ពីសប្តាហ៍ក្រោយទៅ កោះជេជូ នឹងតម្លើងវិធានការគម្លាតសង្គមមួយកម្រិតទៀត ទៅកម្រិត២ ខណៈមានការកើនករណីឆ្លងកូវីដក្នុងតំបន់ផ្ទាល់

កូរ៉េខាងត្បូង៖ កោះជេជូ នឹងត្រូវតម្លើងវិធានការគម្លាតសង្គមរបស់ខ្លួនមួយកម្រិតទៀត ឡើងដល់ទៅ​កម្រិត២ (Level 2) នៅចុងខែឧសភានេះ ដើម្បីឆ្លើយតបទៅនឹងការបន្តកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩ នេះបើតាមការបញ្ជាក់របស់អជ្ញាធរនៅថ្ងៃសុក្រនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ការតម្លើងវិធានការគម្លាតសង្គមឡើងដល់កម្រិត២ (Level 2) នឹងចាប់ផ្តើមអនុវត្តពីថ្ងៃចន្ទទី៣១ ខែឧសភា ២០២១ខាងមុខនេះ ហើយនឹងបន្តអនុវត្តរយៈពេល២សប្តាហ៍។ ក្រោមការតម្លើងវិធានការគម្លាតសង្គមនេះ នឹងមានការរឹតបន្តឹងលើម៉ោងដំណើរការនៃបណ្តាទីតាំងមួយចំនួន ហើយការជួបជុំគ្នាក៏នឹងត្រូវកម្រិតចំនួនតឹងរ៉ឹងជាងមុនផងដែរ។ ទីតាំងកំសាន្តដូចជា កន្លែងលេងកីឡា កន្លែងច្រៀងខារ៉ាអូខេ នឹងត្រូវផ្អាកដំណើរការពីម៉ោង ១១យប់ ដល់ម៉ោង ៥ព្រឹក ខណៈដែលភោជនីយដ្ឋាន និងហាងកាហ្វេនានា នឹងត្រូវអនុញ្ញាតឱ្យធ្វើការខ្ចប់ចេញប៉ុណ្ណោះ ចន្លោះពីម៉ោង ១១យប់ ដល់ម៉ោង ៥ព្រឹកដូចគ្នានេះ។

ក្នុងនោះដែរ ទីតាំងសាសនា នឹងត្រូវកម្រិតឱ្យមានអ្នកមកត្រឹមបាន ២០% នៃចំនួនសរុបនៃទីតាំងប៉ុណ្ណោះ ខណៈទីតាំងសាលារៀនគួរនឹងត្រូវកម្រិតអនុវត្តវិធានការគម្លាតសង្គមតឹងរ៉ឹងជាងមុន។ ក្នុងនោះដែរ ការជួបជុំគ្នាលើសពីគ្នា ៥នាក់ឡើងទៅ ក៏នឹងត្រូវហាមឃាត់ផងដែរ។

ការតម្លើងវិធានការគម្លាតសង្គមនេះឆ្លើយតបទៅនឹងការបន្តកើនឡើងករណីឆ្លងកូវីដនៅលើកោះជេជូនេះ ដោយគេរកឃើញករណីឆ្លងជាមធ្យមប្រចាំថ្ងៃយ៉ាងហោចចំនួន ១២.៦ករណី ក្នុងរយៈពេលនៃសប្តាហ៍ចុងក្រោយនេះ ហើយនៅថ្ងៃសុក្រនេះករណីឆ្លងកូវីដនៅលើកោះជេជូ មាន៧ករណីបន្ថែមទៀត។ រយៈពេលជាង១ឆ្នាំកន្លះ គិតមកដល់ពេលនេះ កោះជេជូមានករណីឆ្លងកូវីដ-១៩ ចំនួន ១,០០២ករណីហើយ ហើយមាន ២៨៨ ករណីក្នុងខែឧសភាចុងក្រោយនេះ។

កាលពីពេលកន្លងមក ករណីឆ្លងកូវីដដែលរកឃើញនៅលើកោះជេជូ ហាក់មានប្រភពពីអ្នកទេសចរដែលបានមកទស្សនាកោះជេជូ ខណៈដែលការធ្វើដំណើរទេសចរណ៍ទៅក្រៅប្រទេសហាក់ត្រូវកាត់ផ្តាច់សឹងទាំងស្រុងនោះ តែជាក្តីបារម្ភថ្មីដែលនាំដល់ការតម្លើងវិធានការគម្លាតសង្គមកម្រិត២នេះ គឺដោយសារតែថ្មីៗចុងក្រោយនេះ គេរកឃើញទំនោរនៃករណីឆ្លងជាចង្កោមក្នុងសហគមន៍អ្នករស់នៅលើកោះជេជូនេះផ្ទាល់វិញ។

ជាក់ស្តែង គេរកឃើញ ៦៦ករណីកូវីដ ឆ្លងពាក់ព័ន្ធទៅនឹងក្រុមកីឡារបស់សាកលវិទ្យាល័យមួយនៅលើកោះជេជូ ហើយ២២ករណីទៀតឆ្លងពាក់ព័ន្ធនឹងពិធីមង្គលការមួយកន្លែង ហើយមានករណីឆ្លងបន្តគ្នាក្នុងគ្រួសារ១៧នាក់ទៀត និង១២ករណីទៀត មានប្រភពឆ្លងចេញពីកន្លែងងូតទឹករួមគ្នាមួយកន្លែង។

អភិបាលកោះជេជូបានបញ្ជាក់ថា ការតម្លើងវិធានការគម្លាតសង្គមនេះគឺជាការអនុវត្តចាំបាច់ ដោយពិនិត្យមើលលើករណីឆ្លងដែលកើនឡើងជាបន្តបន្ទាប់ថ្មីៗនេះ ខណៈដែលធនធានសុខាភិបាល និងធនធានដទៃទៀតក្នុងតំបន់សម្រាប់ឆ្លើយតបទៅនឹងករណីឆ្លងកូវីដនេះក៏មានកម្រិតដែរនោះ។

Leave a Reply

Your email address will not be published. Required fields are marked *