ដាច់ខែមិនទាន់ទេ អស់លុយរលីង!! មូលហេតុ ៥ ដែលនាំឱ្យអ្នកតែងជួបប្រទះបញ្ហាទាក់ទងនឹងលុយ

ជាការពិតណាស់ មនុស្សយើងម្នាក់ៗ សុទ្ធតែត្រូវការចាយវាយប្រចាំថ្ងៃ ដែលពេលខ្លះមនុស្សយើងដូចគ្នា រកចំណូលបានដូចគ្នា ប៉ុន្តែការចំណាយមិនដូចគ្នានោះឡើយ។ នេះក៏ដោយសារតែពួកគេមិនបានដឹងពីមូលហេតុសំខាន់ៗ ដែលធ្វើអោយពួកគេជួបប្រទះបញ្ហាជាមួយលុយ។

ខាងក្រោមនេះជាមូលហេតុផលចម្បង ៥ យ៉ាងដែលអាចឲ្យអ្នកជួបប្រទះនឹងបញ្ហាលុយ ៖

១. មិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ‍‍ – មូលហេតុនេះចាត់ទុកជាមូលហេតុដ៏ចំបងមួយដែលអាចឱ្យអ្នកទាំងអស់គ្នាជួបប្រទះបញ្ហាលុយផងដែរ។ នៅពេលដែលអ្នកមិនមានចំណេះដឹងគ្រប់គ្រាន់ខាងផ្នែកហិរញ្ញវត្ថុទេនោះ វាអាចធ្វើអោយអ្នកប្រើប្រាស់លុយរបស់អ្នកពុំសូវមានប្រសិទ្ធភាពដែលក្នុងនោះអ្នកអាចចាយវាយខ្ជះខ្ជាយ ប្រើខុសគោលដៅជាដើម។

២. អ្នកបានអនុវត្តតាមផ្នត់គំនិតអ្នកផ្សេង – ជាទូទៅនៅពេលអ្នកឃើញនរណាម្នាក់ប្រើរបស់អ្វីមួយ ញ៊ាំរបស់អ្វីមួយដែលមើលទៅគួរអោយទាក់ទាញ គួរអោយចាប់អារម្មណ៍ នោះអ្នកនឹងកើតមានកូនចិត្តមួយដែលជម្រុញអោយអ្នកចង់សាកល្បង ចង់ស្គាល់ ចង់ប្រើប្រាស់ រួចអ្នកក៏សម្រេចចិត្តចំណាយលុយដើម្បីសាកល្បងនូវរបស់ដែល កូនចិត្តអ្នកចង់បាន។ មួយវិញទៀត ការដែលចូលចិត្តយកទ្រឹស្ដីបុគ្គលជោគជ័យមកអនុវត្តតាមនោះវាមិនមែនជាការល្អនោះទេព្រោះពួកយើងមានជីវិតខុសៗគ្នា។

៣. អ្នកមានអ្នកណែនាំខុស – នរណាក៏មានការរាប់អានគ្នា មិនថាបងប្អូន សាច់ញាតិ មិត្តភក្តិ តែពួកគេមិនប្រាកដថាដូចយើងឡើយ។ អ្នកខ្លះមានការចាយវាយច្រើន ចូលចិត្តចំណាយច្រើន ចូលចិត្តចូលហាងល្បីៗ ហើយនៅពេលអ្នករាប់អានជាមួយពួកគេ នោះអ្នកនឹងចាប់ផ្តើមចំណាយច្រើនដូចពួកគេ ក៏ព្រោះតែអ្នកត្រូវចេញក្រៅជួបជុំជាមួយពួកគេ។

៤. អ្នកមិនមានយុទ្ធសាស្ត្រទេ – របៀបសន្សំលុយមានច្រើនរបៀប ច្រើនយុទ្ធសាស្ត្រ ប៉ុន្តែប្រហែលជាយុទ្ធសាស្ត្រដែលអ្នកប្រើមិនអាចផ្តល់ប្រយោជន៍ត្រឡប់មកវិញ។ ជាទូទៅ រាល់ចំណូលដែលទទួលបានគឺ រមែងដក ១០ភាគរយដាក់សន្សំ តែប្រាក់ ១០ភាគរយនោះ អ្នកក៏អាចយកដាក់ធនាគារដើម្បីយក ការប្រាក់ពីលើទៀតក៏បានដូចគ្នា។

៥. អ្នកមានយុទ្ធសាស្ត្រតែមួយ – សន្សំមិនប្រាកដថា ដើម្បីទុកម្យ៉ាងនោះទេ សន្សំអាចមានច្រើនទម្រង់ សន្សំសម្រាប់ទិញរបស់ដែលអ្នកចូលចិត្ត សន្សំដើម្បីទៅដើរលេង សន្សំដើម្បីហានិភ័យចៃដន្យជាដើម ដូចនេះបើអ្នកសន្សំដើម្បីគោលដៅតែមួយ តែយកមកប្រើទៅលើគោលដៅច្រើន នោះលុយរបស់អ្នក ប្រាកដជាមិនស្ថិតនៅបានយូរឡើយ។

បន្ទាប់ពីបានចែករំលែក គន្លឹះទាំង៥ នេះរួចរាល់ហើយ CamboFinance សង្ឃឹមថាអ្នកនឹងរៀនស្វែងយល់ពីលុយដែលអ្នកមាន លុយដែលត្រូវចាយវាយ លុយដែរត្រូវសន្សំ ហើយនិងគោលដៅនៃការសន្សំអោយបានច្បាស់ប្រាកដ។

ខ្លឹមសារអត្ថបទទាំងស្រុងពី៖ CamboFinance

Leave a Reply

Your email address will not be published. Required fields are marked *