គិតត្រឹមចុងខែឧសភានេះ យ៉ាងហោចណាស់មនុស្សម្នាក់ ក្នុងចំណោម១០នាក់ ក្នុងប្រទេសកូរ៉េខាងត្បូង បានទទួលវ៉ាក់សាំងកូវីដ ដូសទី១រួចរាល់

កូរ៉េខាងត្បូង៖ គិតត្រឹមល្ងាចថ្ងៃសុក្រទី ២៨ ខែឧសភា នេះ យ៉ាងហោចណាស់មនុស្សម្នាក់ ក្នុងចំណោម​១០នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង បានទទួលការចាក់វ៉ាក់សាំងកូវីដយ៉ាងហោចណាស់មួយដូសរួចហើយ នេះបើតាមការប្រកាសរបស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

គិតមកដល់ល្ងាចថ្ងៃសុក្រនេះ ម៉ោង ៥ល្ងាច (ម៉ោងនៅក្នុងប្រទេសកូរ៉េខាងត្បូង) អ្នកដែលបានទទួលចាក់វ៉ាក់សាំងដូសទី១រួចរាល់មាន ៥.២លាននាក់ គឺប្រមាណ ១០.១% នៃចំនួនប្រជាជនសរុបដែលមានជាង ៥២លាននាក់ នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង ជាអជ្ញាធរជំនាញទទួលបន្ទុកកម្មវិធីចាក់វ៉ាក់សាំងនៅក្នុងប្រទេស។

អជ្ញាធរបានបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ AstraZeneca ជើងថ្មី ដែលដឹកមកដល់ប្រទេសកូរ៉េខាងត្បូងកាលពីសប្តាហ៍មុននេះ បានពន្លឿនល្បឿននៃកម្មវិធីចាក់វ៉ាក់សាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ អជ្ញាធរសុខាភិបាលបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាជនកូរ៉េខាងត្បូងអាយុពី ៦៥ ទៅ ៧៤ឆ្នាំ ហើយថ្មីៗនេះ ជាវិធានការដើម្បីឆ្លើយតបទៅនឹងវ៉ាក់សាំងកូវីដមួយចំនួនដែលនៅសល់ក្នុងស្តុកមិនបានចាក់ជូនអ្នកដែលទទួលបានអាទិភាពពីមុនមកនោះ រដ្ឋាភិបាលបានប្រកាសបើកទូលាយដល់ប្រជាជនទូទៅ អាចស្នើសុំចាក់វ៉ាក់សាំងកូវីដដែលនៅសល់នោះផងដែរ រួមបញ្ចូលទាំងប្រជាជនវ័យក្មេង ដែលមិនទាន់ដល់ក្រុមអាទិភាពអាយុត្រូវទទួលវ៉ាក់សាំងក៏ដោយ។

ចាប់ពីខែកក្កដាខាងមុខ អជ្ញាធរសុខាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងជូនអ្នកដែលមានអាយុពី ៥០ ទៅ៥៩ឆ្នាំ ហើយសិស្សសាលាវិទ្យាល័យឆ្នាំដែលត្រូវប្រឡងថ្នាក់ជាតិត្រៀមចូលមហាវិទ្យាល័យ ក៏នឹងត្រូវទទួលវ៉ាក់សាំងអាទិភាពមុននឹងការប្រឡងត្រៀមចូលមហាវិទ្យាល័យនាពេលខាងមុខនេះផងដែរ។

ក្នុងនោះដែរ ជាវិធានការដើម្បីជំរុញដល់ការចាក់វ៉ាក់សាំងឱ្យបានទូលំទូលាយ រដ្ឋាភិបាលបានផ្តល់នូវអត្ថប្រយោជន៍ជាការលើកលែងការអនុវត្តវិធានការគម្លាតសង្គមផ្សេងៗ ដូចជាការលើកលែងមិនធ្វើចត្តាឡីស័ក ការមិនចាំបាច់ពាក់ម៉ាស់នៅទីសាធារណៈ ការអនុញ្ញាតឱ្យជួបជុំ និងការលើកលែងផ្សេងៗមួយចំនួនទៀត សម្រាប់អ្នកដែលបានទទួលចាក់វា៉ក់សាំងកូវីដរួចរាល់ផងដែរ។

សូមបញ្ជាក់ថា តាមផែនការរដ្ឋាភិបាល ត្រឹមចុងខែមិថុនា គេគ្រោងនឹងសម្រេចចាក់វ៉ាក់សាំងជូនប្រជាជនឱ្យបានដល់ ១៣លាននាក់ ហើយនឹងបន្តសម្រេចបានបង្កើតជាប្រព័ន្ធភាពស៊ាំសហគមន៍ ត្រឹមខែវិច្ឆិកាខាងមុខផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *