កម្ពុជា រួមនឹងប្រទេសធំៗជាង​៦០ បង្ហាញឆន្ទៈរួមក្នុងការលើកកម្ពស់ស្តារបៃតង ក្រោយជំងឺកូវីដ-១៩ ជាលទ្ធផលសម្រេចបានពីកិច្ចប្រជុំកំពូល P4G នៅសេអ៊ូល

កូរ៉េខាងត្បូង៖ ថ្នាក់ដឹកនាំកំពូលៗនៃប្រទេសធំៗក្នុងសាកលលោក រួមមានកម្ពុជាយើងផង បានឯកភាពដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមចំពោះឆន្ទៈក្នុងការសម្រេចឱ្យបាននូវផែនការកាត់បន្ថយ ឬលុបចោលការបញ្ចេញជាតិបំពុលកាបូន តាមរយៈផែនការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺកូវីដ-១៩ ជាលទ្ធផលសម្រេចបាននៃកិច្ចប្រជុំកំពូលសេអ៊ូល P4G ដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះកាលពីម្សិលមិញនេះ។

កិច្ចប្រជុំកំពូលសេអ៊ូល នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសាកលឆ្នាំ២០៣០ ឬគេហៅខ្លីថាកិច្ចប្រជុំកំពូលសេអ៊ូល P4G ២០២១នេះ មានការចូលរួមពីបណ្តាថ្នាក់ដឹកនាំកំពូលនៃសំណាក់ប្រទេសនានាដល់ទៅជាង៦០ប្រទេស និងអង្គការអន្តរជាតិ ក្នុងនោះមានទាំងប្រទេសកម្ពុជាផង ដែលសម្តេចតេជោ ហ៊ុន សែន បានចូលរួមជាតំណាង។

កិច្ចប្រជុំសាកលដែលផ្តោតលើសកម្មភាពរួមគ្នាដើម្បីការពារបរិស្ថាននេះ បានសម្រេចបានការឯកភាពរវាងប្រទេស និងអង្គការអន្តរជាតិទាំងអស់ នឹងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំរុញដំណាក់កាលអន្តរកាលនៃការប្រើប្រាស់ថាមពល ដោយងាកមកផ្តោតលើថាមពលកកើតឡើងវិញបាន ដូចជាថាមពលខ្យល់ និងថាមពលព្រះអាទិត្យជាដើមវិញ។ ក្នុងនោះដែរ ជំហានសំខាន់ៗមួយចំនួនដែលត្រូវបាន​ឯកភាពដាក់ចេញ គឺការដាក់ចេញជាដំណាក់កាលនូវផែនការដើម្បីឈានដល់ការឈប់ប្រើប្រាស់ថាមពលដើរដោយធ្យូងថ្ម និងការផ្អាកសកម្មភាពហិរញ្ញប្បទានសម្រាប់ការសាងសង់រោងចក្រថាមពលដើរដោយធ្យូងថ្មនេះផងដែរ និងជំនួសវិញដោយថាមពលស្អាតដូចជា ថាមពលបានពីការប្រើប្រាស់ទំនប់វារីអគ្គិសនីវិញ។

ក្នុងនោះដែរ កិច្ចប្រជុំក៏បានឯកភាពសហការក្នុងការកម្រិតការកើនឡើងកម្តៅផែនដីមិនឱ្យលើសពី ២អង្សារ ពោលគឺកម្រិតមិនឱ្យលើសពីកំណើន ១.៥អង្សារសេ ប្រៀបទៅនឹងកម្រិតសីតុណ្ហភាពពិភពលោកកាលពីមុនឈានចូលដល់សម័យកាលឧស្សាហកម្ម កាលពីជាង ២ ទៅ៣សតវត្សកន្លងមក។

បញ្ហាទាក់ទងនឹងការបំពុលសមុទ្រ និងការរួមគ្នាជាសាកលកាត់បន្ថយបញ្ហាផ្លាស្ទិក និងបញ្ហាបំពុលក្នុងលំហសមុទ្រនានា ក៏ត្រូវបានភាគីទាំងអស់ឯកភាពដាក់ចេញក្នុងសេចក្តីថ្លែងការណ៍ផងដែរ។

ការសម្រេចបានការស្តារបៃតងឡើងវិញ ក្រោយពីស្ថានការណ៍ជំងឺកូវីដ-១៩ ក៏ជាប្រធានបទសំខាន់ដែលប្រទេសទាំងអស់បានឯកភាពនឹងអនុវត្តសម្រេចឱ្យបាន តែដោយយោងទៅតាមស្ថានភាព និងលក្ខខណ្ឌអភិវឌ្ឍន៍ផ្សេងៗគ្នានៃប្រទេសនីមួយៗជាសមាជិកផងដែរ។

ក្នុងឱកាសនោះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងចំណុចសំខាន់ៗចំនួន ៦ ក្នុងជាគន្លឹះដើម្បីឈានដល់ការសម្រេចបានការស្តារបៃតង និងការស្តារសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ ក្នុងនោះរួមមានការបន្តជំរុញនិងគាំទ្រសាកលភាវូបនីយកម្ម ការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិពាក់ព័ន្ធការអភិវឌ្ឍប្រកបដោយចីរភាព ការជំរុញហិរញ្ញប្បទានប្រកបដោយចីរភាព ការជំរុញនវានុវត្តន៍ធុរកិច្ចបៃតង ការជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង និងការលើកកម្ពស់កាត់បន្ថយ និងបន្ស៊ាំទៅការការប្រែប្រួលអាកាសធាតុ។

ប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើការបិទបញ្ចប់ព្រឹត្តិការណ៍បរិស្ថានជាសាកលនេះ ដោយបានបញ្ជាក់សាជាថ្មីថា កិច្ចប្រជុំសេអ៊ូល P4G បានជួយឱ្យសហគមន៍អន្តរជាតិទាំងអស់អាចរួមគ្នាជាធ្លុង ដើម្បីសម្រេចឱ្យបាននូវផែនការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺកូវីដ-១៩ ហើយលទ្ធផលសម្រេចបានថ្ងៃនេះ នឹងជាការបោះជំហានបន្ទាប់ឈានទៅសម្រេចបានជោគជ័យសម្រាប់កិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុលើកទី២៦ (COP26) ដែលនឹងធ្វើឡើងនាពេលខាងមុខផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំបរិស្ថាន P4G នេះលើកទី១ រៀបចំធ្វើឡើងនៅប្រទេសដាណឺម៉ាកកាលពីឆ្នាំ២០១៨ និងកិច្ចប្រជុំលើកទី៣ គ្រោងនឹងរៀបចំឡើងនៅប្រទេសកូឡុំប៊ី ឆ្នាំ២០២៣ខាងមុខ។

Leave a Reply

Your email address will not be published. Required fields are marked *