អាម៉េរិកបញ្ជូនវ៉ាក់សាំងកូវីដ Johnson & Johnson ១លានដូសតាមសន្យា ដល់កូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយនេះ ដើម្បីចាក់ជូនកងទ័ពកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ វ៉ាក់សាំងកូវីដ Johnson & Johnson (J&J) របស់សហរដ្ឋអាម៉េរិក ជើងដំបូងសម្រាប់មនុស្ស១លាននាក់ នឹងត្រូវដឹកមកដល់ប្រទេសកូរ៉េខាងត្បូងក្នុងសប្តាហ៍ក្រោយនេះ ជាវ៉ាក់សាំងដែលសហរដ្ឋអាម៉េរិកបានសន្យាផ្តល់ជូនកងទ័ពកូរ៉េខាងត្បូង នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានបញ្ជាក់ថាវ៉ាក់សាំងកូវីដ Johnson & Johnson (J&J) ចំនួន ១,០១២,៨០០ ដូសសម្រាប់ចាក់ជូនមនុស្សដល់ទៅ១លាននាក់ជាងនេះ គឺច្រើនជាងដល់ទៅគុណនឹងពីរ នូវអ្វីដែលប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានសន្យាផ្តល់ជូនឱ្យប្រទេសកូរ៉េខាងត្បូង កាលពីអំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ទៅសហរដ្ឋអាម៉េរិកសប្តាហ៍មុន។

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបញ្ជាក់ថា វ៉ាក់សាំងដែលនឹងដឹកមកដល់នេះ នឹងត្រូវចាក់ជូនអ្នកដែលជាសមាជិកកងទ័ព រួមនឹងកងទ័ពបម្រុងផងដែរ។ បើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូរ៉េខាងត្បូង វ៉ាក់សាំងទាំងនេះនឹងត្រូវចាក់ជូនកងកម្លំាងបម្រុង សមាជិកមន្ត្រីរាជការក្រសួងការពារជាតិ និងអ្នកដទៃទៀតដែលពាក់ព័ន្ធវិស័យការពារជាតិ និងវិស័យការទូតផងដែរ ហើយដើម្បីធានាថាមិនមានបញ្ហាកកដុំឈាមពីការចាក់វ៉ាក់សាំងនេះ អ្នកដែលមានអាយុ ៣០ឆ្នាំចុះក្រោមមិនត្រូវបានអនុញ្ញាតឱ្យចាក់នោះទេ។

បើតាមការបញ្ជាក់ដដែលបានឱ្យដឹងថា អ្នកដែលជាជនអាទិភាពក្នុងវិស័យការពារជាតិដូចបានបញ្ជាក់ខាងលើ ត្រូវធ្វើការចុះឈ្មោះទុកមុនដោយស្ម័គ្រចិត្ត ហើយនឹងអាចទទួលបានវ៉ាក់សាំងចន្លោះពីថ្ងៃទី ១០ ទៅថ្ងៃទី២០ ខែមិថុនាខាងមុខ។ បើតាមតួលេខដែលមានបច្ចុប្បន្ន កងទ័ពបម្រុងមានដល់ទៅ ៥៣៨,០០០នាក់ ខណៈមន្ត្រីរាជការក្រសួងការពារជាតិ និងអ្នកដទៃទៀតដែលពាក់ព័ន្ធវិស័យការពារជាតិ និងវិស័យការទូត មានដល់ទៅជាង ៣លាននាក់ទៀត។ ដូចនេះ អ្នកណាដែលស្ម័គ្រចិត្តចាក់មុន នឹងអាចទទួលបានវ៉ាក់សាំងកូវីដនេះមុនដែរ។

សម្រាប់កងទ័ពសកម្មបច្ចុប្បន្នវិញ ចំនួនជាង ១១៦,៧០០នាក់ ដែលមានអាយុលើសពី៣០ឆ្នាំឡើងទៅ បានទទួលវ៉ាក់សាំងកូវីដរបស់ AstraZeneca កន្លងមករួចរាល់ហើយ ខណៈកងទ័ពដែលមានវ័យក្មេងក្រោម៣០ឆ្នាំ នឹងទទួលវ៉ាក់សាំង Pfizer របស់អាម៉េរិកនៅពេលខាងមុខឆាប់ៗនេះដែរ ដែលនឹងអាចចាប់ផ្តើមក្នុងខែមិថុនាខាងមុខ។

នៅក្នុងប្រទេសកូរ៉េខាងត្បូង អជ្ញាធរសុខាភិបាលបានផ្តល់អជ្ញាប័ណ្ណអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដរបស់ Johnson & Johnson (J&J) ចំនួន ១ ដូស ជាវ៉ាក់សាំងកូវីដទី៣ ដែលត្រូវបានអនុញ្ញាតក្នុងប្រទេសកូរ៉េខាងត្បូង ហើយគិតមកដល់ពេលនេះ វ៉ាក់សាំងនេះ ត្រូវបានចាក់ជូនជនជាតិអាម៉េរិក រួមទាំងកងទ័ពអាម៉េរិកប្រចាំការនៅកូរ៉េខាងត្បូង (USFK) ចំនួនជាង ១០លាននាក់រួចហើយ។

Leave a Reply

Your email address will not be published. Required fields are marked *