ចាប់ពីខែកក្កដា អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១នៅកូរ៉េខាងត្បូង មិនបាច់ពាក់ម៉ាស់ពេលចេញទៅក្រៅទៀតទេ រួមនឹងមានការលើកលែងមួយចំនួនទៀត

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសនៅថ្ងៃពុធនេះថា អ្នកណាដែលបានទទួលវ៉ាក់សាំងកូវីដ-១៩ ដូសទី១រួចរាល់ នឹងមិនចាំបាច់តម្រូវឱ្យពាក់ម៉ាស់នៅតាមទីសាធារណៈទៀតនោះទេ ដែលវិធានការលើកលែងនេះនឹងចាប់ផ្តើមអនុវត្តពីខែកក្កដាខាងមុខទៅ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

វិធានការលើកលែងថ្មីនេះមានន័យថា ចាប់ពីខែកក្កដាទៅ អ្នកដែលបានចាក់វ៉ាក់សាំងដូសទី១ហើយ នឹងមិនចាំបាច់ពាក់ម៉ាស់ជាតម្រូវការនៅពេលចេញដើរនៅខាងក្រៅនោះទេ ហើយក៏នឹងលើកលែងចំពោះករណីកំណត់ចំនួននៅតាមទីតាំងប្រារព្ធពិធីសាសនានានាផងដែរ។

ប្រកាសនៅក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាលប្រចាំថ្ងៃឆ្លើយតបទៅនឹងស្ថានការណ៍កូវីដ វិធានការនេះក៏មានរួមបញ្ចូលនូវផែនការមួយទៀតដែលគ្រោងនឹងធ្វើការលើកលែងការហាមឃាត់ជួបជុំសមាជិកគ្រួសារផ្ទាល់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ដូសទី១ហើយនោះ។

នេះមានន័យថា ចាប់ពីខែក្រោយទៅ អ្នកដែលបានចាក់វ៉ាក់សាំងដូសទី១ហើយ នឹងត្រូវលើកលែងពីការដាក់បម្រាមហាមឃាត់មិនឱ្យមានការជួបជុំសមាជិកគ្រួសារផ្ទាល់ ដែលលើសពីគ្នា ៨នាក់ឡើងទៅផងដែរ ដែលមានន័យថាអ្នកដែលបានចាក់វ៉ាក់សាំងដូសទី១រួចរាល់ និងអាចជួបជុំក្រុមគ្រួសារដោយផ្ទាល់បានពេញលេញវិញ។ ក្នុងនោះដែរ អ្នកដែលចាក់វ៉ាក់សាំងរួចរាល់ក៏នឹងទៅទីតាំងមជ្ឈមណ្ឌលចាស់ជរាបានវិញដែរ ដោយនៅមានតែបម្រាមតិចតួចប៉ុណ្ណោះដែលត្រូវបន្តអនុវត្ត។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងបណ្តាប្រជុំជនធំៗជុំវិញទីក្រុងសេអ៊ូល ទីតាំងសាសនានានាត្រូវបានដាក់កម្រិតហាមឃាត់មិនឱ្យមានការជួបជុំគ្នាលើសពីចំនួន ២០% នៃទំហំដែលទីតាំងទាំងមូលអាចទទួលមនុស្សបាននោះទេ ខណៈទីតាំងសាសនានៅតំបន់ដទៃទៀតទូទាំងប្រទេស ត្រូវកម្រិតមិនឱ្យលើសពីចំនួន ៣០% នៃទំហំដែលទីតាំងទាំងមូលអាចទទួលមនុស្សបាន។

វិធានការលើកលែងថ្មីនេះ ត្រូវបានគេមើលឃើញថាជាការលើកទឹកចិត្តថ្មីមួយទៀតសម្រាប់បណ្តាអ្នកដែលបានចូលរួមកម្មវិធីចាក់វ៉ាក់សាំងជំងឺកូវីដ-១៩នេះ ហើយក៏នឹងជាវិធានការក្នុងការជំរុញឱ្យប្រជាជនចូលរួមចាក់វ៉ាក់សាំងឱ្យបានកាន់តែទូលំទូលាយនាពេលខាងមុខផងដែរ។

លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ក្នុងឱកាសនៃកិច្ចប្រជុំនោះ ក៏បានលើកឡើងផងដែរថាអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងគ្រោងនឹងធ្វើការកែប្រែវិធានការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ជាថ្មី នៅក្នុងអំឡុងខែកញ្ញាខាងមុខ ជាពេលដែលរដ្ឋាភិបាលគ្រោងថានឹងចាក់វ៉ាក់សាំងដូសទី១ជូនប្រជាជននៅក្នុងប្រទេសកូរ៉េខាងត្បូងបានដល់ ៧០% រួចហើយនោះ។

One thought on “ចាប់ពីខែកក្កដា អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១នៅកូរ៉េខាងត្បូង មិនបាច់ពាក់ម៉ាស់ពេលចេញទៅក្រៅទៀតទេ រួមនឹងមានការលើកលែងមួយចំនួនទៀត

Leave a Reply

Your email address will not be published. Required fields are marked *