កងទ័ពអាម៉េរិក និងជនបរទេសជាង ២ពាន់នាក់ នាំគ្នាជប់លៀង បាញ់កាំជ្រួច មិនពាក់ម៉ាស់បំពានវិធានការគម្លាតសង្គម នៅនឹងឆ្នេរក្រុងប៊ូសាន

កូរ៉េខាងត្បូង៖ ជនបរទេសជាង ២ពាន់នាក់ រួមមានទាំងទាហានអាម៉េរិកប្រចាំនៅកូរ៉េខាងត្បូងផង បាននាំគ្នាផឹកស៊ី ជប់លៀង និងបាញ់កាំជ្រួចជុំគ្នានៅតាមបណ្តោយឆ្នេរ នៅក្រុងប៊ូសាន ដោយមិនពាក់ម៉ាស់ និងល្មើសបម្រាមវិធានការគម្លាតសង្គមទៀតផង ដែលបង្កជាការព្រួយបារម្ភចំពោះអ្នកស្រុកចំពោះហានិភ័យនៃការឆ្លងកូរ៉ូណា។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times ពិធីជប់លៀង រាំច្រៀង ផឹកស៊ីសប្បាយដែលមានអ្នកចូលរួមទាំងល្មើសវិធានការគម្លាតសង្គមដល់ទៅជាង ២ពាន់នាក់នេះ កើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ចុងសប្តាហ៍ និងបន្តរហូតឆ្លងដល់ព្រឹកថ្ងៃអាទិត្យឯណោះ នៅលើឆ្នេរហាអ៊ុនដេរ (Haeundae Beach) នៅក្នុងទីក្រុងប៊ូសាន បើតាមការបញ្ជាក់របស់ប៉ូលីស និងសាក្សីផ្ទាល់ភ្នែកនៅទីនោះ។

កម្មវិធីនេះគឺអាចជាការជួបជុំគ្នាដើម្បីអបអរសាទរថ្ងៃពិធីបុណ្យរំលឹកខួបយុទ្ធជនអាម៉េរិក (U.S. Memorial Day.) ដែលជាទូទៅគេប្រារព្ធធ្វើឡើងនៅរៀងរាល់ថ្ងៃចន្ទ សប្តាហ៍ចុងក្រោយនៃខែឧសភា ដែលឆ្នាំនេះត្រូវនឹងថ្ងៃទី៣១ ឧសភា ២០២១នេះ តែទំនងជាពួកគេនាំគ្នាមកជួបជុំសប្បាយនៅនឹងទីតាំងនេះចំថ្ងៃចុងសប្តាហ៍មុនឱ្យហើយ។

នៅក្នុងយប់ដែលពួកជនបរទេសនាំគ្នាចេញមកជប់លៀង ផឹកស៊ី លើឆ្នេរក្រុងប៊ូសាននោះ មានអ្នកស្រុករាយការណ៍ប្តឹងទៅសមត្ថកិច្ចដល់ទៅ ៣៨ ដងឯណោះ ដោយបារម្ភពីហានិភ័យនៃការឆ្លងកូវីដជាសហគមន៍ផង និងរំខានដោយសម្លេងនៃកម្មវិធីរាំច្រៀង និងបាញ់កាំជ្រួចនោះផង។ ហើយក្នុងនោះដែរ គេរាយការណ៍មកថា បើទោះបីជាប៉ូលីសចុះទៅដល់ទីតាំងនោះផ្ទាល់ ក៏មិនអាចបញ្ឈប់សកម្មភាពជប់លៀង ផឹកស៊ីនោះបានទាំងស្រុងនោះដែរ ដោយសារមានមនុស្សចូលរួមច្រើនពេកនោះ។

នៅព្រឹកថ្ងៃចន្ទនេះ កងទ័ពអាម៉េរិកប្រចាំការនៅកូរ៉េខាងត្បូង បានបញ្ជាក់ថាខ្លួននឹងសហការជាមួយអជ្ញាធរប៉ូលីសកូរ៉េ ដើម្បីស៊ើបអង្កេតករណីបំពាននេះពីសំណាក់សមាជិកណាម្នាក់នៃកងទ័ពរបស់ខ្លួន។

សូមបញ្ជាក់ថា សម្រាប់ទីក្រុងប៊ូសាន វិធានការគម្លាតសង្គមកំពុងអនុវត្តគឺកម្រិត ១.៥ ដូចទៅនឹងតំបន់នានាដទៃទៀតទូទាំងប្រទេសផងដែរ លើកលែងតែតំបន់សេអ៊ូល ក្រុងអ៊ីនឆន់ ខេត្តឃ្យ៉ុងគី និងកោះជេជូ ដែលវិធានការគម្លាតសង្គមកំពុងអនុវត្តនៅកម្រិត២។

Leave a Reply

Your email address will not be published. Required fields are marked *