ក្រុមហ៊ុនឯកជនធំៗនៅកូរ៉េខាងត្បូង បាននាំគ្នាផ្តល់ច្បាប់សម្រាកពិសេស សម្រាប់បុគ្គលិកខ្លួ​នដែលបានចាក់វ៉ាក់សាំងកូវីដ ដើម្បីជំរុញការចាក់វ៉ាក់សាំង

កូរ៉េខាងត្បូង៖ ក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូង កំពុងចាប់ផ្តើមអនុវត្តនូវការអនុញ្ញាតច្បាប់ពិសេស សម្រាប់អ្នកដែលចាក់វ៉ាក់សាំង ជូនដល់បុគ្គលិករបស់ខ្លួន ខណៈដែលដំណើរការចាក់វ៉ាក់សាំងកំពុងបន្តបោះជំហានកាន់តែលឿន និងទូលំទូលាយនៅពេលនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ក្រុមហ៊ុនធំៗ រួមមានទាំងក្រុមហ៊ុន Lotte Group ក្រុមហ៊ុន Samsung Electronics Co., ក្រុមហ៊ុន Hyundai Motor Co និងក្រុមហ៊ុនធំៗដទៃទៀត បានចាប់ផ្តើមការអនុវត្តផ្តល់ច្បាប់អនុញ្ញាតឈប់សម្រាក ដោយទទួលបានប្រាក់ការងារដូចធម្មតា សម្រាប់បុគ្គលិកខ្លួនដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់។ ការអនុញ្ញាតផ្តល់ច្បាប់សម្រាកសម្រាប់ការចាក់វ៉ាក់សាំងនេះ អាចមានរយៈពេលពី ១ថ្ងៃ ទៅ៣ថ្ងៃ អាស្រ័យទៅតាមអាការៈនីមួយៗរបស់បុគ្គលិកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់។

កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមហ៊ុន Hyundai Motor Co បានយល់ព្រមជាមួយសហជីពរបស់ខ្លួន ដោយអនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនដែលបានចាក់វ៉ាក់សាំងរួចរាល់ អាចឈប់សម្រាកដោយមានច្បាប់ និងមិនមានរងការកាត់ប្រាក់ខែនោះទេ ដែលការអនុញ្ញាតច្បាប់នេះមានរយៈពេល១ថ្ងៃ។ ក្នុងនោះតំណាងក្រុមហ៊ុនក៏បានបញ្ជាក់ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធដទៃទៀតរបស់ Hyundai ក៏កំពុងបន្តពិភាក្សាជាមួយតំណាងសហជីពរបស់ខ្លួនផងដែរ ដើម្បីដាក់ចេញគោលការណ៍អនុញ្ញាតច្បាប់ចាក់វ៉ាក់សាំងនេះ។

ចំណែកឯក្រុមហ៊ុនដូចជា AmorePacific Corp., ក្រុមហ៊ុន Samsung C&T Corp និង Gmarket ជាដើមក៏បានដាក់ចេញគោលការណ៍អនុញ្ញាតច្បាប់ចាក់វ៉ាក់សាំងបានច្រើនដល់ទៅ ៣ថ្ងៃឯណោះ។ ហើយគេរំពឹងថានឹងមានក្រុមហ៊ុនបន្តបន្ទាប់ទៀត ចូលរួមអនុវត្តការផ្តល់អនុញ្ញាតច្បាប់នេះ ដើម្បីជាវិធានការក្នុងការជម្រុញឱ្យបុគ្គលិករបស់ខ្លួនបានទៅចាក់វ៉ាក់សាំងកូវីដឱ្យបានគ្រប់ៗគ្នា។

ដោយសារតែកម្មវិធីចាក់វ៉ាក់សាំងបានផ្តល់ជូនមនុស្សចាស់ បានជាបន្តបន្ទាប់មកនោះ អជ្ញាធរសុខាភិបាលកំពុងរៀបចំបន្ធូរបន្ថយវិធា​នការគម្លាតសង្គមបន្តិចម្តងៗ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ ឬអ្នកដែលបានចាក់វ៉ាក់សាំងកូវីដយ៉ាងហោចណាស់ ១ដូស រួមមានការអនុញ្ញាតឱ្យមានការជួបជុំសមាជិកគ្រួសារផ្ទាល់បានដល់គ្នា ៨នាក់ឡើងទៅ ការបន្ធូរបន្ថយមិនចាំបាច់ពាក់ម៉ាស់នៅទីសាធារណ ចាប់ពីខែកក្កដាទៅ ព្រមទាំងការទទួលបានបញ្ចុះតម្លៃតាមហាងទំនិញមួយចំនួនផងដែរ។

គិតមកដល់ថ្ងៃពុធនេះ អជ្ញាធរសុខាភិបាលបានសម្រេចចាក់វ៉ាក់សាំងកូវីដជូនប្រជាជនកូរ៉េខាងត្បូងបានដល់ ៦.៣៥លាននាក់ហើយ ចំណែកឯផែនការបន្ទាប់គឺសម្រេចចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនឱ្យបានដល់ ១៣លាននាក់ត្រឹមចុងខែមិថុនានេះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *