ជនបរទេសធ្វើដំណើរចូលមកកូរ៉េខាងត្បូង កាលពីខែមេសានេះ មានកំណើនគំហុកដល់ជាង ១៤០% ប្រៀបទៅនឹងពេលដូចគ្នា ឆ្នាំ២០២០

កូរ៉េខាងត្បូង៖ ចំនួនជនបរទេសធ្វើដំណើរមកប្រទេសកូរ៉េខាងត្បូង ក្នុងខែមេសា ឆ្នាំ២០២១កន្លងទៅនេះ កើនឡើងដល់ទៅ ១៤០% ប្រៀបធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំ២០២០ ពេលដែលស្ថានការណ៍កូវីដកំពុងវាយប្រហារខ្លាំងនោះ នេះបើតាមតួលេខចុះផ្សាយក្នុងសារព័ត៌មាន Yonhap News កាលពីថ្ងៃទី៣១ ឧសភា មិ្សលមិញនេះ។

តួលេខបង្ហាញថា ក្នុងខែមេសា ២០២១នេះ មានជនបរទេសដែលបានធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូងចំនួន ៧០,១១២នាក់ ដែលជាតួលេខកំណើនដល់ទៅ ១៣៨.៤% ប្រៀបទៅនឹងខែមសាដូចគ្នា កាលពីឆ្នាំកន្លងទៅ បើតាមអង្គការទេសចរណ៍កូរ៉េខាងត្បូង (KTO)។ ក្នុងនោះដែរ អ្នកធ្វើដំណើរមកប្រទេសកូរ៉េខាងត្បូងច្រើនជាងគេគឺជនជាតិចិន ចំនួន ១៦,៨៣០នាក់ ជនជាតិអាម៉េរិកចំនួន ១២,៩៤៤នាក់ ជនជាតិហ្វីលីពីនចំនួន ៨,៣៩៨នាក់ និងជនជាតិឥណ្ឌូនេស៊ី ចំនួន ៣,៦៨០នាក់។

យ៉ាងណាមិញតួលេខកំណើនដ៏ច្រើនលើសលប់ ដល់ទៅ ១៣៨.៤% នេះ គឺបណ្តាលមកពីការធ្លាក់ចុះខ្លាំងនៃចំនួនការធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូង កាលពីខែមេសា ឆ្នាំកន្លងទៅ ដោយសារតែស្ថានការណ៍កូវីដកំពុងតែរាតត្បាតខ្លាំងនាពេលនោះ ដែលនាំឱ្យការប្រៀបធៀបជាមួយតួលេខឆ្នាំនេះ នាំឱ្យឃើញកំណើនដ៏លើសលប់បែបនេះ។

យ៉ាងណាមិញ ចំនួនតួលេខនៃជនជាតិកូរ៉េខាងត្បូង ដែលធ្វើដំណើរទៅស្រុកក្រៅវិញ ប្រៀបទៅខែមេសា ឆ្នាំ២០២០ដូចគ្នា ក៏កើនឡើងយ៉ាងគំហុកផងដែរដល់ ១២៦.៩% ដែលមានចំនួនដល់ ៧១,៣០២នាក់ដែរ។

Leave a Reply

Your email address will not be published. Required fields are marked *