វ៉ាក់សាំងកូវីដ Moderna របស់អាម៉េរិក ជើងដំបូងចំនួន ៥៥,០០០ ដូស ត្រូវបានដឹកមកដល់កូរ៉េខាងត្បូងថ្ងៃអង្គារនេះហើយ

កូរ៉េខាងត្បូង៖ វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Moderna ជើងដំបូង សម្រាប់មនុស្ស ២៧,៥០០នាក់ ត្រូវបានដឹកមកដល់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះហើយ បើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

វ៉ាក់សាំងជើងដំបូងដែលដឹកមកដល់នេះ មានចំនួន ៥៥,០០០ ដូស ជាវ៉ាក់សាំងកូវីដសម្រាប់ចាក់ជូន២ដូស សម្រាប់មនុស្សម្នាក់ ដែលមានន័យថាវ៉ាក់សាំងដឹកមកដល់នេះសម្រាប់ចាក់ជូនមនុស្សបានដល់ ២៧,៥០០នាក់។ វ៉ាក់សាំងនេះជាផ្នែកដំបូងបង្អស់ក្នុងចំណោមវ៉ាក់សាំង Moderna ដែលកូរ៉េខាងត្បូងបញ្ជាទិញដល់ទៅ ៤០លានដូស។

បើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលកន្លងមក វ៉ាក់សាំង Moderna នេះគ្រោងនឹងដឹកមកដល់នៅថ្ងៃចន្ទម្សិលមិញ តែត្រូវពន្យារពេលដឹកមកដល់១ថ្ងៃ រហូតដល់ថ្ងៃអង្គារនេះវិញ។ អជ្ញាធរសុខាភិបាលបញ្ជាក់ថា វ៉ាក់សាំងនេះនឹងត្រូវចាក់ជូនមន្ត្រី និងបុគ្គលិកសុខាភិបាលអាយុក្រោម ៣០ឆ្នំ ចាប់ពីខែពាក់កណ្តាលខែមិថុនានេះទៅ។

នៅក្នុងប្រទេសកូរ៉េខាងត្បូងបច្ចុប្បន្ន មានវ៉ាក់សាំងកូវីដ២ប្រភេទកំពុងដំណើរការចាក់ជូនប្រជាជនគឺវ៉ាក់សាំង AstraZeneca និងវ៉ាក់សាំង Pfizer ហើយវ៉ាក់សាំង Moderna នេះជាវ៉ាក់សាំងកូវីដទី៣ហើយដែលបានដឹកជញ្ជូនមកដល់ និងប្រើប្រាស់ក្នុងប្រទេសកូរ៉េខាងត្បូង។ នៅសល់វ៉ាក់សាំង ២ ប្រភេទទៀតរបស់ក្រុមហ៊ុន Johnson & Johnson និងក្រុមហ៊ុន​ Novavax ដែលអាចនឹងដឹកជញ្ជូនមកដល់នាពេលឆាប់ៗខាងមុខ។

សូមបញ្ជាកថា កូរ៉េខាងត្បូងមកដល់ពេលនេះបានបញ្ជាទិញវ៉ាក់សាំងកូវីដ ទាំង៥ប្រភេទនេះ សម្រាប់ចាក់ជូនមនុស្សបានដល់ ៩៩លាននាក់ បើទោះបីជាប្រជាជនខ្លួនមានត្រឹមតែ ៥២លាននាក់ជាងប៉ុណ្ណោះ។ ត្រឹមថ្ងៃអង្គារនេះ កូរ៉េខាងត្បូងបានចាក់វ៉ាក់សាំងជូនប្រជាជនបាន ៥.៧៩លាននាក់ហើយ ក្នុងចំណោមប្រជាជនទាំងអស់ជាង ៥២លាននាក់ ហើយគ្រោងនឹងចាក់ជូនឱ្យបានដល់គោលដៅ ១៣លាននាក់ ត្រឹមចុងខែមិថុនានេះ។

Leave a Reply

Your email address will not be published. Required fields are marked *