ចាប់ពីឆ្នាំក្រោយទៅ ចំណូលពីការជួញដូរ Cryptocurrency នៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងត្រូវកំណត់ឱ្យជាប់ពន្ធ ២០%

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងដាក់ចេញនូវពន្ធលើប្រាក់ចំណូលពីការជួញដូរអចលទ្រព្យឌីជីថលឌីជីថល (Cryptocurrency) ចាប់ពីឆ្នាំ២០២២ខាងមុខនេះទៅ នេះបើតាមការប្រកាសផ្លូវការនៅថ្ងៃសុក្រនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

គម្រោងក្នុងការប្រមូលពន្ធលើប្រាក់ចំណូលបានពីការជួញដូរ Cryptocurrency នេះត្រូវបានប្រកាសដោយរដ្ឋាភិបាលកូរ៉េខាងត្បូង ក្រោយពីបញ្ហានេះត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាងតំណាងអន្តរក្រសួងពាក់ព័ន្ធ ដឹកនាំដោយលោក Koo Yoon-cheol ជាប្រធានសម្របសម្រួលគោលនយោបាយរដ្ឋាភិបាល នៅក្រោមខុទ្ទកាល័យនាយករដ្ឋមន្ត្រីផ្ទាល់។

ក្រោមការប្រមូលពន្ធថ្មីនេះ ចំណូលដែលបានមកពីការជួញដូរ Cryptocurrency នឹងត្រូវចាត់ចូលជាប្រភេទ “ចំណូលផ្សេងៗ” (“miscellaneous income”) និងត្រូវមានបន្ទុកពន្ធចំនួន ២០% ដែលនឹងចាប់អនុវត្តពីឆ្នាំក្រោយទៅ ហើយរាល់ចំណូលបានមកពីការជួញដូរតាមប្រព័ន្ធឌីជីថល នឹងត្រូវរាយការណ៍បញ្ចូលជាផ្នែកនៃការរាយការណ៍ពន្ធលើប្រាក់ចំណូលចាប់ពីខែឧសភា ឆ្នាំ២០២៣ទៅ។

គណៈកម្មការសេវាហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង (FSC) ដែលជានិយ័តករលើកិច្ចការហិរញ្ញវត្ថុ នឹងត្រូវចាត់ជាអង្គភាពរដ្ឋាភិបាលទទួលបន្ទុកលើកិច្ចការត្រួតពិនិត្យ និងធ្វើច្បាប់ទាក់ទងនឹងទីផ្សារជួញដូរប្រភេទអចលទ្រព្យឌីជីថល ខណៈដែលក្រសួងវិទ្យាសាស្រ្តកូរ៉េខាងត្បូង នឹងក្លាយជាស្ថាប័នរដ្ឋាភិបាលទទួលបន្ទុកក្នុងការជម្រុញ និងផ្សព្វផ្សាយសកម្មភាពនានាពាក់ព័ន្ធនឹងការជួញដូរប្រភេទអចលទ្រព្យឌីជីថលក្នុងទីផ្សារហិរញ្ញវត្ថុ។

អជ្ញាធរក៏បានសម្រេចពន្យារពេលនៃការអនុវត្តវិធានការរដ្ឋាភិបាលក្នុងការពិនិត្យ និងលុបបំបាត់សកម្មភាពខុសច្បាប់នានាក្នុងទីផ្សារជួញដូរប្រភេទអចលទ្រព្យឌីជីថលនេះ រហូតដល់អំឡុងខែកញ្ញាខាងមុខវិញ។ ក្នុងនោះដែរ រដ្ឋាភិបាលក៏បានបញ្ជាក់ច្បាស់ផងដែរថា “អចលទ្រព្យឌីជីថល មិនត្រូវបានទទួលស្គាល់ថាជារូបិយវត្ថុពិត ឬឧបករណ៍ហិរញ្ញវត្ថុពិត” នោះទេ ដោយសារតែអចលទ្រព្យឌីជីថលទាំងនេះមិនមានតម្លៃជាក់លាក់ ហើយគ្មាននរណាដែលអាចកំណត់លើតម្លៃរបស់វាបាននោះដែរ។

ជាមួយនឹងការប្រកាសនេះ រដ្ឋាភិបាលក៏បានគ្រោងនឹងដាក់បម្រាមដល់បណ្តាប្រតិបត្តិករក្នុងវិស័យ Cryptocurrency នេះ​មិនឱ្យធ្វើការជួញដូរ Cryptocurrency នេះដោយខ្លួនឯងនោះដែរ ដែលអាចជាកត្តាប៉ះពាល់ដល់ឥទ្ធិពលតម្លៃនៃទីផ្សារទាំងមូល និងបង្កជាសកម្មភាពមិនស្មើភាពនានា។ សូមបញ្ជាក់ថា ប្រតិបត្តិករក្នុងវិស័យ Cryptocurrency នេះ គឺគេសំដៅដល់ក្រុមហ៊ុនជាភាគីទិញ លក់ ជាតំណាងកណ្តាល ឱ្យអ្នកជួញដូរទូទៅក្នុងវិស័យនេះ។

នៅក្នុងប្រទេសកូរ៉េខាងត្បូង គិតត្រឹមថ្ងៃទី២០ ខែឧសភានេះ ក្រុមហ៊ុនជាប្រតិបត្តិករក្នុងវិស័យ Cryptocurrency នេះមានចំនួនជាង ៦០ ក្រុមហ៊ុន ហើយក្នុងនោះមាន ២០ក្រុមហ៊ុនបានទទួលវិញ្ញាបនបត្រ Information Security Management System certifications បញ្ជាក់ពីសុវត្ថិភាពនៃការធ្វើប្រតិបត្តិជួញដូរនានាក្នុងក្រុមហ៊ុនខ្លួន។

Leave a Reply

Your email address will not be published. Required fields are marked *