ទំនោរសង្គមកូរ៉េខាងត្បូងផ្លាស់ប្តូរច្រើន ភាគច្រើនមិនចង់រៀបការ ឬមិនចង់យកកូន ហើយឥឡូវដល់ទៅជាង ៣០% គឺជាប្រភេទគ្រួសាររស់នៅតែម្នាក់ឯង

កូរ៉េខាងត្បូង៖ ចំនួនគ្រួសារដែលមានអ្នកស្នាក់នៅក្នុងផ្ទះតែម្នាក់ឯងនៅក្នុងប្រទេសកូរ៉េខាងត្បូង កើនឡើងលើស ៣០% នៃចំនួនគ្រួសារសរុបហើយក្នុងឆ្នាំ២០២០ នេះបើតាមការធ្វើសម្រង់មតិមួយរៀបចំឡើងដោយរដ្ឋាភិបាលកូរ៉េខាងត្បូង ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ប្រភេទគ្រួសារដែលមានសមាជិកគ្រួសារតែម្នាក់​ឯង មានដល់ទៅ ៣០.៤% នៃចំនួនប្រភេទគ្រួសារសរុបទាំងអស់ក្នុងប្រទេសកូរ៉េខាងត្បូងត្រឹមឆ្នាំ២០២០ បើតាមសម្រង់មតិមួយរៀបចំដោយក្រសួងសមភាពយេនឌឺរ និងគ្រួសារកូរ៉េខាងត្បូង លើចំនួនក្រុមគ្រួសារចំនួន ១១,០០០ គ្រួសារ។

តួលេខនេះ គឺកើនឡើងលើសពីឆ្នាំ ២០១៥ ដែលមានត្រឹមតែ២១.៣% និងលើសពីឆ្នាំ២០១០ ដែលមានត្រឹម ១៥.៨% ប៉ុណ្ណោះ។

នៅក្នុងចំណោមប្រភេទគ្រួសារដែលមានសមាជិកគ្រួសារតែម្នាក់ឯងនេះ គេរកឃើញថាក្នុងនោះ ៥៣% ជាស្រ្តី ហើយក្នុងចំណោមប្រភេទគ្រួសារដែលមានសមាជិកគ្រួសារតែម្នាក់ឯងនេះដែរ ៦១.១% ជាមនុស្សវ័យពី៥០ឆ្នាំឡើងទៅ។ ហើយ ៤០% ត្រូវបានគេដឹងថាជាអ្នកដែលមិនទាន់រៀបការ រីឯ៣០% ទៀតជាអ្នកដែលបានឆ្លងកាត់ការលែងលះគ្នា។

តាមរយៈការធ្វើសម្រង់មតិនោះដែរ គេរកឃើញថាអ្នកធ្វើសម្រង់មតិដល់ទៅ ៣២% បង្ហាញជំហរគាំទ្រដល់អ្នកដែលសម្រេចចិត្តមិនរៀបការ ខណៈដែល២១.១% ទៀតនិយាយថាគេពេញចិត្តការរស់នៅជាមួយគ្នា ដោយមិនចាំបាច់រៀបការ ហើយក្នុងនោះដែរ ២១.៣% ផ្សេងទៀតនិយាយថាខ្លួនគាំទ្ររៀបការមិនចាំបាច់មានកូន។

ចំពោះលទ្ធផលបែបនេះ ក្រសួងជំនាញបានបញ្ជាក់ថា ទំនោរនៃប្រភេទគ្រួសារបែបបុរាណនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាទូទៅមានឪពុកម្តាយ និងកូន២នាក់ នោះហាក់មានការផ្លាស់ប្តូរ និងជំនួសដោយនិន្នាការនៃប្រភេទគ្រួសារទម្រង់ថ្មីនៅក្នុងបរិបទសង្គមនាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា កាលពីខែកន្លងទៅ រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងពិនិត្យរៀបចំគោលនយោបាយរយៈពេលវែងទៅពេលខាងមុខ ដើម្បីជួយផ្តល់ការគាំពារ និងឆ្លើយតបទៅនឹងទំនោរផ្លាស់ប្តូរនៃបរិបទគ្រួសារក្នុងសង្គមនាពេលបច្ចុប្បន្ននេះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *