេះ ចំនួនអ្នកដែលបានចាក់វ៉ាក់សាំងកូវីដក្នុងប្រទេសកូរ៉េខាងត្បូងកើនដល់ ៦.៧៤លាននាក់ហើយ គឺប្រមាណដល់ ១៣.១% នៃចំនួនប្រជាជនសរុបហើយ។