អបអរសាទរ!! រដ្ឋមន្ដ្រីកិច្ចការនារីកូរ៉េ ប្រគល់ប័ណ្ណកិត្តិយសថ្នាក់ជាតិ ជូនកីឡាការិនីឆ្នើម ស្រួង ភារី ស្រ្តីកម្ពុជាដំបូងបង្អស់

សេអ៊ូល៖ កីឡាការិនីស្នូកឃ័រជម្រើសជាតិកម្ពុជា លោកស្រី ស្រួង ភារី បានក្លាយជានារីខ្មែរដំបូងគេបង្អស់ ទទួលបានប័ណ្ណកិត្តិយសថ្នាក់ជាតិ ពីក្រសួងកិច្ចការនារីនៃប្រទេសកូរ៉េខាងត្បូង។

លោកស្រី ស្រួង ភារី មានកិត្តិយសទទួលបានរង្វាន់នេះផ្ទាល់ពីសំណាក់រដ្ឋមន្ត្រីកិច្ចការនារី​កូរ៉េខាងត្បូង លោកស្រី I Jiong-og កាលពីថ្ងៃទី ១២ មិថុនា ២០២០ កន្លង​ទៅ។

ក្នុងនាមជាប្រធានគណៈកម្មាធិការពហុវប្បធម៌ទីមួយ របស់ក្រសួងកិច្ចការនារី ប្រចាំសាធារណរដ្ឋកូរ៉េផងនោះ លោកស្រី ស្រួង ភារី បញ្ជាក់ថា មូលហេតុដែលលោកស្រីទទួលបានរង្វាន់កិត្តិយសនេះ​​ដោយសារ «ខ្ញុំបានរៀន និងលេងកីឡាស្នូកឃ័រ និងប៊ីយ៉ា មានឈ្មោះល្បីល្បាញនៅកូរ៉េ ហើយប្រជាជនកូរ៉េ បានស្គាល់ និងស្រលាញ់គាំទ្រខ្ញុំខ្លាំង ដោយខ្ញុំត្រូវបានចាត់ទុកជាគំរូសម្រាប់ស្ដ្រីរៀបការនៅកូរ៉េ ។ ម្យ៉ាងរាល់ការប្រកួតរបស់ខ្ញុំ ដែលបានប្រាក់រង្វាន់ ខ្ញុំតែងយកទឹកប្រាក់នោះ ទៅជួយសប្បុរសធម៌ និងជួយសង្គមផ្សេងៗ ។ ខ្ញុំបានបង្កើតព្រឹត្តិការណ៍កីឡាសប្បុរសធម៌ ហើយបានទឹកប្រាក់ឧបត្ថម្ភ ជួយដល់ស្ដ្រីរៀបការ ដែលខ្វះខាត និងក្រីក្រ ។ មួយទៀត ខ្ញុំក៏បានបង្កើតសាលារៀនសប្បុរសធម៌ ដើម្បីជួយបង្ហាត់ដល់គ្រប់ជាតិសាសន៍ទាំងអស់ ឲ្យពួកគាត់មានឱកាសលេងកីឡាដូចខ្ញុំដែរ»។  

លោកស្រី ក៏បានបញ្ជាក់ផងដែរថា «ពាននេះ គឺកម្រទទួលបានណាស់ ទាល់តែមានការបោះឆ្នោត និងការប្រឡងផ្សេងៗ ទើបអាចទទួលបាន ។ តែសម្រាប់ខ្ញុំ ពួកគាត់មើលមកឃើញលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងទទួលបានពាន និងតំណែងហ្នឹង ដែលជាគំរូមួយ សម្រាប់មនុស្សទូទៅ ខ្ញុំពិតជាសប្បាយចិត្តមែនទែន»។

កីឡាការិនីស្នូកឃ័រ មានស្រុកកំណើតពីខេត្តត្បូងឃ្មុំ រូបនេះ ធ្លាប់ទទួលបានជ័យលាភីមេដាយសំរឹទ្ធពិភពលោក ឆ្នាំ២០១៨ រួមនឹងជ័យលាភីថ្នាក់ជាតិ និងអន្តរជាតិជាច្រើនទៀតផងដែរ។ ក្រោយពីបានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីជនជាតិកូរ៉េ ហើយរស់នៅប្រទេសកូរ៉េជាង ១០ឆ្នាំមក កីឡាការិនីលំដាប់ពិភពលោករូបនេះ ក៏នៅតែបន្តកតំណាង និងនាំយកទង់ជាតិកម្ពុជា ចូលរួមប្រកួតព្រឹត្តិការណ៍ជាច្រើនជាច្រើនផងដែរ ព្រមទាំងបានចូលរួមលើកស្ទួយវិស័យកីឡាស្នូកឃ័រនៅកម្ពុជាជាបន្តបន្ទាប់ផងដែរ។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *