កូរ៉េខាងត្បូងប្រកាសផ្តល់វ៉ាក់សាំងកូវីដ-១៩ ដែលនៅសល់ ជាវ៉ាក់សាំងរបស់អ្នកមិនបានមកទទួលពីមុន ឱ្យទៅសាធារណជនដទៃវិញ ដែលចង់ចាក់

កូរ៉េខាងត្បូង៖ វ៉ាក់សាំងកូវីដ-១៩ នៅសល់ដែលមិនទាន់បានប្រើ នឹងត្រូវអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងសម្រេចដាក់ឱ្យអ្នកណាដែលមានបំណងចង់ទទួលវ៉ាក់សាំង អាចធ្វើការចុះឈ្មោះមកចាក់វ៉ាក់សាំងដែលនៅសល់ទាំងនេះបាន បើតាមការប្រកាសរបស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងប្រកាសថា ចាប់ពីថ្ងៃព្រហស្បត្តិ៍ស្អែកនេះទៅ អ្នកដែលមានបំណងចង់ទទួលចាក់វ៉ាក់សាំងកូវីដ អាចចុះឈ្មោះស្នើសុំចាក់វ៉ាក់សាំងកូវីដដែលនៅសល់ក្នុងស្តុកបាន ដែលការចុះឈ្មោះតាមអនឡាញនេះអាចធ្វើបានតាមរយៈ Naver ឬតាម KakaoTalk។

វ៉ាក់សាំងកូវីដដែលនៅសល់ ហើយអនុញ្ញាតចាក់ជូនអ្នកណាដែលមានបំណងទទួលយកវ៉ាក់សាំងនេះ គឺគេសំដៅដល់វ៉ាក់សាំងកូវីដដែលកន្លងមកត្រូវរៀបជូនអ្នកអាទិភាពដែលអជ្ញាធរសុខាភិបាលបានកំណត់ឱ្យមកចាក់វ៉ាក់សាំង តែមិនបានបង្ហាញខ្លួនមកចាក់វ៉ាក់សាំងតាមកាលកំណត់ ដោយសារតែមូលហេតុផ្សេងៗ។

ដូចនេះ តាមរយៈប្រព័ន្ធថ្មីនេះ បណ្តាទីតាំងចាក់វ៉ាក់សាំង មន្ទីរពេទ្យ និងគ្លីនិកឯកជនដែលអជ្ញាធរកំណត់ឱ្យជាទីតាំងចាក់វ៉ាក់សាំង នឹងចាប់ផ្តើមបង្ហោះព័ត៌មានអំពីវ៉ាក់សាំងដែលទីតាំងខ្លួននៅសល់ទៅក្នុងប្រព័ន្ធអនឡាញទាំងនោះ ហើយអ្នកណាដែលមានចំណាប់អារម្មណ៍ចង់ចាក់វ៉ាក់សាំង អាចធ្វើការចុះឈ្មោះតាមប្រព័ន្ធអនឡាញដែលអជ្ញាធរកំណត់ ធ្វើការស្វែងរកចំនួនវ៉ាក់សាំងកូវីដ-១៩ ដែលនៅសល់ក្បែរតំបន់របស់ខ្លួន ដោយពាក្យកំណត់ថា “មិនបានបង្ហាញខ្លួន” ឬភាសាអង់គ្លេស “no-show” និងធ្វើការចុះឈ្មោះដើម្បីចាក់វ៉ាក់សាំងនោះ។

កម្មវិធីនេះនឹងចាប់ផ្តើមដំណើរការសាកល្បងពីថ្ងៃស្អែកនេះ រយៈពេលពីរសប្តាហ៍ ហើយនឹងចាប់ផ្តើមដាក់ឱ្យដំណើរការជាផ្លូវការតែម្តងពីថ្ងៃទី ៩ មិថុនា ខាងមុខ។

អជ្ញាធរបញ្ជាក់ផងដែរថា អ្នកដែលមិនមែនជាជនអាទិភាពសម្រាប់ទទួលវ៉ាក់សាំងកូវីដបច្ចុប្បន្ន អាចចុះឈ្មោះតាមប្រព័ន្ធអនឡាញនេះដើម្បីទទួលបានវ៉ាក់សាំងកូវីដ មុនពេលដែលក្រុមអាយុរបស់ខ្លួនទទួលបានការផ្តល់អាទិភាពដោយរដ្ឋាភិបាលនាពេលខាងមុខ។ យ៉ាងណាមិញ អជ្ញាធរកំណត់ថា កម្មវិធីនេះមិនអនុញ្ញាតចំពោះអ្នកដែលបានចាក់វ៉ាក់សាំងដូសទី១ រួចរាល់ ឬចំពោះអ្នកមានអាយុក្រោម ៣០ឆ្នាំនោះទេ។

សូមបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងចាក់វ៉ាក់សាំងកូវីដជូនប្រជាជនឱ្យបានដល់ ១៣លាននាក់ ត្រឹមចុងខែមិថុនា ហើយនិងសម្រេចបានប្រព័ន្ធភាពស៊ាំសង្គមត្រឹមខែវិច្ឆិកាខាងមុខ ហើយគិតមកដល់ពេលនេះ គេសម្រេចចាក់វា៉ក់សាំងជូនប្រជាជនបានចំនួន ៣.៩លាននាក់ហើយ ដែលក្នុងនោះ ១.៩លាននាក់ បានចាក់វ៉ាក់សាំងរួចរាល់ទាំងពីរដូស។

Leave a Reply

Your email address will not be published.