ប្រទេសកូរ៉េខាងត្បូង សន្យាថានឹងដើរតួនាទីឱ្យសកម្ម ក្នុងការជួយដោះស្រាយបញ្ហាកង្វះខាតវ៉ាក់សាំងកូវីដ-១៩ ជាសាកល នៅពេលខាងមុខដ៏ខ្លី

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនឹងបង្កើនតួនាទីរបស់ខ្លួនឱ្យកាន់តែសកម្មថែមទៀត ក្នុងការឆ្លើយតបទៅនឹងបញ្ហាកង្វះខាតវ៉ាក់សាំងកូវីដជាសាកល នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង ក្នុងអំឡុងពេលកិច្ចប្រជុមមួយជាមួយបណ្តាប្រទេសគាំទ្រពាណិជ្ជកម្មពហុភាគី។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូងបានបញ្ជាក់ក្នុងអំឡុងកិច្ចប្រជុំក្រុមអូតាវ៉ា (Ottawa Group) ថា ដើម្បីរួមចំណែកដល់ការដោះស្រាយបញ្ហារាតត្បាតនៃជំងឺកូវីដ-១៩ ផលិតកម្ម និងការផ្គត់ផ្គង់វ៉ាក់សាំងត្រូវសម្រេចឱ្យបានទូលំទូលាយ និងពង្រីកឱ្យបានដល់គ្រប់ទីកន្លែងជុំវិញពិភពលោក។

ក្នុងកិច្ចប្រជុំក្រុមអូតាវ៉ានេះដែរ រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូងបានបញ្ជាក់ទៀតថា កូរ៉េខាងត្បូងខ្លួនឯងនឹងបង្កើនការចូលរួមឱ្យកាន់តែសកម្មក្នុងការដោះស្រាយបញ្ហាកង្វះខាតវ៉ាក់សាំង ដោយនឹងដើរតួជាអ្នកផលិតវ៉ាក់សាំង និងជាបណ្តុំនៃវ៉ាក់សាំងសម្រាប់ចែកចាយដល់សាកលលោកនៅពេលខាងមុខនេះ។

ការលើកឡើងដូចនេះ គឺឆ្លើយតបទៅនឹងការដែលកូរ៉េខាងត្បូងបានទទួលសិទ្ធិអនុញ្ញាតជាបន្តបន្ទាប់ក្នុងការផលិតវ៉ាក់សាំងកូវីដ រួមមានវ៉ាក់សាំង AstraZeneca របស់អង់គ្លេស និងស៊ុយអែត ដែលកូរ៉េខាងត្បូងបានផលិតតាំងពីដើមឆ្នាំនេះមក និងវ៉ាក់សាំងកូវីដ Moderna ដែលក្រុមហ៊ុន Samsung BioLogics Co. របស់កូរ៉េខាងត្បូងទើបនឹងទទួលបានសិទ្ធិផលិតកាលពីពេលចុងសប្តាហ៍មក។

តាមរយៈកុងត្រានៃការទទួលផលិតវ៉ាក់សាំង Moderna នេះ ក្រុមហ៊ុនវេជ្ជសាស្រ្ត Samsung BioLogics Co. នឹងអាចចាប់ផ្តើមនាំចេញវ៉ាក់សាំង Moderna ចាប់ពីត្រីមាសទី៣ (ពីខែកក្កដា ដល់កញ្ញា) លឿនបំផុត។

ចំណែកឯវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ក៏នឹងត្រូវចាប់ផ្តើមផលិត និងនាំចេញពីប្រទេសកូរ៉េខាងត្បូងចាប់ពីខែសីហាខាងមុខផងដែរ ហើយខណៈពេលនេះក្រុមហ៊ុនវេជ្ជសាស្រ្ត SK Bioscience ដែលជាក្រុមហ៊ុនវេជ្ជសាស្រ្តដ៏ធំក្នុងប្រទេសកូរ៉េខាងត្បូង ក៏បានចុះកុងត្រាផលិតជាមួយវ៉ាក់សាំងកូវីដ Novavax របស់អាម៉េរិកផងដែរ។

ដោយផ្អែកលើកត្តានេះហើយ ទើបកូរ៉េខាងត្បូងហ៊ានអះអាងថានឹងដើរតួនាទីកាន់តែសកម្មជាងមុន ក្នុងការបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ទៅប្រទេសក្នុងសាកលលោក។

ក្នុងកិច្ចប្រជុំនោះដែរ ក្រុមប្រទេសជាសមាជិកនៃក្រុមអូតាវ៉ា ក៏បានលើកឡើងពីគំនិតក្នុងការលុបចោលប័ណ្ណប៉ាតង់សម្រាប់វ៉ាក់សាំងកូវីដ-១៩ ផងដែរ ដែលគោលគំនិតនេះត្រូវបានលើកឡើងក្នុងគោលបំណងជំរុញឱ្យការផលិតវ៉ាក់សាំងអាចធ្វើទៅបានទូទាំងសាកលលោកកាន់តែទូលំទូលាយ។

ក្រុមអូតាវ៉ា (Ottawa Group) នេះសំដៅដល់ក្រុមសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ១៤ប្រទេស ដែលចង់កែទម្រង់ប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិសព្វថ្ងៃ ឱ្យមានកាន់តែល្អប្រសើរឡើង ដែលមានសមាជិកពីប្រទេសធំៗដូចជាកូរ៉េខាងត្បូង កាណាដា អូស្រ្តាលី ឈីលី និងអង់គ្លេសជាដើម។

Leave a Reply

Your email address will not be published. Required fields are marked *