សាធារណជនកូរ៉េខាងត្បូងហាក់បារម្ភលើផែនការរដ្ឋាភិបាល ដែលលើកលែងអ្នកចាក់វ៉ាក់សាំងកូវីដ​ ដូសទី១រួច មិនបាច់ពាក់ម៉ាស់នៅទីសាធារណៈទៀតនោះ

កូរ៉េខាងត្បូង៖ មតិសាធារណជន និងអ្នកជំនាញមួយចំនួនហាក់នៅបង្ហាញក្តីបារម្ភចំពោះហានិភ័យនៃការឆ្លងកូវីដ លើគំរោងការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងការអនុញ្ញាតលើកលែងការពាក់ម៉ាស់សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដដូសទី១ រួចរាល់ ចាប់អនុវត្តពីខែកក្កដាក្រោយនេះទៅ។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times មតិសាធារណជនកូរ៉េខាងត្បូង រួមនឹងអ្នកជំនាញសុខាភិបាលផង បានលើកឡើងថាគំរោងរដ្ឋាភិបាលកូរ៉េខាងត្បូង លើកលែងការពាក់ម៉ាស់សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដដូសទី១ រួចរាល់នោះ ដែលនឹងចាប់អនុវត្តពីខែកក្កដាខាងមុខនេះ ហាក់ដូចជាដាក់ចេញអនុវត្តលឿនពេក ដែលអាចប្រឈមនឹងហានិភ័យច្រើន។

សូមបញ្ជាក់ថា កាលពីសប្តាហ៍មុននេះ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានប្រកាសផែនការរដ្ឋាភិបាលក្នុងការផ្តល់ការលើកលែងក្នុងការអនុវត្តវិធានការគម្លាតសង្គមមួយចំនួន រួមទាំងការមិនចាំបាច់ពាក់ម៉ាស់នៅទីសាធារណៈ និងការអនុញ្ញាតឱ្យជួបជុំគ្នាបានលើសពី៨នាក់ជាសមាជិកគ្រួសារវិញផង សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដដូសទី១ហើយ ចំណែកឯអ្នកដែលបានចាក់វ៉ាក់សាំងដូសទាំងពីររួចរាល់អស់ អាចជួបជុំគ្នាលើសពី ៥នាក់ឡើងទៅ និងរួចធ្វើចត្តាឡីស័កផងដែរ។

យ៉ាងណាមិញ មានមតិមួយចំនួនសម្តែងនូវការបារម្ភចំពោះផែនការថ្មីនេះ តួយ៉ាងអ្នកប្រើអ៊ីនធើណែតម្នាក់បានបញ្ជាក់ថា ឥឡូវនេះអ្នកនៅតាមទីសាធារណៈមានច្រើនណាស់ ដូចនេះការដាក់ចេញវិធានការនេះ អាចនឹងជំរុញឱ្យអ្នកផ្សេងទៀត ដែលមិនទាន់ចាក់វ៉ាក់សាំងផងនោះ មិនពាក់ម៉ាស់ឱ្យបានត្រឹមត្រូវដូចគ្នាដែរ ហើយការឈានទៅសម្រេចឱ្យបានប្រព័ន្ធភាពស៊ាំសហគមន៍នោះ ក៏នៅពេលយូរទៀតដែរ។

មតិខ្លះទៀតលើកឡើងថា មិនមានការធានានោះទេថាវ៉ាក់សាំងអាចការពារពីជំងឺកូវីដនេះបានទាំងស្រុងនោះឡើយ ជាក់ស្តែងកន្លងមកគេឃើញមានករណីមន្ត្រីសុខាភិបាលមួយចំនួនដែលបានចាក់វ៉ាក់សាំងរួចរាល់ ក៏នៅតែរកឃើញវិជ្ជមានកូវីដផងដែរ។

ក្នុងនោះដែរ សាស្ត្រាចារ្យមួយរូបនៅសាកលវិទ្យាល័យសុខាភិបាលបានលើកឡើងថា គេរំពឹងថានឹងអាចមើលឃើញលទ្ធផលវិជ្ជមាននៃការចាក់វ៉ាក់សាំងកន្លងមក ចាប់ពីអំឡុងខែកក្កដានេះទៅហើយ តែយ៉ាងណាក៏ដោយវាល្អជាងប្រសិនបើរដ្ឋាភិបាលសម្រេចឱ្យអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ អនុវត្តវិធានការគម្លាតសង្គមនានាចាំបាច់រយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ទៀតសិន ជាជាងលើកលែង និងផ្តល់សេរីភាពមិនចាំបាច់អនុវត្តវិធានការគម្លាតសង្គមភ្លាមៗ ក្រោយពីចាក់វ៉ាក់សាំងរួចរាល់នោះ។

សូមអាន៖ ចាប់ពីខែកក្កដា អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១នៅកូរ៉េខាងត្បូង មិនបាច់ពាក់ម៉ាស់ពេលចេញទៅក្រៅទៀតទេ រួមនឹងមានការលើកលែងមួយចំនួនទៀត

Leave a Reply

Your email address will not be published. Required fields are marked *