កូរ៉េខាងជើង រិះគន់បណ្តាប្រទេសនានាដែលនាំគ្នាស្តុកទុកវ៉ាក់សាំងកូវីដ លើសតម្រូវការ ខណៈប្រទេសដទៃជាច្រើនមិនមានវ៉ាក់សាំងប្រើប្រាស់

កូរ៉េខាងជើង៖ រដ្ឋកូរ៉េខាងជើងបានប្រកាសរិះគន់ចំពោះបណ្តាប្រទេសមួយចំនួន ដែលបានស្តុកទុកវ៉ាក់សាំងកូវីដច្រើនលើសលប់លើសពីតម្រូវការ ខណៈដែលប្រទេសមួយចំនួនទៀតសឹងតែរកវ៉ាក់សាំងសម្រាប់ប្រើប្រាស់មិនបាន នេះបើតាមការប្រកាសធ្វើឡើងនៅនឹងកិច្ចប្រជុំកំពូលអង្គការសុខភាពពិភពលោកកាលពីសប្តាហ៍មុន។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News កូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍រិះគន់ការស្តុកទុកវ៉ាក់សាំងលើសតម្រូវការ ហើយក៏បានជំរុញស្នើឱ្យអង្គការសុខភាពពិភពលោក ធ្វើការចែកចាយវ៉ាក់សាំងកូវីដ-១៩ ទូទាំងពិភពលោកដោយស្មើភាពគ្នា។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ កូរ៉េខាងជើងបានបញ្ជាក់ថា ការបង្កើតបានវ៉ាក់សាំងកូវីដ និងថ្នាំផ្សេងៗទៀតគួរជាសមិទ្ធផលរួមគ្នារបស់មនុស្សជាតិទាំងមូល តែផ្ទុយមកវិញសម្រាប់តថភាពជាក់ស្តែង ប្រទេសមួយចំនួនបានបញ្ជាទិញ និងស្តុកទុកវ៉ាក់សាំងកូវីដលើសពីតម្រូវការរបស់ខ្លួន ខណៈដែលប្រទេសនានាដទៃទៀតមិនអាចមានលទ្ធភាពបញ្ជាទិញបាននោះ។

កូរ៉េខាងជើងក៏បានធ្វើការរិះគន់បណ្តាប្រទេសមួយចំនួនដែលយកសមត្ថភាពផលិតវ៉ាក់សាំងនេះ ជាស្មារតីជាតិនិយម ហើយព្យាយាមកម្រិតផលិតកម្មដើម្បីអាចគ្រប់គ្រងលើការលក់ និងចែកចាយដើម្បីផលចំណេញជាធំ។

សូមបញ្ជាក់ថា កូរ៉េខាងជើងគ្រោងនឹងទទួលវ៉ាក់សាំងកូវីដតាមរយៈកម្មវិធីកូវ៉ាក់របស់អង្គការសុខភាពពិភពលោក ចំនួន ១.៧លានដូស តែក្រោយមកក៏ត្រូវផ្អាកទៅវិញទៅពេលក្រោយវិញ ហើយបើតាមក្រសួងរួបរួ​មជាតិកូរ៉េខាងត្បូង ដែលពិនិត្យលើករណីនេះ បានឱ្យដឹងថាកម្មវិធីកូវ៉ាក់ហាក់ជួបប្រទះនឹងបញ្ហារដ្ឋបាល និងលិខិតស្នាមមួយចំនួនដែលជាកត្តានាំឱ្យមានការយឺតយ៉ាវក្នុងការផ្តល់ជូនវ៉ាក់សាំងកូវីដទៅប្រទេសកូរ៉េខាងជើង។

ចាប់តាំងពីស្ថានការណ៍កូវីដចាប់ផ្តើមរាតត្បាតទូទាំងសាកលលោក មកដល់ពេលនេះ កូរ៉េខាងជើងមិនទាន់មានរាយការណ៍ករណីវិជ្ជមានកូវីដសូម្បីមួយករណីនោះឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *