ប្រុងប្រយ័ត្ន!! ខណៈ Cryptocurrency កំពុងពេញនិយមខ្លាំងនៅកូរ៉េខាងត្បូង ករណីបោកប្រាស់ពីពួកខិលខូច លើអ្នកវិនិយោគក៏មានកាន់តែច្រើនផងដែរ

កូរ៉េខាងត្បូង៖ ខណៈដែលការវិនិយោគលើវិស័យរូបិយវត្ថុឌីជីថល ឬគេស្គាល់ថា Cryptocurrency កំពុងពេញនិយមខ្លាំងក្នុងប្រទេសកូរ៉េខាងត្បូង គេក៏សង្កេតឃើញថាមានករណីឆបោកបន្លំជាច្រើនបានកើតមានឡើងមកលើអ្នកវិនិយោគថ្មីថ្មោងក្នុងវិស័យនេះ ប្រភេទ Cryptocurrency នេះ បើតាមអត្ថបទចុះផ្សាយដោយសារព័ត៌មាន Korea Times។

ភាគច្រើននៃករណីបោកបន្លំកើតមានឡើងក្នុងវិស័យ Cryptocurrency នេះគឺជាការបោកបន្លំបែប Ponzi scheme ដែលមានន័យថាពួកជនបោកប្រាស់ លួងលោមបញ្ចុះបញ្ចូលអ្នកវិនិយោគ ម្ចាស់លុយឱ្យយកប្រាក់របស់ខ្លួនទៅទិញ កាក់ ឬរូបិយវត្ថុឌីជីថល (coin) ដែលមិនមានប្រភព និងព័ត៌មានច្បាស់លាស់នៅក្នុងទីផ្សារ Cryptocurrency ភាគច្រើនជាកាក់បង្កើតថ្មី ដោយសន្យាថាកាក់ដែលទិញនោះនឹងអាចកើនតម្លៃច្រើនដង នៅពេលអនាគតខាងមុខ តែភាគច្រើនគឺពួកបោកប្រាស់នឹងយកលុយដែលវិនិយោគនោះរត់ទៅបាត់តែម្តង។

ប៉ូលីសខេត្តឃ្យ៉ុងណាម បាននិយាយថានៅថ្ងៃទី៣១ ឧសភានេះ ស្ថាប័នខ្លួនបានឃាត់ខ្លួនជនបោកប្រាស់២នាក់ ដែលជាសមាជិកនៃបណ្តាញក្រុមបោកប្រាស់មួយ ដែលកន្លងមកក្រុមនេះបានបោកប្រាស់អ្នកវិនិយោគអស់ ៦៣នាក់មកហើយ នូវទឹកប្រាក់ដល់ទៅ ១.៥ប៊ីលានវ៉ុន (ប្រមាណ ១.៣លានដុល្លារ)។ ក្រុមពួកបោកប្រាស់នេះ បានបន្លំរៀបចំធ្វើជាបទបង្ហាញតាមរូបភាពផ្សេងៗ និងបញ្ចុះបញ្ចូលអ្នកវិនិយោគនៅក្នុងប្រទេសកូរ៉េខាងត្បូងឱ្យបោះទុនទៅទិញកាក់ ឬរូបិយវត្ថុឌីជីថល (coin) របស់ខ្លួន ហើយបានបោកប្រាស់ថាក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុន Amazon និង Alibaba ជាដើមសុទ្ធតែបានវិនិយោគលើកាក់របស់ខ្លួនរួចរាល់ហើយ ដែលព័ត៌មាននេះជាព័ត៌មានមិនពិត។ ក្រុមបោកប្រាស់នេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៧មកម្លេះ។

បើតាមប៉ូលីសបញ្ជាក់ ក្រុមបោកប្រាស់នេះបញ្ជាក់ថាកាក់របស់ខ្លួន នឹងកើនតម្លៃដល់ទៅ ៥ដងឯណោះ នៅពេលដែលបានចុះឈ្មោះជាផ្លូវការទៅក្នុងទីផ្សារជួញដូរ Cryptocurrency ធំៗជុំវិញពិភពលោក។ ពួកនេះបានបញ្ចុះបញ្ចូលទៀតថា ប្រសិនបើអ្នកវិនិយោគទិញពី ៣០,០០០ កាក់ឡើងទៅ ដែលមានតម្លៃ ១០.៨លានវ៉ុន (ប្រមាណ ៩,៧០០ដុល្លារ) អ្នកវិនិយោគនោះនឹងអាចទទួលបានកាក់នេះថ្មី ដល់ទៅ២៤០ កាក់ជារៀងរាល់ថ្ងៃ។ ហើយពួកបោកប្រាស់បានជំរុញឱ្យអ្នកដែលបានវិនិយោគហើយ ដើររកអ្នកវិនិយោគថ្មីៗមកបន្ថែមទៀត ដើម្បីវិនិយោគលើកាក់ដែលជាការបោកប្រាស់នេះ ដើម្បីជាទទួលបានលុយ Commission ១០% ពីការវិនិយោគថ្មីនោះទៀត ដែលឈាននាំដល់ការបោកប្រាស់បន្តៗគ្នា។

