ប្រធានាធិបតី មូន ជេអ៊ីន បង្ហាញជំនឿជាក់ជាថ្មីថា ផែនការចាក់វ៉ាក់សាំងជូនប្រជាជនកូរ៉េខាងត្បូងដល់ ១៣លាននាក់ត្រឹមចុងខែមិថុនា នឹងអាចសម្រេចបាន

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅតែបង្ហាញគោលជំហរជឿជាក់លើគម្រោងផែនការនៃកម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងការសម្រេចបានចាក់វ៉ាក់សាំងកូវីដជូនប្រជាជនខ្លួនបានដល់ ១៣លាននាក់ ត្រឹមចុងខែមិថុនានេះដដែល បើតាមការចុះផ្សាយចុងក្រោយនៅថ្ងៃសៅរ៍នេះ ក្នុងសារព័ត៌មាន Yonhap News។

លោកប្រធានាធិបតីបានសរសេររៀបរាប់លើទំព័រហ្វេសប៊ុករបស់លោក ពីជំនឿជាក់លើកម្មវិធីចាក់វា៉ក់សាំងថា នៅពេលនេះល្បឿននៃការចាក់វ៉ាក់សាំងកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ មានមនុស្សដល់ទៅ១.២លាននាក់ហើយបានចាក់វ៉ាក់សាំងកូវីដថ្មី ដែលគិតមកដល់ពេលនេះ ចំនួននៃអ្នកដែលបានចាក់វ៉ាក់សាំងកើនដល់ ៥.២៣លាននាក់ហើយ ប្រមាណ១០.២% នៃចំនួនប្រជាជនសរុប។

ប្រសិនបើល្បឿននៃដំណើរការចាក់វ៉ាក់សាំងកម្រិតនេះ នៅតែបន្តអនុវត្តបាន គម្រោងការដែលនឹងចាក់វ៉ាក់សាំងជូនប្រជាជនកូរ៉េខាងត្បូងឱ្យបានដល់ ១៣លាននាក់ប្រាកដជានឹងអាចសម្រេចបាន ត្រឹមពាក់កណ្តាលឆ្នាំ២០២១នេះ បើតាមការបញ្ជាក់របស់លោកប្រធានាធិបតី មូន ជេអ៊ីន។

ក្នុងនោះដែរ លោកប្រធានាធិបតីក៏បានលើកឡើងអំពីអត្ថប្រយោជន៍ដែលរដ្ឋាភិបាលកូរ៉េខាងត្បូង ប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាពិសេសគឺក្នុងការជួយសម្រួលផ្តល់ព័ត៌មាន ជូនដំណឹង ក៏ដូចជាអនុញ្ញាតឱ្យប្រជាជនដែលមិនទាន់ទទួលបានអាទិភាពអាចស្ម័គ្រចិត្តទទួលវ៉ាក់សាំងដែលនៅសល់ក្នុងស្តុក ដោយសារមិនមានអ្នកមកចាក់ពីមុនមកផងដែរ។

យន្តការថ្មីនេះ ជាយន្តការដើម្បីបង្កើនចំនួនអ្នកចាក់វ៉ាក់សាំងផង និងដើម្បីបង្ការការខូចវ៉ាក់សាំងចោលដោយមិនមានអ្នកមកចាក់ផងដែរ។ ចំពោះបងប្អូនខ្មែរយើង ដែលចង់ចាក់វ៉ាក់សាំងកូវីដនៅក្នុងប្រទេសកូរ៉េខាងត្បូង អាចពិនិត្យមើលពីវិធីចាក់តាម អត្ថបទ ចែករំលែក! សម្រាប់អ្នកដែលចង់ចាក់វ៉ាក់សាំងកូវីដ-១៩ នៅកូរ៉េខាងត្បូង ទាំងអ្នកស្របច្បាប់ និងខុសច្បាប់ ត្រូវអនុវត្តតាមវិធីណែនាំទាំងនេះ ផងដែរ។

ក្នុងនោះដែរ លោកប្រធានាធិបតីក៏បានបញ្ជាក់ផងដែរថា លោកកាន់តែជឿជាក់ថែមទៀតថា ប្រទេសកូរ៉េខាងត្បូងនឹងអាចសម្រេចបានបង្កើតជាប្រព័ន្ធភាពស៊ាំសហគមន៍មុនកាលបរិច្ឆេទគ្រោងទុកនៅខែវិច្ឆិកាទៀតផង ហើយលោកក៏បានបន្តអំពាវនាវឱ្យប្រជាជនមកទទួលចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា និងប្រកាន់ខ្ជាប់វិធានការនានាដើម្បីការពារពីជំងឺកូវីដផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *