ឯកអគ្គរាជទូតកម្ពុជា និងទូតអាស៊ាននៅកូរ៉េខាងត្បូង ធ្វើទស្សនកិច្ចទៅរោងចក្រ LS Electric ស្វែងយល់ដំណើរការរោងចក្រវ័យឆ្លាត និងឱកាសសហប្រតិបត្តិការបន្ត

កូរ៉េខាងត្បូង៖ លោកឯកអគ្គរាជទូតកម្ពុជា ឡុង ឌីម៉ង់ រួមជាមួយនឹងបណ្តាទូតអាស៊ានដទៃទៀតទាំង១០ប្រទេស ត្រូវបានអញ្ជើញឱ្យទៅធ្វើទស្សនកិច្ចនៅទីតាំងរោងចក្ររបស់ក្រុមហ៊ុន LS Electric ដែលជារោងចក្របច្ចេកវិទ្យាវ័យឆ្លាត និងផលិតកម្មគ្រឿងអេឡិកត្រូនិកដ៏ធំនៅក្នុងប្រទេសកូរ៉េខាងត្បូង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Korea Times នៅថ្ងៃពុធនេះ។

រោងចក្ររបស់ក្រុមហ៊ុន LS Electric កាលពីថ្ងៃអង្គារម្សិលមិញនេះ ដែលមានទីតាំងរោងចក្រខ្លួននៅខេត្តឈុងឈុនខាងជើង បានអញ្ជើញវត្តមានជាកិត្តិយសទូតកម្ពុជាយើង រួមនឹងទូតប្រទេសអាស៊ានទាំង១០ ដែលជាសមាជិកនៃគណៈកម្មាធិការអាសា៊ននៅទីក្រុងសេអ៊ូល ដើម្បីទៅទស្សនកិច្ច ក៏ដូចជាពិភាក្សាអំពីឱកាសសហប្រតិបត្តិការទៅវិញទៅមករវាងរោងចក្រផ្ទាល់ និងបណ្តាប្រទេសអាស៊ាននីមួយៗ លើវិស័យបច្ចេកវិទ្យា និងធុរកិច្ច។

ក្នុងដំណើរទស្សនកិច្ចស្វែងយល់ពីដំណើរការរបស់រោងចក្រ LS Electric នោះ លោក Koo Ja-kyun ជាប្រធានរបស់ក្រុមហ៊ុន LS Electric បាននាំបណ្តាទូតអាស៊ានទៅពិនិត្យមើលទីតាំងផ្នែក G sector ដែលជាផ្នែកសំខាន់នៃខ្សែផលិតកម្មវ័យឆ្លាតរបស់រោងចក្រ។ ទីតាំងផ្នែក G sector នេះមាននូវខែ្សផលិតកម្មវ័យឆ្លាតដែលមានការធ្វើស្វ័យប្រវត្តកម្មទាំងស្រុង សម្រាប់ការតម្លើងសម្ភារៈអេឡិកត្រូនិកនានា រួមទាំងការធ្វើតេស្ត និងវេចខ្ចប់ផងដែរ។

ក្រុមហ៊ុន LS Electric នេះជាក្រុមហ៊ុន និងរោងចក្រមួយក្នុងចំណោមរោងចក្រមួយចំនួនតូចប៉ុណ្ណោះ ក្នុងប្រទេសកូរ៉េខាងត្បូង ដែលដំណើរការតាមប្រព័ន្ធបច្ចេកវិទ្យាវ័យឆា្លត ហើយដែលកន្លងមកតាំងពីឆ្នាំ២០១១ បានបោះទុនវិនិយោគដល់ទៅ ២០ប៊ីលានវ៉ុន ដើម្បីបង្កើតជាខ្សែផលិតកម្មបែបវ័យឆ្លាតនេះ។

បើតាមការបញ្ជាក់របស់លោកប្រធានក្រុមហ៊ុន LS Electric ក្រោយពីរោងចក្រនេះត្រូវបានបង្កើតឱ្យដំណើរការតាមប្រព័ន្ធវ័យឆ្លាត ពេលវេលាផលិតកម្មរបស់គ្រឿងម៉ាស៊ីនត្រូវកាត់បន្ថយដល់ពាក់កណ្តាល ហើយផលិតកម្មកើនឡើងរហូតដល់ ៦០% រីឯការប្រើប្រាស់ថាមពលក្នុងផលិតកម្មថយចុះ ៦០% ហើយអត្រាផលិតផលដែលមានការខូចខាតក្នុងដំណើរការផលិតកាត់បន្ថយមកនៅត្រឹមតែ ៧ ឯកតាប៉ុណ្ណោះក្នុង១លានឯកតាផលិត។ លទ្ធផលដូចនេះបញ្ជាក់ថា ការតម្លើងរោងចក្របែបឆ្លាតវៃនេះមានអត្ថប្រយោជន៍ដល់ទៅ៣ ប្រៀបបានទៅនឹងការបាញ់ព្រួញ១ ត្រូវចាបដល់ទៅ៣ឯណោះ។

សូមបញ្ជាក់ថា រោងចក្ររបស់ក្រុមហ៊ុន LS Electric នេះផលិតនូវឧបករណ៍បំបែកសៀគ្វី និងកុងតាក់ភ្លើង ហើយមានទំហំផលិតកម្មប្រចាំឆ្នាំដល់ទៅ ២.៦លានគ្រឿងឯណោះ ដែលឧបករណ៍ទាំងនេះអាចប្រើប្រាស់បានសម្រាប់ជាមុខងារប្រព័ន្ធបច្ចេកវិទ្យាតម្លើងរោងចក្រ និងក៏ដូចជាឧបករណ៍ដទៃទៀតដែលពឹងផ្អែកលើប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជា Cyber Physical System (CPS), ប្រព័ន្ធ Internet of Things (IoT) និងប្រព័ន្ធ Internet of Service (IoS) ជាដើម។

 

One thought on “ឯកអគ្គរាជទូតកម្ពុជា និងទូតអាស៊ាននៅកូរ៉េខាងត្បូង ធ្វើទស្សនកិច្ចទៅរោងចក្រ LS Electric ស្វែងយល់ដំណើរការរោងចក្រវ័យឆ្លាត និងឱកាសសហប្រតិបត្តិការបន្ត

Leave a Reply

Your email address will not be published. Required fields are marked *