តែបើតាមការបញ្ជាក់របស់សមត្ថកិច្ចប៉ូលីស ក្រុមពួកបោកប្រាស់នេះមិនមានចំណេះដឹងជ្រៅជ្រះលើផ្នែកបច្ចេកវិទ្យា Blockchain និងCryptocurrency នេះនោះទេ ហើយអ្វីដែលពួកគេលើកឡើងគ្រាន់ជាការបោកប្រាស់ដល់អ្នកវិនិយោគថ្មី ដែលមិនសូវដឹងអំពីទីផ្សារ និងងាយស្រួលបោកប្រាស់ប៉ុណ្ណោះ ហើយក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុន Amazon និង Alibaba ក៏មិនមានគម្រោងផែនការណាមកវិនិយោគលើ Cryptocurrency ដែលក្រុមនេះយកមកបោកប្រាស់នោះទេ។ ភាគច្រើន​នៃអ្នកដែលត្រូវបានគេបោកប្រាស់ គឺជាអ្នកដែលមានចំណូលទាប និងមនុស្សចាស់ដែលមិនសូវទទួលបានព័ត៌មាន ហើយមានជនរងគ្រោះម្នាក់រងគ្រោះចាញ់បោកដល់ទៅ ១០៨លានវ៉ុន (ប្រមាណដល់ជាង ១០ម៉ឺនដុល្លារ) ឯណោះ។

ក្នុងនោះដែរ ករណីមួយផ្សេងទៀតប៉ូលីសក្រុងដេហ្គូ បានឃាត់ខ្លួនក្រុមបោកប្រាស់មួយក្រុមទៀត ដែលបានបោកប្រាស់ជនរងគ្រោះដល់ទៅ ២០នាក់ អស់ទឹកប្រាក់ដល់ទៅ ៤ប៊ីលានវ៉ុន (៣.៦លានដុល្លារ) ដោយការសន្យាខ្យល់ចំពោះការចំណេញលើសលប់ពីការវិនិយោគក្នុងវិស័យ Cryptocurrency នេះដូចគ្នា។

ពួកអ្នកបោកប្រាស់ក្រុមនេះ បានប្រើល្បិចបញ្ឆោតថា Cryptocurrency របស់ខ្លួនត្រូវបង្កើតដោយក្រុមហ៊ុននៅជប៉ុន ហើយនឹងត្រូវដាក់ចុះឈ្មោះចូលក្នុងទីផ្សារជួញដូរនៅកូរ៉េខាងត្បូង ឆាប់ៗនេះ ហើយដែលកាក់ដែលបោកប្រាស់នេះ នឹងត្រូវប្រើប្រាស់ជាកាក់ដើម្បីអាចទូទាត់ទំនិញនៅតាមហាងទំនិញធំៗជុំវិញពិភពលោក ដែលមានន័យថាកាក់នេះនឹងកើនថ្លៃខ្លាំងនៅពេលខាងមុខនេះ ដែលទាំងអស់សុទ្ធតែជាការបោកប្រាស់ប៉ុណ្ណោះ។ បើតាមការបញ្ជាក់របស់ប៉ូលីស ពួកមេក្រុមបោកប្រាស់នេះ បានយកលុយដែលបោកបានជិត ១លានដុល្លារ ទៅទិញអាផាតមិននៅសេអ៊ូលផងដែរ។

ជាទូទៅ ប្រភេទកាក់ថ្មីៗ Cryptocurrency ដែលត្រូវបានបង្កើតហើយ អាចដំណើរការទិញដូរបានតាមប្រព័ន្ធក្រៅផ្លូវការ និងក្រោយពីបានចុះឈ្មោះចូលទីផ្សារជួញដូរ Cryptocurrency ណាមួយហើយ អ្នកវិនិយោគនឹងអាចបញ្ជាទិញកាក់ទាំងនោះបានទូទាំងពិភពលោក ដែលជាទូទៅជាកត្តានាំឱ្យមានការបញ្ជាទិញច្រើន និងនាំឱ្យតម្លៃនៃកាក់នោះកើនឡើង។

ការវិនិយោគនៅលើទីផ្សារ Cryptocurrency ថ្វីត្បិតតែអាចជាឱកាសដ៏ល្អសម្រាប់បង្កើនចំណូលតាមការវិនិយោគ តែអ្នកវិនិយោគទាំងអស់ត្រូវយល់ដឹងឱ្យបានច្បាស់អំពីការវិនិយោគ ហើយគួរត្រូវសម្រេចចិត្តដោយខ្លួនឯងជាមួយនឹងព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយបំផុត មុននឹងធ្វើការវិនិយោគណាមួយ ដោយសារតែជាមួយនឹងឱកាស ក៏មាននូវហានិភ័យដ៏ធំចំពោះការវិនិយោគក្នុងវិស័យនេះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *