កូរ៉េខាងត្បូង៖ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ក្រោមកម្តៅថ្ងៃដ៏ក្តៅខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង មានកម្មករដល់ទៅ ១៥៦ នាក់បានជួបបញ្ហាសុខភាពនានាដូចជា អាការៈសន្លប់ដោយសារកម្តៅ និងអាការៈផ្សេងៗទៀតនៅនឹងទីតាំងការងារ ក្នុងនោះមាន ២៦នាក់ ឈានដល់បាត់បង់ជីវិតផងដែរ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ជាភាសាកូរ៉េ ចែករំលែកដោយទំព័រ Meng Costa Page បំណងល្អពីខ្ញុំ។
គិតពីឆ្នាំ២០១៦ ដល់ត្រឹមថ្ងៃទី ៣០ ឧសភា ២០២១នេះ គេរកឃើញមានករណីដែលកម្មករធ្វើការជួបប្រទះបញ្ហាសុខភាពក្រោមកម្តៅថ្ងៃដ៏ក្តៅនៅរដូវក្តៅនេះ ដល់ទៅ ១៥៦នាក់ ហើយមាន ២៦នាក់ក្នុងនោះឈានដល់បាត់បង់ជីវិតផងដែរ។ ក្នុងនោះដែរ អ្នកដែលរងគ្រោះដោយសាររលកកម្តៅនេះ មានភាគច្រើនដល់ទៅ ៧៦នាក់ ជាអ្នកធ្វើការនៅក្នុងវិស័យសំណង់ ដែលធ្វើការនៅក្រោមកម្តៅថ្ងៃផ្ទាល់ និង ៤២នាក់ទៀតធ្វើការក្នុងវិស័យសេវា ២៤នាក់ធ្វើការក្នុងវិស័យផលិតកម្ម និង៥នាក់ទៀតធ្វើការក្នុងវិស័យកសិកម្ម។ តាមតួលេខដដែលនេះ ក៏មានពលករបរទេសរងគ្រោះដល់ទៅ ២៦នាក់ផងដែរ។
ពាក់ព័ន្ធនឹងស្ថានការណ៍ហានិភ័យបែបនេះ ក្រសួងការងារកូរ៉េខាងត្បូងគ្រោងនឹងដាក់ចេញនូវវិធានការដើម្បីគាំពារពីហានិភ័យរងគ្រោះដោយសាររលកកម្តៅនេះ ដោយនឹងចាប់អនុវត្តពីថ្ងៃទី ១ ខែមិថុនា នេះទៅរហូតដល់ថ្ងៃទី ១០ ខែកញ្ញា ដែលអំឡុងពេលនេះជារដូវក្តៅនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ក្នុងអំឡុងពេលនេះ ក្រសួងនឹងពិនិត្យជាមួយបណ្តាម្ចាស់ការដ្ឋាន និងនិយោជក នូវវិធានការសុវត្ថិភាពនានានៅទីតាំងការងារ ធ្វើយ៉ាងណាត្រៀម និងធានាគ្រប់គ្រាន់សម្រាប់កម្មករទៅតាមបទដ្ឋានដែលកំណត់ដោយក្រសួងជំនាញ និងច្បាប់ការងារនានា។
តាមច្បាប់ការងារដែលមានជាធរមាននៅក្នុងប្រទេសកូរ៉េខាងត្បូង និយោជក ឬម្ចាស់ទីតាំងការងារត្រូវធានាឱ្យមាននូវការអនុញ្ញាតពេលវេលាសម្រាកគ្រប់គ្រាន់ កន្លែងជ្រកកម្តៅថ្ងៃ និងទឹកស្អាតសម្រាប់កម្មករផឹក ជាពិសេសគឺកម្មករដែលធ្វើការនៅនឹងទីតាំងខាងក្រៅហាលក្តៅតែម្តង។ បើតាមការបញ្ជាក់របស់ក្រសួង គ្រោងនឹងរៀបចំធ្វើនូវខិតប័ណ្ណផ្សព្វផ្សាយពីវិធានការចាំបាច់នានា ដើម្បីការពារពីរលកកម្តៅចែកចាយតាមទីតាំងការងារ ហើយក៏នឹងត្រៀមជាភាសាបរទេសនានា សម្រាប់ពលករបរទេសអាចស្វែងយល់បានផងដែរ។