អង្គការសុខភាពពិភពលោក៖ នៅថ្ងៃអង្គារល្ងាចនេះ អង្គការសុខភាពពិភពលោកប្រកាសជាផ្លូវការ សម្រេចចុះបញ្ជីទទួលស្គាល់ជាផ្លូវការនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩របស់ប្រទេសចិន ស៊ីណូវ៉ាក់ (Sinovac) សម្រាប់ការប្រើប្រាស់ជាបន្ទាន់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters និងសារព័ត៌មានធំៗដទៃទៀត។
វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ផលិតដោយក្រុមហ៊ុនឯកជន Sinovac Biotech (SVA.O) របស់ប្រទេសចិន ក្លាយជាវ៉ាក់សាំងកូវីដ-១៩ ចិនទីពីរហើយដែលទទួលបានការអនុញ្ញាតជាផ្លូវការសម្រាប់ប្រើប្រាស់ចែកចាយ។ ការប្រកាសនេះ នឹងត្រួសត្រាយផ្លូវសម្រាប់កម្មវិធីកូវ៉ាក់ ដែលជាកម្មវិធីចែកចាយវ៉ាក់សាំងកូវីដរបស់អង្គការសុខភាពពិភពលោក ធ្វើការចែកចាយវ៉ាក់សាំងកូវីដស៊ីណូវ៉ាក់ (Sinovac) នេះទៅកាន់ប្រទេសនានាជុំវិញពិភពលោកជាផ្លូវការ។
បើតាមការប្រកាសផ្លូវការពីអង្គអ្នកជំនាញឯករាជ្យនៃអង្គការសុខភាពពិភពលោក បានផ្តល់អនុសាសន៍ថាវ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) នេះគួរប្រើប្រាស់សម្រាប់មនុស្សពេញវ័យអាយុ ១៨ឆ្នាំឡើងទៅ និងត្រូវចាក់ដូសទី២ រយៈពេលគម្លាតពី ២ ទៅ៤សប្តាហ៍ពីការចាក់ដូសទី១។ ក្រុមគណៈកម្មការជំនាញនៃអង្គការសុខភាពពិភពលោកនេះបានចាប់បផ្តើមនីតិវិធីពិនិត្យតាំងពីថ្ងៃទី ៥ ខែឧសភា កន្លងមក ហើយបានឈានដល់ការសម្រេចចិត្តផ្តល់ភ្លើងខៀវនេះ ក្រោយពីបានពិនិត្យទៅលើទិន្នន័យធ្វើតេស្តជាផ្លូវការនៃវ៉ាក់សាំង ផ្តល់ឱ្យមកពីក្រុមហ៊ុនផ្ទាល់។
សូមបញ្ជាក់ថា វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) នេះទទួលបានភ្លើងខៀវដោយអង្គការសុខភាពពិភពលោកនេះ រយៈពេលជិតមួយខែក្រោយពីវ៉ាក់សាំងកូវីដ-១៩ របស់ស៊ីណូហ្វាម ផលិតនៅចិនដូចគ្នា បានទទួលការអនុញ្ញាតដូចគ្នានេះកាលពីថ្ងៃទី ០៧ ខែឧសភា កន្លងមកនោះ។
បើតាមការប្រកាសរបស់អង្គការសុខភាពពិភពលោក វ៉ាក់សាំងកូវីដ ស៊ីណូវ៉ាក់ (Sinovac) នេះមានប្រសិទ្ធភាព ៥១% ក្នុងការបង្ការជំងឺ និងបង្ការការធា្លក់ខ្លួនឈឺធ្ងន់បានដល់ទៅប្រសិទ្ធភាព ១០០% ឯណោះ។
គិតមកដល់ពេលនេះ យ៉ាងណាវ៉ាក់សាំងស៊ីណូវ៉ាក់នេះបានចែកចាយនៅក្នុងប្រទេសចិន និងទៅតាមប្រទេសនានា អស់ចំនួន ៦០០លានដូសហើយ ហើយក្នុងនោះវ៉ាក់សាំងចំនួន ៤៣០លានដូសត្រូវបានគេចាក់ឱ្យអ្នកប្រើប្រាស់រួចរាល់ហើយ។
គិតមកដល់ពេលនេះ វ៉ាក់សាំងកូវីដចំនួន ៧ ហើយរាប់ទាំង វ៉ាក់សាំងកូវីដ ស៊ីណូវ៉ាក់ (Sinovac)នេះ បានទទួលការអនុញ្ញាតពីអង្គការសុខភាពពិភពលោក។ វ៉ាក់សាំងកូវីដដែលទទួលបានការអនុញ្ញាតកន្លងមកមាន វ៉ាក់សាំង Pfizer/BioNTech, វ៉ាក់សាំង AstraZeneca វ៉ាក់សាំង Serum នៃវិទ្យាសា្ថន Institute of India វ៉ាក់សាំង Janssen (Johnson & Johnson) និងវ៉ាក់សាំង Moderna។