ទេសចរទៅកំសាន្តនៅកោះជេជូ ខែឧសភានេះ កើនដល់ចំនួន ១លាននាក់ ខណៈករណីឆ្លងវិជ្ជមាននៃជំងឺកូវីដនៅតែបន្តមាន និងកើនឡើងដូចគ្នា

កូរ៉េខាងត្បូង៖ ត្រឹមតែមួយខែឧសភា ឆ្នាំ២០២១នេះ កោះជេជូទទួលភ្ញៀវទេសចរដល់ ១លាននាក់ឯណោះ បើទោះបីជាការព្រួយបារម្ភអំពីហានិភ័យនៃជំងឺកូវីដ-១៩ នៅតែបន្តមាននៅឡើយ នេះបើតាមទិន្នន័យដែលសារព័ត៌មាន Yonhap News ចុះផ្សាយនៅថ្ងៃចន្ទ ដែលជាថ្ងៃចុងក្រោយនៃខែឧសភានេះ។

ទិន្នន័យដែលទទួលបានសមាគមទេសចរណ៍កោះជេជូ បានបញ្ជាក់ថាក្នុងមួយខែឧសភានេះ មានភ្ញៀវទេសចរមកលេងកោះជេជូ ដល់ទៅ ១,០៨៩,៦៩០ នាក់ខណៈដែលនៅថ្ងៃចន្ទជាថ្ងៃចុងក្រោយនៃខែឧសភានេះ រំពឹងថានឹងមានភ្ញៀវទេសចរណ៍មកជាង ៣ម៉ឺននាក់ទៀតផងដែរ ដែលនឹងនាំឱ្យតួលេខសរុបគិតត្រឹមចុងខែនឹងកើនដល់ ១.១លាននាក់។

ចាប់តាំងពីពេលដែលជំងឺកូវីដចាប់ផ្តើមវាយប្រហារពិភពលោក និងប្រទេសកូរ៉េខាងត្បូងមក ចំនួនភ្ញៀវទេសចរហាក់មានការធ្លាក់ចុះច្រើន ហើយក្នុងនោះដែរជាង មួយឆ្នាំកន្លងមកនេះ មានតែបួនខែប៉ុណ្ណោះដែលកោះជេជូ មានចំនួនភ្ញៀវទេសចរមកកំសាន្តលើសពី ១លាននាក់ គឺខែសីហា ២០២០ មានភ្ញៀវទេសចរ ១.១៣លាននាក់ ខែតុលា ឆ្នាំ២០២០ មានភ្ញៀវទេសចរ ១.០៨លាននាក់ និងខែវិច្ឆិកា ឆ្នាំ២០២០ មានភ្ញៀវទេសចរចំនួន ១.១៤លាននាក់ និងកាលពីខែមេសា ២០២១កន្លងទៅ ដែលមានភ្ញៀវដល់ ១.០៧លាននាក់ដែរ។

បើតាមតំណាងសមាគមទេសចរណ៍កោះជេជូ បញ្ជាក់ថាមូលហេតុដែលខែនេះកើនមានភ្ញៀវទេសចរណ៍ច្រើនដោយសារ តែភ្ញៀវទេសចរក្នុងស្រុកសម្រុកនាំគ្នាដើរកម្សាន្ត ក្រោយពីត្រូវជាប់ហាមឃាត់ការធ្វើដំណើរអស់ជាយូរមកនោះ ក្នុងពេលកូវីដ និងជាពិសេសគឺដោយសារការធ្វើដំណើរទៅក្រៅប្រទេសកំសាន្តនៅមិនទាន់អាចដំណើរការបានពេញលេញដែរនោះ ឬអាចនិយាយបានថាគឺសឹងតែគ្មានតែម្តង។

ប៉ុន្តែស្របពេលដែលទេសចរកើនឡើង គេក៏សង្កេតឃើញចំនួនករណីវិជ្ជមានកូវីដហាក់មានកំណើនផងដែរ ដោយនៅក្នុងសប្តាហ៍កន្លងទៅ ចំនួនឆ្លងជាមធ្យមប្រចាំថ្ងៃកើនដល់ ១២.៦ករណីឆ្លង ខណៈដែលកាលពីមុនខែមេសា ចំនួនករណីឆ្លងជាមធ្យមប្រចាំថ្ងៃមានត្រឹមក្រោម១០ករណីឆ្លងប៉ុណ្ណោះ។ ហើយជាក្តីបារម្ភទៀតនោះ គឺថ្មីៗនេះគេឃើញមានករណីឆ្លងជាសហគមន៍ចេញពីអ្នករស់នៅលើកោះផ្ទាល់ ខណៈដែលពីមុនមកភាគច្រើនជាករណីឆ្លងចេញពីអ្នកទេសចរប៉ុណ្ណោះ។

សូមបញ្ជាក់ថា នៅលើកោះជេជូ នឹងចាប់ផ្តើមបង្កើនការអនុវត្តវិធានការគម្លាតសង្គមទៅកម្រិត២ ដូចទៅនឹងទីក្រុងសេអ៊ូល និងខេត្តឃ្យ៉ុងគីដែរ ដោយសារតែការបន្តកើនឡើងករណីឆ្លងនេះឯង។ ការតម្លើងវិធានការគម្លាតសង្គមនេះ នឹងអនុវត្តពីថ្ងៃចន្ទនេះទៅ រហូតរយៈពេលពីរសប្តាហ៍។

ក្រោមវិធានការគម្លាតសង្គមកម្រិត២នេះ ចំនួនភ្ញៀវទេសចរតាមទីតាំងនីមួយៗនឹងត្រូវកម្រិតឱ្យមានត្រឹម ៣០% ហើយទីតាំងកម្សាន្តដូចជាខារ៉ាអូខេ និងកន្លែងផឹកស៊ីពេលយប់ផ្សេងៗនឹងត្រូវបិទដំណើរការត្រឹមម៉ោង ១១យប់ ដល់ម៉ោង៥ព្រឹក ខណៈដែលភោជនីយដ្ឋាន និងកាហ្វេអាចខ្ចប់ចេញបាននៅវេលាម៉ោង ១១យប់ ដល់ម៉ោង៥ព្រឹកនេះដែរ។

Leave a Reply

Your email address will not be published. Required fields are marked *